ហេតុអ្វី​បាន​ជា​អាមេរិក​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ ​?​

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley បានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយ (រូបភាព៖ independent.co.uk)

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសថាខ្លួននឹងចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានប្រកាសថាអាមេរិកនឹងដើរចេញពីក្រុមប្រឹក្សានេះ ដោយលើកហេតុផល​ថាអាមេរិកមិនអាចនៅជាសមាជិកក្រុមប្រឹក្សានេះបានទៀតទេ ព្រោះថា​ក្រុមប្រឹក្សានេះជាអង្គការដែលមានពុតត្បុត បម្រើតែផលប្រយោជន៍ខ្លួនឯង ដែលធ្វើឲ្យសកម្មភាពក្រុមប្រឹក្សានេះមើលទៅដូចជា​ការចំអកដល់សិទ្ធិមនុស្សនោះទៅវិញទេ។

ការចាកចេញរបស់សហរដ្ឋអាមេរិកពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមិនមែនជា​រឿងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះទេ។ តាំងពីចាប់បដិសន្ធិមកម្ល៉េះ អាមេរិក​មិនសូវអោយតម្លៃប៉ុន្មានទេទៅក្រុមប្រឹក្សានេះ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦​ ដើម្បីជំនួសគណៈកម្មការធិការសិទ្ធមនុស្សសហប្រជាជាតិ​។  រដ្ឋបាលរបស់លោក George W Bush នៅពេលនោះ បានបដិសេធចូលរួម​ក្នុង​ក្រុម​ប្រឹក្សានេះ ដោយចោទថាប្រទេស​ដែល​ជា​សមាជិកនៃក្រុមប្រឹក្សានេះមួយ​ចំនួន​ជា​ប្រទេស​ដែល​កំពុងរំលោភ​សិទ្ធិមនុស្ស។ ក្រៅពីសហរដ្ឋអាមេរិក ក្រុមឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន ក៏បាន​ទិតៀនក្រុមប្រឹក្សានេះដែរ ជាពិសេសនៅពេលដែល​ ចិន រុស្សុី អារ៉ាប់ប៊ីសាអ៊ូឌីត អាល់ហ្សេរី និង វៀតណាម​ជាប្រទេស​ដែល​មានការ​រំលោភសិទ្ធិមនុស្ស​ខ្លាំងត្រូវបានបោះឆ្នោតក្លាយជាសមាជិកក្រុមប្រឹក្សានេះនៅឆ្នាំ២០១៣។

​ទោះជាយ៉ាងណា ក៏សហរដ្ឋអាមេរិក បានសម្រេច​ចូលរួមជាមួយក្រុមប្រឹក្សានេះ​ នៅឆ្នាំ២០០៩ ក្នុងអាណត្តិប្រធានាធិបតី Barack Obama ។​

ប៉ុន្តែទោះបីជាខ្លួនចូលជាសមាជិកក្រុមប្រឹក្សាននេះក៏ដោយ សហរដ្ឋអាមេិកក៏នៅតែរិះគន់ក្រុមប្រឹក្សានេះថាធ្វើការលំអៀង។ ជាក់ស្ដែងកាលពីឆ្នាំ២០១៧កន្លងទៅ លោកស្រី Nikki Haley ឯកអគ្គរាជទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានរិះគន់ខ្លាំងៗទៅលើក្រុមប្រឹក្សានេះដែល​ចេញសេចក្តីសម្រេចប្រឆាំងនឹងអុីស្រាអែលថាបានរំលោភសិទ្ធិមនុស្ស ប៉ុន្តែក្រុមប្រឹក្សានេះបែរជាមិនបានចេញសេចក្តីសម្រេចណាមួយប្រឆាំង​ប្រទេសវេណេហ្ស៊ុអេឡាទៅវិញ។

ក្នុងសន្និសិទសារព័ត៌មាននៅក្រសួងការបរទេស​សហរដ្ឋអាមេរិកកាលពីម្សិលមិញនេះ អ្នកស្រី Nikki Haley ក៏បាន​លើកឡើងម្ដងទៀតពីវត្តមាននៃប្រទេស​មួយ​ចំនួនដែល​ជា​ប្រទេស​មានការ​រំលោភសិទ្ធិមនុស្ស​ ហើយនៅតែត្រូវបានបោះឆ្នោត​ឲ្យធ្វើជា​សមាជិកក្រុមប្រឹក្សានេះ។ នេះជារឿងដែលសហរដ្ឋ​អាេមរិក​តែងតែ​ជម្រុញឲ្យក្រុមប្រឹក្សានេះយកចិត្តទុកដាក់ ពោលគឺសហរដ្ឋអាមេិក​ចង់ឲ្យមានកំណែទម្រង់​លើលក្ខន្តិកក្នុងការ​ចូលរួមជាសមាជិកក្រុមប្រឹក្សានេះ​។

ម្យ៉ាងវិញទៀត​ការដើរចេញរបស់អាមេរិក ធ្វើឡើងស្របពេល​ដែល​ក្រុមប្រឹក្សា​លើកលែងតែអាមេរិក បានស្រុះស្រួលគ្នាចេញសេចក្តីសម្រេចថ្កោសទោសអុីស្រាអែល​ពីការធ្វើទុកបុកម្នេញទៅលើជនជាតិ​ប៉ាឡេស្ទីន​នាពេល​ថ្មីៗនេះ ដែល​អាមេរិក​ហៅថា​ជា​សេចក្តីសម្រេចមួយដែល​លំអៀងនិងមិនអាចទទួលយកបានចំពោះអុីស្រាអែលដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិចរបស់ខ្លួន។

ការសម្រេចដើរចេញរបស់អាមេរិកនៅពេលនេះ ក៏ធ្វើឡើងចំពេល​ដែល​សហគមន៍អន្តរជាតិ​ថ្កោលទោស​សហរដ្ឋ​អាមេរិក​ដែលកំពុង​តែ​រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅលើអ្នកដែល​លួចចូលទឹកដីអាមេរិក​ដោយខុសច្បាប់។ រយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ចេញនូវគោល​នយោបាយ​មួយដែល​បើកសិទ្ធិឲ្យមន្ត្រីព្រំដែន​ចាប់ខ្លួនអ្នកដែល​ចូលអាមេរិក​ដោយខុសច្បាប់។

អ្វីដែលអង្គការសិទ្ធិមនុស្សក៏ដូចជាសហគមន៍អន្តរជាតិរិះគន់​អាមេរិកនោះគឺដោយសារ​តែ​នៅពេល​ដែល​ចាប់ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ សហរដ្ឋអាមេរិកបានបំបែកក្រុមគ្រួសារពួកគេ ដោយ​ឃុំឃាំងឪពុកម្ដាយ​នៅកន្លែងមួយ ហើយកូនៗរបស់ពួកគេត្រូវបានយកទុកនៅមជ្ឈមណ្ឌលមួយ​ រងចាំឪពុកម្ដាយរបស់ពួកគេត្រូវអាមេរិកតុលាកា​រជម្រះក្តី។ ការបំបែកឪពុកម្ដាយនិងកូនចេញពីគ្នានេះត្រូវបានមជ្ឈដ្ឋានអន្តរជាតិថ្កោលទោសអាមេរិកយ៉ាងខ្លាំង ប៉ុន្តែសម្រាប់ លោក ត្រាំ វិធានការណ៍រនេះជាការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីកុំអោយមានការលួចចូលទឹកដីអាមេរិកដោយខុសច្បាប់ទៀតតែប៉ុណ្ណោះ។

ទោះបីជាបានប្រកាសថាខ្លួននឹងចាកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ​ក៏អាមេរិក នៅតែអះអាងនិង​​រក្សាជំហរថាខ្លួននឹងនៅតែជា​ប្រទេស​ដែល​ឈានមុខក្នុងការការពារសិទ្ធិមនុស្ស​ដដែល​។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានសមាជិក​៤៧ប្រទេស​ ដែលសមាជិកភាពរបស់ប្រទេសនីមួយៗ​មានអាណត្តិ៣ឆ្នាំ ហើយសមាជិកនីមួយៗត្រូវបាន​បោះឆ្នោតដោយមហាសន្និបាតអង្គការសហប្រជាជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ