ពលរដ្ឋ​ខេត្ត​កោះ​កុង​បន្ត​ឡើង​មក​តវ៉ា​នៅ​ក្រសួង​ដែន​ដីបន្ទាប់​ពី​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរខេត្ត

ពលរដ្ឋមកពីកោះកុង ឡើងមកតវ៉ានៅមុខក្រសួងដែនដី

ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លីមក​ពី​ខេត្ត​កោះ​កុង​ជាង​៥០នាក់​ តំណាង​ឲ្យ​២១០​គ្រួសារ​ បានឡើង​មកតវ៉ា​នៅ​ក្រសួង​ដែន​ដី​សាជា​ថ្មីបន្ទាប់​ពីអស់​ជំនឿ​លើ​ការ​ដោះស្រាយ​ថ្នាក់​ខេត្ត។

តំណាង​ពល​រដ្ឋ​ដែល​មក​តវ៉ាអ្ន​កស្រី សាំង​ ពុយ បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ពួកគេទាំង​២១០​គ្រួសារ​ដែល​បាន​រស់​នៅ និង​ធ្វើ​ចំការ​លើ​ដីជាង​៦ពាន់​ហិកតា ក្នុង​ឃុំភីមាស និង​ឃុំ​កោះ​ស្តេច ក្នុង​ស្រុកគីរី​សាគរ ខេត្ត​កោះ​កុង​ តាំង​ពី​ឆ្នាំ​១៩៨០មក​ដោយ​មាន​អាជ្ញា​ធរ​មូលដ្ឋាន​បញ្ជាក់​ត្រឹម​ត្រូវ តែ​នៅ​ឆ្នាំ​២០០៨ ត្រូវ​បាន​ក្រុម​ហ៊ុន Union Development របស់​ប្រទេស​ចិន​បាន​ចូល​មក​ឈូសឆាយ​ដី​ និង​កម្ទេច​ផល​ដំណាំ​របស់​ពួក​គេ​អស់​ ដោយ​ពុំ​ដឹង​មូល​ហេតុច្បាស់​លាស់។

អ្នក​ស្រី​បន្ត​ថា​ បន្ទាប់​ពី​មាន​ការ​ឈូសឆាយ​ពួកគេ​ក៏​បាន​ចេញ​តវ៉ា​ជា​បន្ត​បន្ទាប់ តែ​ពី​ថ្នាក់​ស្រុក ខេត្ត រហូត​មក​ដល់​ថ្នាក់​ជាតិ​រួម​មាន​ទាំង​សភាជាតិ​ផង​ដែរ​នៅ​តែ​គ្មាន​ដំណោះស្រាយ ទើប​តែ​នៅ​ខែ​មុន​មាន​ការ​ណែនាំ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ដែន​ដី​លោក ជា​សុផារ៉ា ឲ្យ​ត្រលប់​ទៅ​ខេត្ត​វិញ​ និង​មាន​ក្រុម​ការ​ងារ​បស់​ក្រសួង​ចុះ​ទៅ​ដោះស្រាយ​ជូន តែ​នៅ​តែ​គ្មាន​ដំណោះស្រាយដដែល​។

យើង​ជូន​ព័ត៌មាន​ទៅ​ខាង​អាជ្ញាធរ​ខេត្តក៏​មិន​អាច​រក​យុត្តិ​ធម៌​មិន​ទាន់​បាន ហើយ​១០​ឆ្នាំ​ហើយ​។ ចំការ​របស់​យើង​ប៉ុនហ្នឹង ១ឆ្នាំ​ៗ​យើង​អាច​ទទួលផល​១​ឆ្នាំ​ៗ​ បើ​គ្រាន់​តែ​បេះ​ដូង​លក់ ក៏​យើង​ចិញ្ចឹង​ជីវភាព​របស់​គ្រួសារ​យើង​បាន​ដែរ។ ចន្ទី ក៏​យើង​អាច​ចិញ្ចឹមបាន​ដែរ​តែ​ឥឡូវ​យើង​មិន​មាន​សិទ្ធ​ចូល​ទៅ​ក្នុង​ដី​យើ​ងផង​ ដល់​សុំ​អនុញ្ញាតពី​គេ​ហើយ​យើង​រស់​នៅ​មុន​ ហេតុ​អីបាន​គាត់​បិទ​សិទ្ធ​ប្រជា​ពល​រដ្ឋ​មិន​ឲ្យ​ចូល​ទៅរស់​ដី​ខ្លួន​ឯង កាល​ពី​មុន​យើង​រស់​នៅ​សោះមាន​ផ្ទះ​មាន​សំបែង​អី​ទាំង​អស់

តំណាង​ពល​រដ្ឋ​ដែល​មក​តវ៉ាអ្ន​កស្រី សាំង​ ពុយ

ពល​រដ្ឋ​ម្នាក់​ទៀត​អ្នក​ស្រី ឡាន់ យី មាន​ប្រសាសន៍​ថា​ចាប់​តាំង​ពី​ក្រុម​ហ៊ុន Union development របស់​ចិនចូល​មក​ប្រជា​ពល​រដ្ឋ​ជួប​ការ​លំ​បាក​ជា​ខ្លាំង​ដោយ​សារ​ខ្វះ​ចំណូល​ចិញ្ចឹម​គ្រួសារ ត្រូវធ្វើ​ចំណាកស្រុក​ និងទៅ​រស់​នៅ​ក្នុង​ខេត្ត​ផ្សេង​ជា​ដើម។

ខំតស៊ូ​ស៊ី​អត់​ស៊ី​ឃ្លាន​​ ខំ​ដាំ​ដំណាំ​តែ​ដល់​ពេល​បាន​ផល​គឺ​ចូល​អត់​បាន​ហ្មង! នេះ​ជា​សង្គម​អី​ធ្វើ​បាប​ប្រជា​ជនតែ​ម្តង

ពល​រដ្ឋ​ម្នាក់​ទៀត​អ្នក​ស្រី ឡាន់ យី

រហូតមកដល់រសៀលម៉ោង៥នេះ ប្រជាពលរដ្ឋទាំងនោះនៅតែបន្តការតវ៉ានៅក្បែរក្រសួងដែនដីនៅឡើយ ដោយរង់ចាំដំណោះស្រាយពីអាជ្ញាធរ។

ទោះ​ជា​យ៉ាង​ណា​បើតាម​ប្រជា​ពល​រដ្ឋ​ដែល​ឡើង​មក​តវ៉ាឲ្យ​ដឹងថានៅ​ថ្ងៃ​នេះ អគ្គនាយក​នៃអគ្គនាយកដ្ឋានរដ្ឋបាល​លោក​ សេង​ ឡូត​ បាន​មក​ទទួល​ជួប​ និង​បាន​ជម្រាប​ឲ្យ​ប្រជា​ពល​រដ្ឋឡើង​ទៅ​តវ៉ា​នៅ​ក្រសួង​បរិស្ថាន​វិញដោយ​សារ​ករណី​របស់​ពល​រដ្ឋ​នេះ​គឺ​មិន​មែន​ជា​សមត្ថកិច្ច​របស់ក្រសួង​ដែន​ដី​នោះ​ទេ។

​កាល​ពីថ្ងៃ​ទី​ ១៣ខែមិថុនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បានបញ្ជា​រទៅ​កាន់​រដ្ឋបាល​ខេត្តនានា​ ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​រក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ឬការតវ៉ា​ទាម​ទារ​នានា​របស់ប្រជាពលរដ្ឋ ដោយថា ដើម្បីបញ្ចៀសនូវអំពើហិង្សាផ្សេងៗ ខណៈ ប៉ុន្មានខែចុងក្រោយនេះក្រុមពលរដ្ឋ​មានជម្លោះដីធ្លីបន្ត​ឡើងមកតវ៉ានៅរាជធានីភ្នំពេញជា​បន្ត​បន្ទាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ