អតីតបុគ្គលិកស្ថានទូតអាមេរិកតវ៉ាទាមទារប្រាក់អត្ថប្រយោជន៍ ក្រោយបញ្ឈប់ពីការងារ

បុគ្គលិកដែលស្ថានទូតអាមេរិកបញ្ឈប់ពីការងារ មកតវ៉ានាព្រឹកថ្ងៃទី ១៩ មិថុនា ២០១៨ (រូបភាព៖ ណាត សុភាព)

អតីតបុគ្គលិក​ស្ថានទូតអាមេរិកជាង២០នាក់ប្រមូលផ្តុំនៅមុខ​ទូតទាមទារសំណង​ជំងឺចិត្តនិងប្រាក់អត្ថប្រយោជន៍ ដោយថាស្ថានទូ​តនេះបញ្ឈប់ពួកគេពីការងារ​ជាង៣ខែ ទាំងអយុត្តិធម៌ និង​មិនមានភស្តុតាងច្បាស់លាស់។​

ក្រុមអ្នក​តវ៉ាទាំងនោះបានឲ្យដឹងថា ពួកគេជាអតីតសន្តិសុខដែលត្រូវ​បាន​ស្ថានទូតអាមេរិកបញ្ឈប់ពីការងារដោយអយុត្តិធម៌ ដោយចោទប្រកាន់ថាពួកគេមើលរូបអាសអាភាសអនីតិជន ដែលគេចែក​រំលែកនៅក្នុង ​Messenger Group ​របស់ពួកគេ។

​លោក ឡុង សេងប៊ុនហុង ដែលអះអាងថា ធ្វើការងារនៅស្ថានទូតអាមេរិក១៩ឆ្នាំ​ បានរៀប​រាប់ថា ស្ថានទូតនេះ​បានបញ្ឈប់ពួកគេជាង៣០នាក់ ពីការងារអំឡុងខែមេសា ដោយចោទថា ពួកគេមើលរូបអាសអាភាសរបស់កុមារនៅក្នុង ​Messenger Group ប៉ុន្តែលោកថា ការចោទប្រកាន់នេះ​មិនមានភស្តុតាង​ច្បាស់លាស់ និងមានចេតនារៀប​ចំទុកជាមុន ដើម្បីបញ្ឈប់ពួកគេពីការងារដោយមិនផ្តល់សំណង និងប្រាក់អត្ថប្រយោជន៍តែប៉ុណ្ណោះ។

លោក ឡុង សេងប៊ុនហុង ឈរតវ៉ានៅមុខស្ថានទូតអាមរិក រឿងដែលបញ្ឈប់ពួកគាត់ដោយគ្មានភស្ដុតាង (រូបភាព៖ ណាត សុភាព)

លោករៀប​រាប់ដូចនេះថា៖«ការបញ្ឈប់នេះវាហាក់បីដូចជាអត់ច្បាស់ទាល់តែសោះ​។ រឿង​ដែលបញ្ឈប់ពួកយើង​ គឺហាក់បីដូចជាការ​រៀប​ចំ ការបញ្ឈប់គឺចោទប្រកាន់​ដូចៗគ្នាទាំងអស់ កំហុសទាំង៣២នាក់គឺដូចគ្នាទាំងអស់។»

កំពុងឈរតវ៉ានៅមុខ​ស្ថានទូតអាមេរិក លោក អ៊ីម រ៉ា បាននិយាយទាំងមិនអស់ចិត្តថា  ការចោទប្រកាន់របស់ស្ថានទូតនឹងបញ្ឈប់ពួកគេចេញពីការងារ ធ្វើឡើងដោយអយុត្តិធម៌ ដោយថាពួកគេមិនបានធ្វើខុស​ដូចការចោទប្រកាន់នោះទេ​។

យើងមក​ធ្វើនេះចង់បានឲ្យស្ថានទូតរកយុត្តិធម៌ឲ្យច្បាស់លាស់ ហើយ​ប្តូរពីពាក្យដែលថាបញ្ឈប់ពួកយើងមកជាពាក្យកាត់កំលាំងវិញ។ ហើយមួយទៀត យើងទាមទារប្រាក់សំណង៦ខែ ហើយនឹងប្តឹងសងជំងឺចិត្តដោយយកសម្ភារៈផ្ទាល់ខ្លួន​ដែលជា​របស់ឯកជនយកទៅឆែកឆេរ ហើយមានការ​គំរាមកំហែង​ពួកយើង​

អតីតបុគ្គលិកស្ថានទូតទាំងនោះ មានអះអាងប្រហាក់ប្រហែលគ្នាថា ក្រោយពី​ស្ថានទូតបញ្ឈប់ពីការងារ ធ្វើឲ្យ​ពួកគាត់ជួបញ្ហាប្រឈមក្នុងជីភាពគ្រួសារ ខណៈរង់ចាំដំណោះស្រាយ​ពីស្ថានទូត​អស់រយៈពេលជាង៣ខែកន្លងទៅនេះ។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក   David Josar បានឆ្លើយតបតាមរយៈអ៊ីម៉ែលប្រាប់វីអូឌីនៅថ្ងៃនេះថា អាមេរិកគាំទ្រការធ្វើបាតុកម្មដោយសន្តិវិភាព ប៉ុន្តែលោកថាការធ្វើរឿងណាមួយដែលទាក់ទងនឹងរូបភាព​អាសអាភាសរបស់កុមារនិងការកេងប្រវ័ញលើកុមារវាជារឿងធ្ងន់ធ្ងរសម្រាប់អាមេរិក។ មន្រ្តីស្ថានទូតអាមេរិករូបនេះ បាន​បដិសេធមិនបកស្រាយទេជុំវិញការទាមទាររបស់​អតីតសន្តិសុខរបស់ស្ថានទូតដែលធ្វើកាលពីព្រឹកមិញនេះ ដោយលើកហេតុផល​ថា​ជាបញ្ហាផ្ទៃក្នុងបុគ្គលិក។​

ប្រធានគ្រប់គ្រងផ្នែក​អង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាមេរិកជាប្រទេសមហាអំណាច​ប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ករណីនេះ​លោកថា ស្ថានទូតអាមេរិកនឹងរកវិធីដោះស្រាយ​ជូនអតីតបុគ្គលិករបស់ខ្លួនប្រកបដោយយុត្តិធម៌។

លោកមានប្រសាសន៍ថា«ស្ថានទូតសហរដ្ឋអាមេរិកជាប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យមួយពេញលេញ។ ចឹងគេធ្វើអ្វីទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយនឹងការស្វែងរកដំណោះស្រាយ​ជាមួយគ្នាទៅវិញទៅមក​»។

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ពន្យល់តាមច្បាប់ការងារថា បើស្ថានទូតអាមេរិកបញ្ឈប់បុគ្គលិកខ្មែរដោយមិនមានភស្តុតាងច្បាស់លាស់ដូចក្រុមអ្នកតវ៉ាលើកឡើងមែន លោកថា មិនអាច​យកច្បាប់ការងាររបស់កម្ពុជា​មកអនុវត្តបាននោះទេ ករណីនេះត្រូវ​យកច្បាប់ការងារអាមេរិកមក​ដោះស្រាយ​វិញ។

គាត់ត្រូវ​តែដើរតាម​នីតិវិធីនៃការដោះស្រាយ​វិវាទរបស់អាមេរិក​ ដែលមានចែងនៅក្នុង​ច្បាប់ស្តីពីការងារ​អាមេរិក អត់អាច​ដើរតាម​នីតិវិធីនៃការដោះស្រាយ​វិវាទការងារដែលមានចែង​នៅក្នុងច្បាប់ការងាររបស់ខ្មែរ​ទេ ព្រោះមាត្រា​មួយគេចែងច្បាស់​ថាតើបុគ្គលិកណាខ្លះ មិនស្ថិតនៅក្រោម​ការអនុវត្ត​នៃច្បាប់ការងារស្រុកខ្មែរ​

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា

កាលពីខែមេសា​កន្លងទៅស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ឈប់បុគ្គលិកខ្លួនដែល​ជាជនជាតិខ្មែរ និងខ្មែរ-អាមេរិក ចំនួន៣២នាក់ ដោយចោទប្រកាន់ថាពួកគេបានចែកចាយ​រូបភាពអាសអាភាសកុមារនៅក្នុង​Facebook Messager Group របស់ពួកគេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ