សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជិត៤០នាក់ជុំវិញករណីស៊ីឈ្នួលពរពោះជំនួស

រូបភាពពី ហ្វេសប៊ុក

សមត្ថកិច្ច និងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខណ្ឌឬស្សីកែវ ចុះបង្ក្រាបករណីជួញដូរ ស៊ី ឈ្នួលពរពោះជំនួស ដោយឃាត់ខ្លួននារីខ្មែរជាអ្នកស៊ីឈ្នួល​ចំនួន៣៣នាក់ និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុង​​នោះ​មានជនជាតិចិនម្នាក់។

ប្រតិបត្តិការបង្រ្កាបនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចផ្ទះវីឡាលេខ២A ផ្លូវ៣៤៨ និងផ្ទះវិឡាលេខ៩A ផ្លូវ៣៤៨ ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ តាមបណ្ដោយផ្លូវលេខ៥ ក្នុងសង្កាត់​ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បើតាមសមត្ថកិច្ចខណ្ឌឬស្សីកែវបានឲ្យដឹងថាសមត្ថកិច្ចពិតជាបានឃាត់ខ្លួនជនសង្ស័យទាំងនោះលោកថាករណីនេះជាសមត្ថកិច្ចរបស់មន្រ្តីជំនាញការិយាល័យប្រឆាំងការជួញដូរជាអ្នកបន្តនីតិវិធី។

បើតាមលោក កែវ ធាដែលជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរនៅរាជធានីភ្នំពេញ ឲ្យដឹងថាជនសង្ស័យ ៥នាក់ ដែលមានម្នាក់ជាជនជាតិចិន និងស្រ្តីខ្មែរ ៤នាក់ ត្រូវបានឃុំខ្លួនជុំវិញករណីជួញដូរមនុស្ស និងមេខ្យល់ទាក់ទងនឹងការស៊ីឈ្នួលពរពោះជំនួស។ នេះជាការលើកឡើងទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមការចុះផ្សាយដដែលលោក កែវ ធា បន្តថាស្រ្តីដែលស៊ីឈ្នួល ៣៣នាក់ ដែលស៊ីឈ្នួលពរពោះនោះ មិនត្រូវបានជាប់ទោសនោះទេ។

បើតាមមន្រ្តីជំនាញរូបនោះដដែលបន្ថែមថាស្រ្តីទាំងនោះត្រូវបានគេជួលឲ្យពរពោះជំនួស ក្នុងតម្លៃម្នាក់ ១ ម៉ឺនដុល្លារ ហើយពួកគេទទួលបានប្រាក់កក់ដំបូងពេលមានផ្ទៃពោះ ចំនួន ៥០០ ដុល្លារ ហើយនៅពេលកូនកើតមក ពួកគេនឹងទទួលបានប្រាក់ប្រចាំខែ ៣០០ដុល្លាររហូតគ្រប់ចំនួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ