បទ​យកការណ៍​៖​ កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ស្វាយរៀង​គ្មាន​ផ្លូវ​ល្អ​ធ្វើ​ដំណើរ

លោក កែវ សារឿន តំណាងសហគមន៍អំបិល (រូបថត៖ ឃុត សុគន្ធ)

ពេលដែលរដូវស្សាចូលមកដល់ពលរដ្ឋនៅឃុំមួយក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានបង្ហាញក្តីកង្វល់ និងគិតដល់បញ្ហាលំបាកផ្សេងៗ  ខណៈផ្លូវលំមួយខ្សែក្នុងសហគមន៍របស់ពួកគាត់មិនត្រូវបាន អាជ្ញាធរថ្នាក់មូលដ្ឋានរួសរាន់ធ្វើការអភិវឌ្ឍ។

កំពុងអង្គុយពិភាក្សាគ្នាក្រោមផ្ទះជាមួយពលរដ្ឋផ្សេងទៀតជុំវិញបញ្ហាផ្លូវលំបាកនេះ អ្នកស្រី ស៊ុន ផល្លា រៀបរាប់ថា ផ្លូវលំមួយខ្សែមានប្រវែងប្រមាណ១គីឡូម៉ែត្រស្ថិតក្នុងភូមិត្រពាំងប្រិយ ឃុំអំពិល មិនត្រូវបានអាជ្ញាធរឃុំយកចិត្តទុកដាក់ក្នុងការសាងសង់នោះទេ ខណៈផ្លូវលំនៅឃុំផ្សេងៗទៀតគាត់សង្កេតឃើញថា មានការអភិវឌ្ឍច្រើនក្នុងអណត្តិនេះ។

ផ្លូវវាពិបាកហើយដល់ពេលខែវស្សាទាល់តែឆ្លងទូកបានធ្វើដំណើរបាន បើខែប្រាំងវាក៏ពិបាកដែរព្រោះវាមានកន្លុកដោយឡានបើកទៅមក

អ្នកស្រី ស៊ុន ផល្លា ពលរដ្ឋនៅឃុំមួយក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

បើទោះបីជានៅរដូវប្រាំងយើងមើលឃើញថា ផ្លូវលំនោះហាក់មិនមានបញ្ហាសម្រាប់ការធ្វើដំណើរឆ្លងកាត់ក៏ដោយ ប៉ុន្តែអ្នកភូមិអះអាងថា នៅរដូវវស្សាវិញ ផ្លូវនេះត្រូវទឹកជន់លិចកម្ពស់ប្រហែលកន្លះម៉ែតដែលតម្រូវឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ត្រូវប្រើប្រាស់ទូកជំនួស។

អង្គុយក្បែរគ្នាអ្នកភូមិម្នាក់ទៀត អ្នកស្រី អ៊ុក ពៅ និយាយថា ការប្រើប្រាស់ទូកជំនួសសម្រាប់ការធ្វើដំណើរឆ្លងកាត់នោះ គឺបានបង្កផលបាកជាខ្លាំង ជាពិសេសការដឹកទំនិញចេញចូល និងកូនក្មេងតូចៗមិនអាចធ្វើដំណើរទៅសាលារៀនបានដោយខ្លួនដូចនៅរដូវប្រាំង។

បើយើងជិះទូកវាពិបាក វាយូរ អស់លុយច្រើនចំណាយលើការជិះទូកទៀត បើយើងមានផ្លូវល្អទៅឆាប់ដល់ផ្សារ ហើយក្មេងទៅសាលាក៏ឆាប់ដល់សាលា ដល់ពេលជិះទូកអញ្ចឹងយើងបារម្ភខ្លាចលិចទូកដល់អញ្ចឹងយើងត្រូវចំណាយមនុស្សជូន និងទៅយកពីសាលាមកវិញ

អ្នកភូមិម្នាក់ទៀត អ្នកស្រី អ៊ុក ពៅ ពលរដ្ឋនៅឃុំមួយក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

ស្រ្តីវ័យជាង៥០ឆ្នាំរូបនេះឲ្យដឹងថា ផ្លូវលំមួយខ្សែនោះត្រូវបានទឹកជន់លិចតាំងពីយូរណាស់មកហើយ និងថាកន្លងមកធ្លាប់កូនអ្នកភូមិ និងអ្នកធ្វើដំណើរបានលង់ទឹកនៅលើកំណាត់ផ្លូវនេះដែរ។

ខ្ញុំសូមអំពាវនាវទៅដល់អង្គការឲ្យជួយថ្នល់ ដើម្បីកូនសិស្សសាលា មនុស្សចាស់ទៅបុណ្យ ទាន ទៅផ្សារបានស្រួលទាំងអស់គ្នា ខែបុណ្យខែទានអីវាពិបាក

អ្នកស្រី អ៊ុក ពៅ ពលរដ្ឋនៅឃុំមួយក្នុងស្រុករមាសហែក ខេត្តស្វាយរៀង

ចាស់ព្រឹទ្ធាចារ្យក្នុងឃុំអំបិលលោក កែវ សារឿន មានប្រសាសន៍ថា មានពលរដ្ឋចំនួនពីរភូមិ គឺភូមិត្រពាំងប្រិយ និងភូមិត្បែង ដែលធ្វើដំណើរឆ្លងកាត់ផ្លូវនេះប្រជាប្រចាំ ហើយលោកថា នៅរដូវទឹកលិចពលរដ្ឋត្រូវចំណាយប្រាក់៥០០រៀល ក្នុងមួយម្នាក់ ម៉ូតូ២៥០០រៀលដើម្បីបង់ថ្លៃទៅឲ្យទូកដរ ខណៈអីវ៉ានផ្សេងៗគិតតម្លៃផ្សេងទៀត។

លោកបន្តថា ជុំវិញបញ្ហាផ្លូវលំបាកដោយសារទឹកលិចនៅរដូវស្សានេះ អ្នកភូមិបានដាក់សំណើទៅអាជ្ញាធរឃុំឲ្យជួយដោះស្រាយជាច្រើនដងហើយ ប៉ុន្តែអាជ្ញាធរបានត្រឹមសន្យាដោះស្រាយប៉ុណ្ណោះ។

ពេលឃុំចុះមកប្រជុំក្នុងភូមិប្រជាពលរដ្ឋតែងតែស្នើ ប៉ុន្តែស្នើទៅបាត់ៗមិនឃើញចេញជាលទ្ធផលអ្វីផង។ កាលណោះពលរដ្ឋឲ្យឃុំហ្នឹងឲ្យដោះស្រាយផលប៉ះពាល់ កុំឲ្យទឹកលិច កុំឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ សិស្សទៅសាលារៀនពិបាក តែគាត់ថាចាំមើលដោះស្រាយៗ ដឹងបានអង្កាល់ បើប៉ុន្មានឆ្នាំហើយមិនឃើញធ្វើផង

ចាស់ព្រឹទ្ធាចារ្យក្នុងឃុំអំបិលលោក កែវ សារឿន

មេឃុំអំពិលលោក ជា សារ៉ន បានទទួលស្គាល់ថា ផ្លូវនោះពិតជាត្រូវបានទឹកលិចនៅរដូវវស្សា និងបានបង្កផលលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរមែន ប៉ុន្តែលោកថា ឃុំមិនបានព្រងើយកន្តើយក្នុងការយកចិត្តទុកដាក់ដោះស្រាយនោះទេ ដោយថា កន្លងមកអាជ្ញាធរបានជួសជុលជាបណ្តើរៗរួចមកហើយ។

មេឃុំបេក្ខភាពមកពីគណបក្សប្រជាកម្ពុជា ដែលបានជាប់ឆ្នោតក្នុងអាណត្តិជាបន្តបន្ទាប់រូបនេះ និយាយថា ការពន្យារពេលសាងសង់ផ្លូវនោះ ដោយសារថវិកាដែលរដ្ឋាភិបាលផ្តល់ឲ្យសម្រាប់ផែនការអភិវឌ្ឍន៍ឃុំសង្កាត់មានចំនួនតិចតួចពេក ដែលតម្រូវឲ្យឃុំសម្រេចយកថវិកានោះទៅអភិវឌ្ឍគម្រោងណាអទិភាពមុន។

ផ្លូវហ្នឹងមិនមានគម្រោងឲ្យមូលនិធីឃុំសម្រាប់ជួសជុលនៅឡើយទេ ដោយយើងផ្អែកថា ផ្លូវនោះវាលិចតែមួយពេលៗពេលមានទឹកជំនន់ តែសម្រាប់ឃុំនោះវាមានក្រឡុក វាសំបុកមាន់ វាទាក់ទងកូន សិស្សទៅរៀនច្រើន ទាក់ទងការផ្លាស់ប្តូរផលិតផល អញ្ចឹងដល់ពេលយើងធ្វើការពិចារណាក្នុងក្រុមប្រឹក្សាឃុំ យកអធិភាពធ្វើការអភិវឌ្ឍន៍កន្លែងណាដែលជិតសាលារៀន

មេឃុំអំពិលលោក ជា សារ៉ន

តែទោះយ៉ាងណាមេឃុំរូបនេះអះអាងថា ក្រុមប្រឹក្សាមានគម្រោងយកមូលនិធិឃុំទៅអភិវឌ្ឍផ្លូវនៅភូមិត្រពាំងប្រិយដែលកំពុងជួបការលំបាកនោះ នៅឆ្នាំ២០១៩ខាងមុខនេះហើយ។

អ្នកសម្របសម្រួលកម្មវិធីគណនេយ្យភាពរបស់អង្គការស្ដារកម្ពុជា ដែលកំពុងធ្វើការ​ជំរុញគណនេយ្យភាពសង្គម​ក្នុង​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង លោកស្រី ជា ជ័យសុវណ្ណា មាន​ប្រសាសន៍​ថា តាមការអង្កេត ផ្លូវលំមួយចំនួន​ក្នុង​ស្រុករមាស​ហែក ក្នុងនោះ​ក៏​មាន​ផ្លូវ​លំ​នៅឃុំអំពិល គឺមិនទាន់អភិវឌ្ឍន៍បានល្អសម្រាប់ឲ្យប្រជាធ្វើដំណើរ។

លោកស្រី ជំរុញទៅអាជ្ញាធរថ្នាក់មូលដ្ឋាន ត្រូវខិតខំដោះស្រាយរាល់ផលប៉ះពាល់នៃផ្លូវលំបាក់នេះជូនពលរដ្ឋឲ្យ បាន​ទាន់​ពេល​វេលា ដើម្បី​កុំឲ្យពលរដ្ឋអន់ចិត្ត និងអស់ជំនឿលើការដឹកនាំ។

ជុំវិញផ្លូវលំបាកនេះ អ្នកភូមិបានអំពាវនាវសុំទៅអាជ្ញាធរ និង អង្គការដៃគូរអភិវឌ្ឍន៍នានា រួមទាំងសប្បុរសជន ជួយគាំទ្រ និង​ជួយ​​កសាងផ្លូវនេះ ឲ្យពលរដ្ឋធ្វើដំណើរបានស្រួលផងដែរ។

នៅក្នុងឃុំអំពិល មានចំនួន២២ភូមិ និងមានប្រជាជនសរុប១៤ ៤៤០នាក់ ដែលភាគច្រើនពលរដ្ឋនៅទីនោះ ជាកសិករ ហើយ​ពលរដ្ឋ​ទាំងនោះ បានអំពាវនាវសុំទៅរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និង អង្គការក្រៅរដ្ឋាភិបាល នានា​ជួយ​កសាង​ផ្លូវ​លំមួយ​ខ្សែរ​នេះ ដើម្បី​សម្រួល​ដល់ការធ្វើដំណើររបស់អ្នកភូមិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ