រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បានអះអាងថា ចិនបានប្រកាសផ្ដល់ជំនួយឥតសំណងជាង ១៣១លានដុល្លារដល់វិស័យយោធាកម្ពុជា និងប្ដេជ្ញារៀបចំសមយុទ្ធយោធារួមបន្តទៀតនៅឆ្នាំក្រោយនេះ។
ប្រមុខការពារជាតិកម្ពុជារូបនេះ បានប្រកាសបែបនេះ បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិចិន លោក វៃ ហ្វេនហេ នៅទីស្តីការគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ។
រដ្ឋមន្ត្រីក្រសួងការពារចិន លោក វៃ ហ្វេនហេ មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមិថុនា តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
លោក ទៀ បាញ់ បានប្រាប់អ្នកសាព័ត៌មានក្រោយជំនួបជាមួយភាគីចិនកាលពីម្សិលមិញថា ចិនបានប្រកាសផ្តល់ជំនួយឥតសំណង ៨៤៥លានយ័ន ឬស្មើនឹងជាង ១៣១លានដុល្លារ ដល់វិស័យយោធាកម្ពុជា និងបានសន្យាបន្ដធ្វើសមយុទ្ធ«នាគមាស»រួមគ្នានៅឆ្នាំ២០១៩ខាងមុខនេះផងដែរ។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិន លោក វៃ ហ្វេនហេ មកកម្ពុជាលើកនេះ គឺមានគម្រោងចូលជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព និងបន្ទាប់មកជួប លោក ទៀ បាញ់ ដើម្បីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសទាំងពីរនៅទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសដដែលឲ្យដឹងទៀតថា លោក វៃ ហ្វេនហេ ក៏នឹងចូលរួមក្នុងពិធីបើកសម្ពោធពិព័រណ៍យោធារួមគ្នា កម្ពុជា-ចិន នៅកោះពេជ្រថ្ងៃស្អែកនេះផងដែរ៕