តើអាស៊ាននឹងរងផលប៉ះពាល់អ្វីខ្លះនៅពេលជម្លោះពាណិជ្ជកម្មរវាង​អាមេរិកនិងចិនកើតឡើង?

រូបភាព៖ បណ្ដាញសង្គម

កាលពីសប្ដាហ៍មុនអាមេរិកបាន​ដំឡើងពន្ធ២៥%លើទំនិញជាង៨០០ប្រភេទដែលនាំចូលពីចិនដែល​មានតម្លៃជាទឹកប្រាក់​៥០ពាន់លានដុល្លា ហើយការអនុវត្តលើការដំឡើងពន្ធនេះនឹងអនុវត្តនៅថ្ងៃទី៦ខែក្រោយនេះ។

មិនតែប៉ុណ្ណោះនៅថ្ងៃច័ន្ទនេះ លោក ដូណាល់ ត្រាំ ក៏បានគំរាម​ថា ប្រសិន​បើចិនធ្វើការសងសឹកនឹងខ្លួន អាមេរិកនឹងដំឡើងពន្ធ១០%បន្ថែមទៀតលើទំនិញចិនដែល​មាន​តម្លៃប្រមាណជា២០០ពាន់លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ ចិនកាលពីសប្ដាហ៍មុនក៏បានវាយបកទៅសហរដ្ឋអាមេរិកវិញ​ភ្លាមៗដោយដំឡើងពន្ធនាំចូលលើទំិនិញអាមេរិក៦៥៩ប្រភេទដែលមានតម្លៃ៥០ពាន់លានដុល្លារ ហើយការអនុវត្តក៏នឹងចាប់ផ្ដើមនៅថ្ងៃទី ៦ខេកក្កដាដូចគ្នាទៅនឹងអាមេរិកដែរ។​

ជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនបែបនេះ​​ធ្វើឲ្យពិភពលោកបានមានការព្រួយបាម្ភជាខ្លាំងថាវាអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកល។ ដោយឡែក ប្រទេសនៅតំបន់អាស៊ានវិញ ក៏មានការបារម្ភដូចគ្នានេះដែរ រហូត​ដល់មេដឹកប្រទេសនេះមួយចំនួនឲ្យមន្ត្រីរបស់ខ្លួនសិក្សាពីផលប៉ះពាល់នៃជម្លោះនេះ។

តើអាស៊ាននឹងរងផលប៉ះពាល់អ្វីខ្លះនៅពេលជម្លោះពាណិជ្ជកម្មរវាង​អាមេរិកនិងចិនកើតឡើង?

បើទោះបីវាជាជម្លោះពាណិជ្ជកម្មរវាងប្រទេសពីរយ៉ាងណាក៏ដោយចុះ ប៉ុន្តែអាស៊ាននៅតែមិនអាចជៀសផុតពីប៉ះពាល់នោះទេ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញចិន GB Times អាស៊ានជាដៃគូពាណិជ្ជកម្មដ៏ធំមួយក្នុងចំណោមដៃគូពាណិជ្ជកម្មពីរទៀតដែលរួមមានអាមេរិកនិងអឺរ៉ុប។ ចំណែកឯចិនក៏ជាដៃពាណិជ្ជកម្មមួយដ៏ធំសម្រាប់អាស៊ានផងដែរ។ តាមសារព័ត៌មានដដែល​កាលពីឆ្នាំ២០១៧កន្លងទៅ អាស៊ានបាននាំទំនិញចូលទឹកដីចិន​មាន​តម្លៃជាទឹកប្រាក់រហូត​ដល់ជាង ២៣៥ពាន់លានដុល្លារ។

កាលពីខែឧសភាកន្លងទៅលោក​ Cyn-Young Park មន្រ្តីផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចនិងសហប្រតិបត្តិការក្នុងតំបន់របស់ធនាគារអភិវឌ្ឍន៍អាស៊ី​ បានថ្លែងប្រាប់អ្នកសារព័ត៌មានទូរទស្សន៍ CNBC របស់អាមេរិក ថា​អាស៊ានជាតំបន់មួយដែល​ងាយរងគ្រោះនៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនផ្ទុុះឡើង។

លោកបានពន្យល់បន្តថាប្រទេសនៅតំបន់អាស៊ាននាំចេញវត្ថុធាតុដើម និងទំនិញពាក់កណ្ដាលសម្រេចជាច្រើនទៀតទៅផ្គត់ផ្គង់ឲ្យចិន មានន័យថាចិនជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន។ វត្ថុធាតុដើម និងទំនិញពាក់កណ្ដាលសម្រេចទាំងនោះត្រូវបាន​ចិនយក​ទៅផលិតបន្តដើម្បីក្លាយជាផលិត​​​​សម្រេច រួចទើបនាំចេញទៅអាមេរិកនិងអឺរ៉ុបជាដើម។

យោងតាមរបាយការណ៍របស់វិទ្យាស្ថាន​គោលនយោបាយសេដ្ឋកិច្ចអន្តរជាតិកូរ៉េ ការធ្វើពាណិជ្ជកម្មទំនិញពាក់​កណ្ដាលសម្រេច​រវាងអាស៊ាននិឹងចិនទៅវិញទៅមកមានប្រមាណជាជាង៥០ភាគរយ​សម្រាប់ភាគីនីមួយៗ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ហ្វីលីពីនជាប្រទេស​ដែលងាយ​រងគ្រោះជាងគេក្នុងតំបន់អាស៊ាន​ ដោយសារតែ​ទំនិញពាក់កណ្ដាលសម្រេចរបស់ហ្វីលីពីនប្រហែល ១៧ភាគរយ ត្រូវបាន​នាំចេញទៅ​ប្រទេស​ចិន។ ផលិតផល​ពាក់កណ្ដាល​សម្រេចទាំងនោះភាគច្រើនជាគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិច។ ចិនប្រើប្រាស់ទំនិញទាំងនេះក្នុងការផលិតជាផលិតផលសម្រេចមាន​ដូចជាទូរស័ទ្ទដៃ និងកុំព្យូទ័រជាដើម ហើយទើបនាំចេញទៅសហរដ្ឋអាមេរិក។ ដូច្នេះជម្លោះពាណិជ្ជកម្មនេះនឹងមាន​ផលប៉ះពាល់ជាអវិជ្ជមាន​ដល់ហ្វីលីពីនដោយជៀសមិនរួចឡើយ។

ប្រទេសមួយចំនួនទៀតក្នុងតំបន់នេះមានដូចជា​ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ សឹង្ហបុរី​ និងវៀតណាមជាដើមក៏មិន​អាចជៀសផុតពីផលប៉ះពាល់នៃការជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិននេះ ព្រោះប្រទេសទាំងនោះក៏នាំចេញផលិតពាក់កណ្ដាលសម្រេចនិងវត្ថុធាតុដើមទៅផ្គត់ផ្គង់ដល់សង្វាក់ផលិតកម្ម​ទំនិញរបស់​ចិន​ដែល​ត្រូវនាំចេញទៅអាមេរិកដែរ។​

ប៉ុន្តែអ្នកវិភាគមួយចំនួននៅតែយល់ថា​ជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិនក៏អាចជាឱកាសមួយសម្រាប់អាស៊ាន​ដែរ ព្រោះថា​​ចិន​អាចនឹងពិចារណារកផលិតផលជំនួសទំនិញមួយចំនួនរបស់អាមេរិក។ ឧទាហរណ៍ ប្រេងសណ្កែកសៀងជាដើម ហើយងាកមករកដូងប្រេងរបស់ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ីវិញ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន The ASEAN Post អ្នកវិភាគបានជម្រុញឲ្យប្រទេសក្នុងតំបន់អាស៊ានត្រៀមខ្លួនទុកជាមុខដើម្បីទប់ទល់នឹងស្ថានការណ៍នានា​ដែល​អាចកើតមានដោយសា​រតែជម្លោះពាណិជ្ជ​​កម្មរវាង​អាមេរិក​និងចិននេះ ព្រោះថាសេដ្ឋកិច្ចរបស់ប្រទេស​ក្នុងតំបន់នេះភាគច្រើនពឹងផ្អែកលើការនាំចេញ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ