លោក​ ហ៊ុន សែន​ ប្រ​តិ​ក​ម្ម​នឹង​ការ​​ប្រៀប​ធៀប​រូប​លោក​​ជាមួួយ​ លោក​​ យ៉ង​​​ សាំង​កុ​មារ​​

រូបភាព៖ ហ្វេសប៊ុក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងជាមេដឹកនាំបក្សកាន់អំណាចផងនោះ បានប្រតិកម្មទៅនឹងការប្រៀបធៀបថា លោក​មាន​លក្ខណ​សម្បត្តិអន់ជាងបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក បណ្ឌិត យ៉ង សាំងកុមារ។

កាលពីម្សិលមិញ ទំព័រហ្វេសប៊ុករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបង្ហោះរូបលោក ហ៊ុន សែន ដាក់ទន្ទឹមគ្នា និងរូបលោក យ៉ង សាំងកុមារ ដោយប្រៀបធៀបពីលក្ខណសម្បត្តិខុសគ្នា៧ប្រការ ឲ្យពលរដ្ឋពិចា​រណា។

តាមការប្រៀបធៀបក្នុងទំព័រហ្វេសប៊ុករបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សប្រជាជនមាននាយករដ្ឋមន្ត្រី ដែលដឹកនាំដោយលោក ហ៊ុន សែន ថាជានា​យក​រដ្ឋមន្ត្រី​ងា​កឆេះ ចំណែកបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាធិ​បតេយ្យមូ​លដ្ឋា​ន ថាជា​នាយ​ក​រដ្ឋ​មន្ត្រី ងាកផ្តល់ចំណេះ។ មួយវិ​ញទៀតថា មេដឹកនាំបក្សកាន់អំណាចចូលចិត្តប្រើកម្លាំង មានបទពិសោធន៍ធ្វើសង្គ្រាម ប្រើប្រព័ន្ធបញ្ជាពីលើទៅក្រោម ចំ​ណែ​កមេដឹកនាំគណបក្សបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ មេដឹកនាំមានបទពិសោធន៍ខាងអភិវឌ្ឍន៍ ប្រើប្រព័ន្ធប្រជា​ធិបតេយ្យ​ពីក្រោ​​មមកលើជាដើម។

ប៉ុន្តែលោក ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ក្នុងរាជធានីភ្នំពេញ នាថ្ងៃសុក្រនេះ បានប្រតិកម្ម​ ថា អ្នកដែ​លគេកំ​ពុង​លើកកម្ពស់ថាមានលក្ខណសម្បត្តិខ្លាំងជាងលោកនោះ ថាជាមនុស្សដែ​ល​លោ​​កធ្លាប់បណ្តុះប​ណ្តាលឲ្យទទួល​បា​ន​​ស​​ញ្ញាប​ត្រ​ជា​បណ្ឌិត នៅប្រទេសអាលឺមង់ និងបានវាយបកវិញថា បណ្ឌិតរូបនេះ ទំនងជាមិនទាន់មានលទ្ធភាព​ ធ្វើនាយក​រដ្ឋ​មន្ត្រី​ដឹ​​កនាំម​នុស្សច្រើនលាននាក់ ​ក្រោយបោះឆ្នោតថ្ងៃទី ២៩ខែកក្កដាឆ្នាំនេះនៅឡើយទេ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)
អ្នកណាជាអ្នកធ្វើឲ្យក្លាយទៅជាបណ្ឌិត ឲ្យទៅជាបញ្ញវន្ត មនុស្សឈរនៅនឹងមុខនេះ​[នាយករដ្ឋមន្ត្រី]ដែ​លគេកំពុងតែ​ប្រៀ​​បធៀបថា បេក្ខជនហ្នឹងអន់ជាងបេក្ខភាពរប​ស់គេនោះ តែបេក្ខជននេះហើយ ដែ​លបានបណ្តុះបណ្តា​លបេក្ខជនមួយ​ទៀត។ ត្រូ​វ​យ​​ល់អាត្រង់កន្លែងហ្នឹង។ គួរឲ្យមានការខ្មាស់អៀនខ្លះផង។ ចំាមើលកៅអីក្រោយថ្ងៃ ២៩ សន្លឹកឆ្នោតថ្ងៃ២៩ទៅ ក្រែងលោ អួតជ្រុ​លទៅ​វាលើ​ស។ ខ្ញុំ ដឹងតើ !ដឹងថា មាស៊ីនកិនស្រូវនៅត្រង់ណាប្រុងលក់ ដីនៅត្រង់ណាប្រុងលក់ គ្រាន់តែខ្ញុំមិ​នបោះ​​លុយ​ទៅ​ទិញ​តែប៉ុ​​ណ្ណឹងទេៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន អះអាងថា គោលនយោបាយរបស់បក្សនេះ មិនបានចោ​ទប្រ​កាន់ ​​​ឬជេរប្រមាថលាភពណ៌ អ្នកដទៃទេ រួមទាំងលោកនាយករដ្ឋមន្ត្រីផង ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះថា គណបក្សនៅ​តែរក្សា​សិ​ទ្ធិ ក្នុង​កា​​ររិះគ​ន់​មេ​​ដឹកនាំជាដៃគូប្រកួត ទោះបីប្រតិកម្មរបស់នាយករដ្ឋមន្ត្រីនៅពេលនេះ បានបង្ក​ការព្រួយ​បារម្ភខ្លះ​ពីអនា​គត​រប​ស់​​​គ​​ណប​ក្ស​លោ​ក​ក៏ដោយ។

លោក សាម អ៊ីន (ឆ្វេង) និងលោក យ៉ង សាំងកុមារ (ស្ដាំ) (រូបភាព៖ ហ្វេសប៊ុក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន)
យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រកួតប្រជែង តាមគោលការណ៍សេរីពហុបក្ស ហើយជៀសវាសនូវការប្រើអំពើ​ហិង្សាផ្សេ​ងៗ។ អញ្ចឹ​ងយើងជឿជាក់ទៅលើចេតនាល្អរបស់យើង។ យើងជឿជាក់ទៅលើអំពើល្អ របស់យើង​។ ហើយប្រសិនមា​នរឿ​ងអ្វី​កើ​តឡើងចំពោះក្រុមយើង យើងទទួលយកហើយយើងនឹងមិនចាកចេញពីកម្ពុជាទៀត

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី ហាក់មិនចាប់រម្មណ៍ទៅនឹងប្រតិកម្មនេះទេ ដោយលោក​ថាអ្ន​កន​យោ​បា​យ​​​ខ្មែ​រ  ភា​គច្រើ​ន វាយប្រហារគ្នាតែពីបញ្ហាបុគ្គល មិនសូវយកគោល​នយោបា​យ​ទៅប្រកួតគ្នា ដើ​ម្បីជំរុញ​យន្ត​ការប្រជា​ធិប​តេ​យ្យទេ។

ប៉ុន្តែ​លោក មាស នី ដាក់ការព្រួយបារម្ភថា គណបក្សនេះអាចប្រឈមនឹងផ្លូវច្បាប់ទៅថ្ងៃអនាគត បើនៅតែបន្តរិះគន់ ក្បា​លម៉ា​ស៊ី​ន​​ដឹកនាំ​ របស់បក្ស​កាន់អំណាចនោះ ដោយថា បើប្រព័ន្ធតុលាការហាក់មិន​ទាន់ផ្តល់ជំនឿដល់​ពលរដ្ឋគ្រប់​និន្នា​ការនៅ​ឡើ​យនោះ ។

លោកថា៖«រឿងបញ្ហាតុលាការនេះ បើយើងមើលច្បាប់គណបក្សនយោបាយ សព្វថ្ងៃនេះ អ្នកដែលប្រលូកខ្លួនមកធ្វើនយោបាយក្នុប្រទេសខ្មែរហ្នឹង ត្រូវតែដាក់ខ្លួនឯងស្ថិតក្នុងហានិភ័យមួយខ្ពស់ ព្រោះអីដោយសារតែ ដោយសារតែភាពមិនច្បាស់លាស់ រវាងអព្យាក្រឹ របស់តុលាការហើយនិងអ្នកនយោបាយ។ អញ្ចឹងនៅពេលខ្លះអ្នកនយោបាយនឹងអាចប្រើប្រាស់តុលាការដើម្បីធ្វើការចោ​​ទប្រកាន់ទៅលើនរណាមួយយើងពិបាកនឹងទស្សន៍ទាយបាន»

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក្នុងពិធីនោះដែរ បានអំពាវនាវទៅគ្រប់គណបក្សនយោបាយ ដែលបានចូលរួ​មប្រកួតកា​រ​បោះ​ឆ្នោត ឲ្យផ្សព្វផ្សាយលើកកម្ពស់តែគោលនយោបាយរបស់ខ្លួន ហើយថាកុំបង្អាប់គោលនយោបាយគណបក្សដទៃ ដើម្បីបញ្ចៀស​​​ការ​វាយ​បក​​វិញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ