រដ្ឋា​ភិ​បាល​អំ​ពាវ​នាវ​ឲ្យ​អា​ជ្ញា​ធរ​ និង​សង្គមស៊ី​វិល​សហ​ការ​គ្នា​ឡើង​វិញជំរុញ​ការ​អភិវឌ្ឍ

លោក ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ថ្ងៃទី ២១ មិថុនា ២០១៨ (រូបភាព៖ វេបសាយក្រសួងមហាផ្ទៃ)

ក្រ​សួង​មហា​ផ្ទៃ ​អំពាវ​នាវ​ទៅអង្គ​កា​​រ​ស​​ង្គ​ម​ស៊ីវិ​ល​ និង​អាជ្ញាធ​រ​ ឲ្យ​សហ​ការ​គ្នា​ឡើង​វិញ​ ជំ​រុញ​ការ​អ​ភិ​វ​ឌ្ឍ​ប្រ​ទេ​ស​​តាម​បែប​​ប្រ​​​ជា​​ធិ​​​ប​តេ​យ្យ​ ខ​ណៈមា​នកា​រ​រិះ​​គ​ន់ថា​ រ​ប​ត់​ន​​យោ​បាយនៅកម្ពុជា​កំពុងដើរចេញពីគន្លងប្រជាធិបតេយ្យ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងវេទិកា​ស្តីពី​ភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលធ្វើ​ឡើង​នៅ​រា​​ជ​​ធា​​​​នី​ភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ បានថ្លែងហាក់ក្រើនរំឭកថា មួយរយៈចុងក្រោយនេះ អាជ្ញាធរ និងអង្គ​កា​​រស​ង្គ​ម​ស៊ី​វិល ហា​ក់​បា​ន​សាច​ទឹកដាក់គ្នា​ជុំ​វិញ​កិច្ចសហការជំរុញការអភិវឌ្ឍបែប​ប្រជាធិបតេយ្យ។

មន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងទៀតថា ក្រុមអង្គការសង្គមស៊ីវិល បានបង្ហាញការព្រួយបារម្ភថា សេរីភាពរបស់ពួកគេបានរួមតូច ដោយ​សារតែអាជ្ញាធរទប់ស្កាត់​សកម្មភាពស្របច្បាប់​របស់ពួកគេ ពេលធ្វើសកម្មភាពលើកកម្ពស់សិទ្ធិមនុស្ស និងបើក​វគ្គ​ប​ណ្តុះ​​​​​​​ប​​​ណ្តា​លធ​នធានមនុស្ស​នៅថ្នាក់មូលដ្ឋាន ដោយថា អាជ្ញាធរតម្រូវឲ្យសុំច្បាប់​មុ​នធ្វើ​សកម្ម​ភា​ព។

លោ​ក ស ខេង បន្តថា ចំណែកអាជ្ញាធរវិញ បានរាយការណ៍មកថា ការបង្ក្រាប និងទប់ស្កាត់​​សកម្មភាពរប​ស់ក្រុម​អង្គ​ការសមា​គម​ទាំង​នោះ ដោយសារតែពួកគេ​មិនបានសហការជាមួយអាជ្ញា​ធរមូលដ្ឋាន។

លោក ស ខេង អំពាវនា​វឲ្យអាជ្ញាធរ និងក្រុមអង្គការសង្គមស៊ីវិល គួរស្វែងរកដំណោះស្រាយ កាត់បន្ថយបញ្ហា ៥០ភាគរយម្នាក់ ដើម្បីបង្កើនកិច្ចសហការភាពជាដៃគូ ធានាដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកអង្គការសង្គមស៊ីវិលគឺជាដៃគូមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវ​ឌ្ឍជាតិនិង​លើ​ក​កម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោក ស ខេង បញ្ជាក់ផងដែរថា សមាគមនៅថ្នាក់មូលដ្ឋាន អាចធ្វើសកម្មភាពបាន ដោយមិនតម្រូវឲ្យពួក​គេមកចុះបញ្ជីនៅ​​ក្រសួ​ង​មហាផ្ទៃទេ ហើយថា រាល់​ការ​ធ្វើសកម្មភាព របស់សមាគម ឬអង្គការ ក៏មិនតម្រូវឲ្យសុំច្បាប់ដែរ ដោយថា គ្រា​ន់តែ​ជូនដំ​ណឹង​ ​៣ថ្ងៃមុនប៉ុណ្ណោះ។

នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លោក សឿង សារឿន តំណាងក្រុមអង្គការ​ដែល​បា​​ន​​​ចូល​រួមក្នុងវេទិកា ប្រាប់ VOD ថា ការក្រើនរំឭក​របស់មន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃនេះថា ជាសញ្ញា​វិជ្ជមានមួយ​ដ​ល់​អង្គ​ការសង្គមស៊ី​​វិលឡើងវិញ។

អ​ញ្ចឹ​​ង​សង្ឃឹមថា ក្រោយពីវេទិកាថ្ងៃនេះ និយាយអំពីភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិល អាចនឹង​មានកា​​រប្រែ​ប្រួល

នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) លោក សឿង សារឿន

សុន្ទរកថា​របស់ក្រុមអង្គការសង្គមស៊ីវិល លើកឡើងថា ១ឆ្នាំចុងក្រោយនេះ សង្គមស៊ីវិលបានទ​ទួល​រ​ង​​នូវក្តីព្រួយបា​រម្ភ​ចំពោះ​ការថ​យ​ចុះ​នៃ​​កិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការសម្របសម្រួ​លការអ​នុវត្ត​គម្រោ​ង​​រ​បស់អង្គការ ភ្ជាប់អង្គការស​ង្គ​មស៊ី​​​​វិល​ថា បានចូលរួមក្នុងចលនាបដិវត្តពណ៌ប្រឆាំងនឹងរដ្ឋាភិបាលជាដើម។

ប៉ុន្តែ លោក ស ខេង ឆ្លើយតបថា រដ្ឋាភិបាលមិនដែលប្តឹងអង្គកា​រសង្គមស៊ីវិលណាមួយ​​ថា បានចូលរួម​ធ្វើបដិវត្ត​ព​ណ៌​​នោះ​ទេ។

ទោះជាយ៉ាងណា ជម្លោះនយោបាយ ដែលឈានទៅចាប់ឃុំខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បណ្តេញអង្គការ NDI របស់អាមេរិក​ចេញពីកម្ពុជា ធ្វើច្បាប់រំលាយគណបក្សប្រឆាំង កម្រិតសិទ្ធិអង្គការសង្គមស៊ីវិល និង​បិ​​ទ​​ប្រ​ព័ន្ធផ្សព្វផ្សាយ​ឯ​ក​រា​ជ្យ​ជាដើម ជំរុញ​ឲ្យ​ប្រទេ​ស​​លោ​ក​សេរីចេញសេចក្តីថ្លែងការណ៍​ជាបន្តបន្ទាប់ គំរាមផ្តាច់ទំនាក់​ទំន​ង​ផ្នែ​​​កពា​ណិជ្ជកម្ម​ និង​ឈ​ប់ផ្តល់​ជំនួយ បើរដ្ឋា​ភិបាលកម្ពុជាមិនស្តារប្រជាធិបតេយ្យឡើងវិញ។

បើតា​មរបាយការណ៍​ការសិក្សារួមមួយកាលពីឆ្នាំ២០១២ មានអង្គការសង្គមស៊ីវិលជិត ២ពាន់អង្គការ។ ពួកគេបាន​ចំណា​យ​ប្រា​​​​ក់​ស​រុ​ប​ជា​ង ​៦០០ ទៅ ៧០០លានដុល្លារក្នុងមួយឆ្នំាៗ​ចូលរួមក្នុងការអភិវឌ្ឍកម្ពុជា។

របា​យការណ៍បញ្ជាក់ថា ប្រាក់ដែលបានចំណាយនេះ ផ្តល់អត្ថប្រ​យោជន៍​ដល់មនុស្សជិត ១២លាននាក់​ទាំងផ្ទាល់ និង​ប្រ​យោល៕

ពិធីបើកវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ថ្ងៃទី ២១ មិថុនា ២០១៨ (រូបភាព៖ វេបសាយក្រសួងមហាផ្ទៃ)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ