បុរសនៅពីក្រោយ គីម ជុងអ៊ុន ​កំពុងទាញឲ្យកូរ៉េខាងជើងដូររបបដឹកនាំ​

លោក គីម ជុងអ៊ុន និងលោក ស៊ី ជីនពីង

ចុងឆ្នាំ២០១៧ គឺជាពេលមួយដែលកូរ៉េខាងជើង​និងសហរដ្ឋអាមេរិក​ប្រឈមមុខដាក់គ្នាខ្លាំងបំផុត រហូតដល់អាមេរិកត្រៀមខ្លួនប្រើកម្លាំងវាយប្រហារ ហើយអាមេរិក​ក៏បានជំរុញឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងអស់ចូលរួមដាក់សម្ពាធ។​

អាមេរិក​ក៏តែងតែជំរុញឲ្យចិន​ជាប្រទេសដែលស្និទ្ធទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយជាមួយកូរ៉េខាងជើងជួយដាក់សម្ពាធដើម្បីឲ្យរបបទីក្រុងព្យុងយ៉ាងរំលាយចោលកម្មវិធីអាវុធនុយក្លេអ៊ែកុំឲ្យគំរាមកំហែងឧបទ្វីបកូរ៉េ។​

ខណៈអង្គការសហប្រជាជាតិ​និងបណ្តាប្រទេសផ្សេងៗចាប់ផ្តើមដាក់សម្ពាធកាន់តែខ្លាំង ចិនក៏ចាប់ផ្តើមដាក់សម្ពាធលើកូរ៉េខាងជើងដែរ។

ក្រោយការបង្ហាញ​ជំហរមាំរបស់ចិនក្នុងការដាក់សម្ពាធ កូរ៉េខាងជើងក៏បង្ហាញការដូរឥរិយាបថងាកមករកការចរចាជាមួយដៃគូជម្លោះផ្សេងៗទៀតរួមទាំងអាមេរិក​និងកូរ៉េខាងត្បូង។​

ទំនាក់ទំនងរវាងលោក​គីម ជុងអ៊ុន និង លោក ស៊ី ជីនពីងក្នុងពេលចរចា

ក្រោយពេលស្ថានភាពជម្លោះក្នុងតំបន់ហាក់ធូរស្រាលបន្តិច លោក គីម ជុងអ៊ុន យល់ព្រមចូលតុចរចាជាមួយមេដឹកនាំកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក​នៅដើមឆ្នាំ២០១៨។

ប៉ុន្តែក្រោយពេលដែលមានការយល់ព្រមកំណត់ថ្ងៃជួបជាមួយមេដឹកនាំកូរ៉េខាងត្បូង និងមេដឹកនាំអាមេរិក លោក គីម ជុងអ៊ុន បានធ្វើដំណើរតាមរថភ្លើងដោយសម្ងាត់មួយទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃទី២៨ខែមីនា ប៉ុន្តែក្រោយមកមួយថ្ងៃក៏មានបែកធ្លាយព័ត៌មាន។

រហូតដល់ថ្ងៃទី១៨ខែមេសា លោក ស៊ី ជីនពីង ក៏បានធ្វើ​ដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ទីក្រុងព្យុងយ៉ាងវិញ​។​

ជំនួបរវាងលោក គីម ជុងអ៊ុន (ឆ្វេង) និងលោក ស៊ី ជីនភីង (ស្តាំ) ក្នុងអំឡុងទស្សនកិច្ចរបស់លោក គីម នៅក្រុង Dailian ប្រទេសចិន ពីថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០១៨។ រូបថត៖ NEWS.CN

ក្រោយមកទៀត មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន មានការជួបជាប្រវត្តិសាស្ត្រពីរផ្សេងទៀតគឺ ជួបមេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃទី២៧ខែមេសា និង ជួបជាមួយប្រធានាធិបតីអាមេរិកនៅថ្ងៃទី ១២ខែមិថុនា។

អ្វីដែលគួរគត់សម្គាល់នោះគឺនៅពេលលោក គីម ជុងអ៊ុន ធ្វើដំណើរទៅជួបជាមួយលោក ដូណាល់ ត្រាំ នៅសិង្ហបុរីគឺ ជិះយន្តហោះរបស់ចិន។​ បន្ទាប់មកទៀត នៅថ្ងៃទី១៩ និងថ្ងៃទី២០ខែមិថុនា លោក គីម ជុងអ៊ុន នាំគណៈប្រតិភូទៅជួបជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង នៅទីក្រុងប៉េងកាំងម្តងទៀត​។​

ជុំនួបវិលជុំចុះឡើងនេះ គឺហាក់ដូចជា លោក គីម ជុងអ៊ុន ទៅសុំយោបល់ពីលោក ស៊ី មុនពេលចរចាជាមួយដៃគូជម្លោះ ហើយបន្ទាប់ពីការជួបចរចាហើយ ក៏ទៅរាយការណ៍ប្រាប់លោក ស៊ី បន្តម្តងទៀត។​

ការទាញឲ្យកូរ៉េខាងជើងដូររបបដឹកនាំ

ក្នុងដំណើរទស្សនកិច្ចលើកទី៣របស់លោក គីម ជុងអ៊ុន​ ទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃអង្គារដល់ថ្ងៃពុធសប្តាហ៍នេះ លោក ស៊ី ជីនពីង បានជំរុញឲ្យលោក គីម ជុងអ៊ុន ដូររបបដឹកនាំពីរបបផ្តាច់ការទៅជារបបសង្គមនិយមដូចចិនវិញ ដើម្បីងាយស្រួលគ្រប់គ្រងនិងងាយក្នុងការសហការគ្នារវាងប្រទេសទាំងពីរ។

ចំណែកមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្តេជ្ញាថានឹងធ្វើតាមការស្នើឡើងនេះ។ លោក​បន្តថា ចិន និងកូរ៉េខាងជើងគឺជាប្រទេសជិតខាងគ្នា មានភាពស្និទ្ធស្នាល និងជួយគ្នាដូចជាគ្រួសារតែមួយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ