របាយការណ៍​ថា សង្គម​ស៊ីវិល​រង​គំនាបពី​រដ្ឋាភិបាល​ ខណៈ​លោក ហ៊ុន សែន ព្យាយាម​រក្សា​អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ២៤៨គីឡូម៉ែត្រ ពីថ្នល់កែង ខេត្តកំពង់ចាម ដល់អង្រ្គង ខេត្តសៀមរាប (រូបភាព៖ FN)

របាយការណ៍​ថ្មី​បំផុត​មួយ បាន​បង្ហាញ​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ស្ថិត​នៅ​ក្រោម​គំនាប និង​ការ​បង្ក្រាប​នា​ពេល​សព្វថ្ងៃ​នេះ ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ព្យាយាម​រក្សា​អំណាច​របស់​លោក និង​បំផ្លាញ​យន្តការ​ប្រជាធិបតេយ្យ តាម​រយៈ​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ វាយ​ប្រហារ និង​រឹត​បន្តឹង​លើ​សង្គម​ស៊ីវិល និង​រំលាយ​បក្ស​ប្រឆាំង​ចោល។

​របាយការណ៍​កម្រាស់ ៣០​ទំព័រ ចេញ​ផ្សាយ​ដោយ​មជ្ឈ​មណ្ឌល​សម្រាប់​សិក្សា​ពី​យុទ្ធសាស្ត្រ​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីងតោន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បរិយាយ​ថា ស្ថានភាព​លំហរ​នយោបាយ សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះ​ឆ្នោត បន្ត​ស្ថិត​ក្នុង​ភាព​ងងឹត​​ដដែល។

របាយការណ៍​ដដែល​នេះ បាន​លើក​ឡើង​ទៀត​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ​ពី​រដ្ឋាភិបាល តាម​រយៈ​ការ​ប្រើ​ប្រាស់​យន្តការ​ច្បាប់ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ព្យាយាម​រក្សា​អំណាច​របស់​ពួកគេ។

របាយការណ៍​ដដែល​នេះ បាន​ផ្ដល់​អនុសាសន៍​ទៅ​សហគមន៍​អន្តរជាតិ ឲ្យ​ដាក់​ទណ្ឌកម្ម​ឲ្យ​បាន​ច្បាស់​លាស់ និង​ទាន់​ពេល​វេលា​ ដើម្បី​បញ្ចៀស​លទ្ធផល​មិន​ល្អ​​កើត​ឡើង​ទៅ​លើ​ប្រជាជន និង​សង្គម​ស៊ីវិល​កម្ពុជា។

របាយការណ៍​ដដែល​នេះ បាន​លើក​ឡើង​ថា ប្រសិន​បើ​សហគមន៍​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល មិន​ចាត់​វិធានការ​ណា​មួយ​នោះ​ទេ របប​ផ្ដាច់​ការ​មួយ​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ នឹង​កើត​ឡើង​នៅ​កម្ពុជា។

ប៉ុន្ដែ អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា ចាត់ទុករបាយការណ៍នេះថា មិនឆ្លុះបញ្ចាំងការពិត និងមាននិន្នាការនយោបាយ។

របាយការណ៍របស់ពួកគេ គេធ្វើក្នុងគោលដៅនយោបាយ អ្វីដែលគេឆ្លើយមក គឺគេមើលពីខាងក្រៅ គេមិនបានប្រើប្រាស់សិទ្ធិរបស់គេ និងសិក្សាឲ្យពិតប្រាកដពីគុណភាពប្រជាធិបតេយ្យនៅកម្ពុជាទេ។ មូលហេតុគេធ្វើរបាយការណ៍ គឺដើម្បីបន្លំមតិសាធារណជន

អ្នកនាំពាក្យគណបក្សប្រជាជន លោក សួស យ៉ារ៉ា

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី វិភាគថា រដ្ឋាភិបាលកម្ពុជា កំពុងតែឲ្យនិយមន័យប្រជាធិបតេយ្យ ខុសពីបណ្ដាប្រទេសលោកសេរី និងសហគមន៍អន្ដរជាតិ។

យ៉ាងណាក៏ដោយ លោកវិភាគថា រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច នឹងប្រឈមមុខនឹងការរិះគន់បន្ដបន្ទាប់បន្ថែមទៀត បើមិនអើពើនឹងក្ដីកង្វល់ទាំងនោះ។

រដ្ឋាភិបាលនៅតែអះអាងថា អ្វីខ្លួនកំពុងធ្វើជារឿងត្រឹមត្រូវ ហើយវាជាប្រជាធិបតេយ្យតាមបែបខ្មែរ។ បើស្ថានការណ៍នយោបាយ វាកាន់តែយ៉ាប់យឺនទៅដូចសព្វថ្ងៃនេះ រដ្ឋាភិបាលនឹងត្រូវរងការរិះគន់ និងឆ្លើយតបមិនលួសថ្ងៃទេ។ ហើយម្សិលមិញ ខាងនូវែលហ្សេឡង់ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអន្ដរជាតិ ក៏មានចេញសេចក្ដីប្រកាសថ្មីៗ

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី

សហគមន៍​អឺរ៉ុប ​សហរដ្ឋ​អាមេរិក និង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ សុទ្ធ​តែ​បាន​ថ្កោល​ទោសមក​លើ​ប្រទេស​កម្ពុជាជា​បន្ត​បន្ទាប់ ក្រោយ​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ពលរដ្ឋ​​គាំ​ទ្រ​ប្រហែល ៣​លាន​សំឡេង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក​នោះ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ឆ្នាំ​មុន ហើយ​មេដឹកនាំ​បក្ស​នេះ​លោក កឹម សុខា បន្ត​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្រោម​បទ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​ថា «ក្បត់​ជាតិ» ហើយ​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាងមុខ​នេះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ