វិភាគ៖ តើ​ទណ្ឌកម្ម​អាមេរិក​លើ​មេ​អង្គរក្ស​លោក ហ៊ុន សែន ​មាន​វិសាលភាព​កម្រិត​ណា?

លោក​នាយ​ឧត្តម​សេនីយ៍ ហីង ប៊ុនហៀង ចាប់​ដៃ​ជូនដំណើរ​លោក ​ហ៊ុន សែន មុន​ពេល​លោក ​ហ៊ុន សែន ឡើង​យន្តហោះ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​ថៃ នា​រសៀល​ថ្ងៃ​ទី១៤ ខែមិថុនា​ ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន​សែន)

ទីបំផុត​ទៅ អាមេរិកមិនមែន​គ្រាន់​តែ​បាន​ត្រឹម​ស្រែក​គំរាម​ទណ្ឌកម្ម​នោះ​ទេ ប៉ុន្តែ រដ្ឋបាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​សម្រេច​​ដាក់​ទណ្ឌកម្ម​មក​លើ​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​កម្ពុជា បន្ទាប់​ពី​បាន​ព្រមាន​ជា​បន្ត​បន្ទាប់​ជុំ​វិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រសួង​រតនាគារ​អាមេរិក បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​នេះ ដោយ​បាន​សម្រេច​ដាក់​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ក្នុង​បញ្ជី​ហាម​ឃាត់ ឬ​ហៅ​សាមញ្ញ​ថា បញ្ជី​ខ្មៅ។

រដ្ឋបាល​អាមេរិក​បាន​សម្រេច​បែប​នេះ ដោយ​ចោទ​មន្ត្រី​យោធា​កម្ពុជា​ជាន់​ខ្ពស់​រូប​នេះថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ជា​ប្រតិកម្ម​តប​ទៅ​វិញ រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថ្កោល​ទោស​ចំពោះ​សេចក្ដី​សម្រេច​បែប​នេះ​របស់​រដ្ឋបាល​អាមេរិក ដោយ​ថា អាមេរិក​បាន​ចោទ​ប្រកាន់​ទាំង​គ្មាន​មូលដ្ឋាន​ទៅ​លើ​លោក ហ៊ីង ប៊ុនហៀង និង​ថា អាមេរិក​បាន​បំពាន​លើ​អធិបតេយ្យភាព​កម្ពុជា​ផង​ដែរ។

ចំណែក​ឯសាមី​ខ្លួន​នាយ​ឧត្ដមសេនីយ៍​ ហ៊ីង ប៊ុនហៀង ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ផង​ដែរ ដោយ​ថា លោក​គ្មាន​ទ្រព្យ​សម្បត្តិ​រក្សា​ទុក​នៅ​អាមេរិក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ថែម​ទាំង​ជំរុញ​ទៅ​អាមេរិក​ឲ្យ​ពន្លឿន​វិធានការ​បង្កក​ទ្រព្យ​នេះ​ទៀត​ផង ប្រសិន​បើ​រក​ឃើញ​ថា លោក​មាន​ទ្រព្យ​សម្បត្តិ​នៅ​ទីនោះ។

ចំណុច​នេះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទសួរ​ថា តើ​វិធានការ​អាមេរិក​បង្កក​ទ្រព្យ​សម្បត្តិ​លើ​លោក ហ៊ីង ប៊ុនហៀង មាន​វិសាលភាព​កម្រិត​ណា?

លោក​នាយ​ឧត្តម​សេនីយ៍ ហីង ប៊ុនហៀង ទទួលលោក ​ហ៊ុន សែន ត្រលប់មកពីចូលរួមកិច្ច​ប្រជុំ​នៅ​ប្រទេស​ថៃ ថ្ងៃ​ទី១៦ ខែមិថុនា​ ២០១៨ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន​សែន)

តាម​ការ​ពិត​ទៅ អាមេរិក​បាន​សម្រេច​ចាត់​វិធានការ​លើ​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា ផ្អែក​ទៅ​តាម​ច្បាប់​​សិទ្ធិ​មនុស្ស​សកល ឬ​ភាសា​អង់គ្លេស​ហៅ​ថា Global Magnitsky Human Rights Accountability Act ឬ​ហៅ​យ៉ាង​ខ្លី​ថា ច្បាប់ Magnitsky។ ច្បាប់​ Magnitsky កាល​ពី​ដំបូង​ឡើយ​ មាន​វិសាលភាព​នៃ​ការ​អនុវត្ត​តែ​ទៅ​លើ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​រុស្ស៊ី ដែល​រដ្ឋបាល​អាមេរិក​ជំនាន់​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ចោទ​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ច្បាប់​នេះ ត្រូវ​បាន​ហៅ​បែប​នេះ​ទៅ​តាម​ឈ្មោះ​សវនករ​រុស្ស៊ី លោក Sergei Magnitsky ដែល​បាន​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង​មូស្គូ​កាល​ពី​ឆ្នាំ​២០០៩ បន្ទាប់​ពី​លោក​ត្រូវ​បាន​អាជ្ញាធរ​រុស្ស៊ី​ចាប់​ដាក់​ឃុំ​​ ក្រោយ​ពី​លោក​បាន​បើក​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អំពើ​ពុក​រលួយ​កិប​កេង​ពន្ធ​​ទំហំ ២៣០​លាន​ដុល្លារ​ពី​សំណាក់​ក្រុម​មន្ត្រី​ពន្ធដារ​រុស្ស៊ី។

ចាប់​តាំង​ពី​ច្បាប់​នេះ​ចាប់​កំណើត និង​ក្រោយ​ពី​ច្បាប់​នេះ​ត្រូវ​បង្កើន​វិសាលភាព​ទូទាំង​ពិភព​លោក​មក មេដឹកនាំ និង​បុគ្គល​ជាន់​ខ្ពស់​ចំនួន ៥៩​រូប​ហើយ ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​នេះ​ ទៅ​តាម​បទ​បញ្ជា​របស់​មេដឹកនាំ​អាមេរិក។ នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង និង​សមាជិក​ព្រឹទ្ធ​សភា​​ដូមីនីកា លោក Felix Ramon គឺ​ជា​បុគ្គល​ពីរ​រូប​ថ្មី​បំផុត ដែល​ត្រូវ​បាន​អាមេរិក​ដាក់​បញ្ចូល​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​នេះ។

ច្បាប់​នេះ​បាន​សម្រេច​ដាក់​ចេញ​នូវ​ទណ្ឌកម្ម ២​ចំណុច គឺ​ការ​ហាម​ឃាត់​ជាន់​ទឹក​ដី​អាមេរិក និង​វិធានការ​បង្កក​ទ្រព្យ​សម្បត្តិ​​របស់​បុគ្គល​ដែល​រដ្ឋាភិបាល​អាមេរិក​សម្រេច​ដាក់​​ទណ្ឌកម្ម។

ផ្អែក​តាម​ខ្លឹមសារ​នៃ​ច្បាប់​នេះ លោក ហ៊ីង ប៊ុនហៀង ត្រូវ​បាន​អាមេរិក​ហាម​ឃាត់​មិន​ឲ្យ​ជាន់​ទឹក​ដី​របស់​ខ្លួន​នោះ​ឡើយ ហើយ​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​រូប​នេះ ក៏​នឹង​ត្រូវ​បង្កក​ទុក​ផង​ដែរ។

ជាង​នេះ​ទៅ​ទៀត ច្បាប់​នេះ​ក៏​​បាន​ហាម​ឃាត់​ពលរដ្ឋ​អាមេរិក​ទាំង​អស់ មិន​ឲ្យ​​ធ្វើ​ជំនួញ​ជាមួយ​​បុគ្គល​ដែល​រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ផង​ដែរ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អាស៊ី Human Rights Watch បាន​បក​ស្រាយ​ពី​ប្រសិទ្ធភាព​នៃ​ច្បាប់​នេះ​ថា បុគ្គល​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​សម្រេច​ដាក់ទណ្ឌកម្ម​នោះ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​ចូល​ទៅ​ដក​ហូត​ទ្រព្យ​សម្បត្តិ​ពី​ធនាគារ​ជាច្រើន​ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​នោះ​ឡើយ។

អង្គការ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដដែល​នេះ បាន​បក​ស្រាយ​បន្ថែម​ថា ទាំង​ក្រុម​ហ៊ុន​អាមេរិក និង​ក្រុមហ៊ុន​អន្តរជាតិ​ដែល​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​អាមេរិក នឹង​ប្រឈម​មុខ​នឹង​ទណ្ឌកម្ម​​ពី​អាមេរិក ប្រសិន​បើ​រក​ឃើញ​ថា បាន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បុគ្គល​ជាប់​ទណ្ឌកម្ម​នោះ។

​បើ​ផ្អែម​តាម​ខ្លឹមសារ​នៃ​ច្បាប់​នេះ មាន​ន័យថា ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ជាប់​ទណ្ឌកម្ម ដែល​ដាក់​ផ្ញើ ផ្ទេរ ឬ​តម្កល់​​នៅ​តាម​បណ្ដា​ធនាគារ​នៅ​ឯ​បរទេស​ ឬ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​នឹង​​ត្រូវ​ហាម​ឃាត់​ផង​ដែរ ប្រសិន​បើ​ធនាគារ​​នោះ កាន់​កាប់​ដោយ​ម្ចាស់​បុគ្គល ឬ​ម្ចាស់​ភាគ​ហ៊ុន​អាមេរិក។

ដូច្នេះ បើ​ផ្អែក​តាម​ខ្លឹមសារ​នៃ​ច្បាប់​នេះ មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​ដែល​ជាប់​ទណ្ឌកម្ម នឹង​ទទួល​រង​ផល​ប៉ះ​ពាល់​ បើទោះបីជា​អះអាង​ថា គ្មាន​ទ្រព្យ​សម្បត្តិ​នៅ​លើ​ទឹក​អាមេរិក​ដោយ​ផ្ទាល់​ក៏​ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ