នាយក​រដ្ឋ​មន្ត្រី​ជំរុញ​អាជ្ញា​ធរ​មីនពង្រឹង​សកម្ម​ភាព​បោស​សម្អាត​បន្ថែម​ទៀត

គ្រាប់មីន

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​ជំរុញ​ទៅ​កាន់​អាជ្ញាធរ​មីន​ឲ្យ​ពង្រឹង​សកម្ម​ភាពបន្ថែម​ទៀត​ក្នុង​ការ​បោស​សម្អាត​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដើម្បី​សម្រេច​បាន​ផែន​ការកម្ពុជា​គ្មាន​មីន​នៅ​ត្រឹម​ឆ្នាំ​២០២៥។

ក្នុង​សារាចរ​ស្តីពី​ការ​ពង្រឹង​បន្ថែម​លើ​ការ​ងារ​គ្រប់​គ្រង​វិស័យ​សកម្ម​ភាព​មីនចុះ​ថ្ងៃ​ទី​២០ មិថុនា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ណែ​នាំ​ដល់​ប្រតិបត្តិ​ការ​បោស​សម្អាត​មីនជាតិ​ និង​អន្តរជាតិ​ទាំងអស់ ត្រូវ​អនុវត្ត​ការ​ងារ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព គោរព​សហ​ការ និង​ផ្តល់​ព័ត៌មាន​​ជានិច្ចដល់​​អាជ្ញា​ធរ​មីន ជា​ពិសេស​អាជ្ញាធរ​មីនត្រូវ​បន្ត​ដឹក​នាំ​ការ​អនុវត្ត​ផែន​ការ​ឲ្យ​មាន​ប្រសិទ្ធិ​ភាពខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​ខាងមុខ។

លោក ហ៊ុន សែន បាន​ចេញ​សេចក្ដី​ណែនាំ​បែប​នេះ ចំ​ពេល​ដែល​​អគ្គ​នាយក​ស៊ី​ម៉ាក់ លោក ហេង រតនា បាន​ឲ្យ​ដឹង​តាម​ហ្វេស​បុក​របស់លោក​ថា កម្លាំង​ជំនាញ​ស៊ី​ម៉ាក់​បាន​រកឃើញ​រណ្តៅ​លាក់​គ្រាប់​សម័យ​សង្គ្រាមដែល​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​រយ​គ្រាប់​ ស្ថិត​នៅ​ក្នុង​ភូមិកោះថ្កូវ​ ឃុំកោះថ្កូវ​ ស្រុកជល់គីរី​ ខេត្តកំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​សេចក្តី​​ប្រកាស​​ព័ត៌មាន​​របស់​​សន្និបាត​ជាតិ​​វិស័យ​​សកម្ម​ភាព​​មីន​​កាល​ពី​​ថ្ងៃ​​ទី​​១៥​ ឧសភា​ ឆ្នាំ​​២០១៨​ អាជ្ញាធរ​​មីន​​បាន​​ឲ្យ​​ដឹង​​ថា​ ​រយៈ​​ពេល​​២៥​​ឆ្នាំ​​កន្លង​​មក​​នេះ​ កម្ពុជា​​បាន​​បោស​​សម្អាត​​គ្រាប់​​មីន​ និង​​កាកសំណល់​​សង្គ្រាម​​​បាន​ជិត​ ​៤​​លាន​​គ្រាប់​ លើ​​​ផ្ទៃ​​ដី​​ប្រមា​ណ​ ​​១៧០០​គីឡូ​ម៉ែត្រ​ការ៉េ​ នៅ​​សល់​​ជាង ​​២ ០០០​គីឡូ​ម៉ែត្រ​​ការ៉េ​​ទៀត​​ដែល​​នឹង​​ត្រូវ​​បោស​​សម្អាត​​ឲ្យ​​អស់​​នៅ​​ឆ្នាំ​​២០២៥​​ខាង​មុខ​​។

អា​ជ្ញា​ធរ​​មីន​​ក៏​​បាន​​ឲ្យ​​ដឹង​ផង​ដែរ​​ថា ​​គិត​​ត្រឹម​​ខែ​​ធ្នូ​ ឆ្នាំ​​២០១៧​ គ្រាប់​មីន​ និង​​គ្រាប់​​មិន​​ទាន់​​ផ្ទុះ​​បាន​​ធ្វើ​​ឲ្យ​​មនុស្ស​​ស្លាប់​​ ១៩ ៧៥៨​នាក់ និង​របួស ៣៥ ៩៤១​នាក់៕

រូបភាព៖ពិធីបើកសន្និបាតជាតិវិស័យសកម្មភាពមីន ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨
(អាជ្ញាធរមីន CMAA)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ