ចិនពន្លឿនគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ជាមួយកម្ពុជា

លោក វៃ ហ្វេនហេ រដ្ឋមន្ត្រីការពារប្រទេសចិន និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញជាអធិបតីភាពពិធីសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន ថ្ងៃទី ១៩ មិថុនា ២០១៨

រដ្ឋាភិបាលកម្ពុជា-ចិន ប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាប្រទេសទាំងពីរបន្ថែមទៀត ខណៈភាគីចិនថា កំពុងពន្លឿនការតភ្ជាប់គោលនយោបាយថ្មីរបស់ខ្លួនជាមួយរដ្ឋាភិបាលកម្ពុជា។

ក្នុងពិធីតាំង«ពិព័រណ៍កិច្ចសហប្រតិបត្តិកាយោធាកម្ពុជា-ចិន» នៅរាជធានីភ្នំពេញព្រឹកនេះ រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន លោក វៃ ហ្វេនហេ (WEI FENGHE) ថ្លែងថា កម្ពុជា គឺជាដៃគូដ៏ជិតស្និតរបស់ប្រទេសកុម្មុយនីស្ដចិន រាប់ទាំងផ្នែកយោធា សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម សន្ដិសុខក្នុងតំបន់ និងនយោបាយ ស្របពេលដែលចិនកំពុងពន្លឿនការតភ្ជាប់គំនិតផ្ដួចផ្ដើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ជាមួយកម្ពុជា និងនៅតំបន់អាស៊ី។

ក្នុងអំឡុងពេល៦០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចិន និងកម្ពុជា កាន់តែមានភាពរឹងមាំ និងកាន់តែមានភាពរស់រវើក។ គំនិតអភិវឌ្ឍរបស់ប្រទេសទាំងពីរ ក៏មានភាពស្រដៀងគ្នា ជាពិសេសប៉ុន្មានឆ្នាំថ្មីៗនេះ យើងបានពន្លឿនការតភ្ជាប់ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយជាមួយយុទ្ធសាស្ដ្រចតុកោណរបស់ប្រទេសកម្ពុជា

រដ្ឋមន្ដ្រីក្រសួងការពារជាតិចិន លោក វៃ ហ្វេនហេ (WEI FENGHE)

ថ្លែងក្នុងធិពីនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានថ្លែងអំណរគុណដល់សមភាគីចិន ដែលលោកថា តែងជួយគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ និងផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

សាមគ្គីភាព និងភាតរភាពរវាងប្រជាជននៃប្រទេសទាំងពីរ កាន់តែមានភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ត្រូវបានពង្រឹង និងពង្រីក ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមក

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់

អ្នកជំនាញផ្នែកគោលនយោបាយ និងជាសាស្ដ្រាចារ្យជំនាញការទូត និងកិច្ចការពិភពលោកនៅមហាវិទ្យាល័យ Occidental នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក លោក អៀ សុផល ក្រើនរំលឹកឲ្យរដ្ឋាភិបាលកម្ពុជា ប្រយ័ត្នបញ្ហាបំណុល ដែលជំពាក់មហាអំណាចចិន ដោយថា បំណុលនោះមានដល់ទៅ ២០ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ លោកថា ចំនួននេះ គឺស្មើនឹងពាក់កណ្ដាលនៃបំណុលបរទេសសរុប។

លោក វៃ ហ្វេនហេ រដ្ឋមន្ត្រីការពារប្រទេសចិន និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញជាអធិបតីភាពពិធីសម្ពោធពិព័រណ៍យោធារួមគ្នាកម្ពុជា-ចិន ថ្ងៃទី ១៩ មិថុនា ២០១៨

ម្យ៉ាងវិញទៀត លោកថាទំនាក់ទំនងយោធារវាងកម្ពុជា និងចិន កាន់តែមានលក្ខណៈស្អិតរមួតឡើង បន្ទាប់ពីកម្ពុជា បានផ្អាកសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក និងអូស្ដ្រាលី នៅមុនការបោះឆ្នោតថា្នក់ជាតិខែកក្កដាខាងមុខ។

រដ្ឋមន្ដ្រីក្រសួងការពារចិន លោក វៃ ហ្វេនហេ កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន មកបំពេញទស្សនៈកិច្ច រយៈពេល៥ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០មិថុនា តាមការអញ្ជើញរបស់កម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក វៃ ហ្វេនហេ ក៏នឹងជួបប្រមុខរដ្ឋាភិបាលកម្ពុជា លោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ។

កាលពីឆ្នាំ២០១៦ រដ្ឋាភិបាលចិនបានដាក់ចេញនូវគោលនយោបាយ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» ឡើង ដោយថា ដើម្បីតភ្ជាប់ទំនាក់ទំនង និងសំឡឹងមើលពីអនាគតដ៏ភ្លឺស្វាងនៅក្នុងតំបន់។ ប៉ុន្ដែ អ្នកស្រាវជ្រាវអន្ដរជាតិក៏រិះគន់ថា ចិនកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ