ផលប៉ះពាល់​កើតឡើង​ទោះមិនទាន់ដល់កំណត់ថ្ងៃទណ្ឌកម្មរវាងចិននិងអាមេរិក

រូបភាព៖ វេបសាយបរទេស

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើចិន​ដោយដំឡើងពន្ធចំនួន​២៥% លើទំនិញជាង៨០០ប្រភេទដែលមានទឹកប្រាក់ប្រមាណ​៥០ប៊ីលានដុល្លារ។ មូលហេតុនៃការដាក់ទណ្ឌកម្ម​នេះ ដោយ​សារអាមេរិក​ចោទថា ចិនគឺជាចោរលួចកម្មសិទ្ធិបញ្ញា ឬ លួចចម្លងម៉ាកផលិតផលរបស់អាមេរិក។ ទណ្ឌកម្មនេះចាប់ផ្តើម​អនុវត្តពីថ្ងៃទី៦ខែកក្កដា។​

ជាការសងសឹកភ្លាមៗចិន​បានប្រកាសដាក់ទណ្ឌកម្មលើសហរដ្ឋអាមេរិកវិញ ក្នុងការដំឡើងពន្ធលើទំនិញចំនួន​៦៥៩ប្រភេទ ដែលមានទឹកប្រាក់៥០ប៊ីលានដុល្លារដែរ។  កាលបរិច្ឆេទនៃការអនុវត្តទណ្ឌកម្មនេះ​ក៏ចាប់ផ្តើម​នៅថ្ងៃទី៦ខែកក្កដាដែរ។​

សហរដ្ឋអាមេរិកបានព្រមានទៀតថា បើចិនហ៊ានធ្វើសកម្មភាពសងសឹកនោះ អាមេរិកអាចនឹងដាក់ទណ្ឌកម្មលើប្រភេទទំនិញផ្សេងៗដែលមានទំហំទឹកប្រាក់ប្រមាណ​១៦ប៊ីលានដុល្លារបន្ថែមទៀត។​

សមាគមឧស្សាហកម្មផលិតផលពាក់កណ្តាលសម្រេច ដែលតំណាងឲ្យក្រុមហ៊ុនធំៗផលិតគ្រឿងបន្លាស់ដូចជា ក្រុមហ៊ុន​Intelនិង Qualcomm បានថ្លែងថា ពេលនេះពួកគេកំពុងតែស្វែងរកការអន្តរាគមន៍ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកពិចារណាឡើងវិញ ចំពោះការដំឡើងពន្ធសម្ភារកុំព្យួទ័រដែលនាំចូលពីចិន។​

ចំណែក្រុមហ៊ុន​ចិន ​ZTE ផលិតឧបករណ៍ទូរសព្ទនិងទូរគមនាគមន៍ផ្សេងៗទៀត ដែលក្រុមហ៊ុននេះមានការសហការពីក្រុមហ៊ុនអាមេរិកនោះថ្មីៗនេះ មានការហាមនាំទំនិញចូលអាមេរិក ខណៈកិច្ចព្រមព្រៀងសហការគ្នានៅតែមាន ដែលបញ្ហានេះត្រូវប្រឈមដោះស្រាយតាមបញ្ហាផ្លូវច្បាប់។​

រូបសញ្ញារបស់ក្រុមហ៊ុន ZTE Corp របស់ប្រទេសចិន នៅលើអគារមួយនៅក្នុងទីក្រុង ណានជីង ខេត្ត ជាំងស៊ូ ប្រទេសចិននៅថ្ងៃទី 19 ខែមេសាឆ្នាំ 2018 (រូបភាព៖ AFP)

មូលហេតុដែលអាមេរិកហាមឃាត់ក្រុមហ៊ុន​ZTEមិនឲ្យ​នាំទំនិញ​ចូលអាមេរិក​ដោយលើកហេតុផលថា ដោយសារឧបករណ៍ទាំងនោះមានការគំរាមកំហែងដល់សន្តិសុខ។​

សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី១ ហើយចិនមានសេដ្ឋកិច្ចរីកចម្រើនលំដាប់លេខ២នៅលើពិភពលោក។ ប៉ុន្តែទំនាក់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរគឺ អាមេរិក​នាំទំនិញទៅចិន​តិចជាងការនាំចូល។

របាយការណ៍របស់ការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០១៧បង្ហាញថា អាមេរិក​នាំទំនិញលក់ឲ្យចិនមានតែ១៨៧ប៊ីលានដុល្លារ ប៉ុន្តែនាំចូលពីចិន​មានទំហំទឹកប្រាក់រហូតដល់៥២៤ប៊ីលានដុល្លារ។​

ដោយសារប្រទេសទាំងពីរមានទំហំសេដ្ឋកិច្ចធំ ហើយមានដៃគូពាណិជ្ជកម្មច្រើននៅលើពិភពលោក ដូច្នេះការប៉ះពាល់នេះ មិនមែនតែប្រទេសទាំងពីរនោះទេគឺ បណ្តាប្រទេសដែលពាក់ព័ន្ធផ្សេងទៀតក៏អាចមុខខ្លាំងដែរចំពោះសង្គ្រាម​ពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរនេះ។​

បើទោះជាកាលបរិច្ឆេទនៃការដាក់ទណ្ឌកម្មមិនទាន់ដល់ក៏ដោយ ដំណឹងនៃការប្រកាសនេះ ត្រូវសារព័ត៌មានអន្តរជាតិធំៗលើពិភពលោកចុះផ្សាយ ធ្វើឲ្យមានការចាប់អារម្មណ៍ច្រើន ហើយទីផ្សារភាគលើពិភពលោកក៏ចាប់ផ្តើម​ធ្លាក់ចុះដែរ។​

ទោះយ៉ាងណាមិនទាន់មានការសនិ្ឋដ្ឋានណាមួយ ចំពោះស្ថានភាពនៃការដាក់ទណ្ឌកម្មមកដល់នៅថ្ងៃទី៦ខែកក្កដាថា នឹងអាចមានអ្វីកើតឡើងនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ