កងរាជអាវុធហត្ថព្រមាន​ចាត់​វិធានការ​ច្បាប់ប្រឆាំងអ្នកបន្លំខ្លួន​ជា​មន្ត្រី អ.ហ

មនុស្ស ៤​នាក់​នៅ​ក្នុង​ចំណោម​មនុស្ស ៦​នាក់ ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​ជាមួយ​សម្លៀក​បំពាក់​ឯក​សណ្ឋាន​មន្ត្រី​ប្រដាប់​អាវុធ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា។ រូបថត៖ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​បុគ្គល​ដែល​បន្លំ​ប្រើ​ប្រាស់​សម្ភារៈ​ ឯកសណ្ឋាន និង​អត្តសញ្ញាណរបស់អង្គភាពខ្លួនខុសច្បាប់។

កង​រាជ​អាវុធ​ហត្ថ​បាន​ព្រមាន​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ដោយ​ថា បុគ្គល​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​ឯកសណ្ឋាន អត្ត​សញ្ញា​បណ្ណ សញ្ញា​សម្គាល់ ឬ​ប្រើ​ប្រាស់​យាន​យន្ត​កង​រាជ​អាវុធ​ហត្ថ​នៅ​តាម​ទី​សាធារណៈ និង​ថា មានការបង្កើតកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ផងដែរ។

កង​រាជ​អាវុធ​ហត្ថ បាន​ចាត់​ទុក​សកម្មភាពទាំងនោះ គឺ​ជាអំពើប្រព្រឹត្តល្មើសនឹងច្បាប់ ដោយព្រមានដាក់ពន្ធនាគារពី ១ខែដល់ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនទៅ ២លានរៀល ចំពោះអ្នកប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់អាធរសាធារណៈ និងការប្រើប្រាស់ដោយគ្មានសិទ្ធិនូវយានយន្តដែលមានសញ្ញាសម្គាល់ប្រើប្រាស់ដោយយោធា ឬកងរាជអាវុធហត្ថ។

តាមសេក្ដីប្រកាសព័ត៌មានដដែលនោះបន្ថែមថា ចំពោះអ្នកដែលប្រើប្រាស់នូវឯកសណ្ឋានជាអាទ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងយោធា ឬកងរាជអាវុធហត្ថ​ ដែលអាចនាំឲ្យមានការភាន់ច្រលំក្នុងស្មារតីនៃសាធារណៈជននឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ៦ ខែ និងពិន័យជាប្រាក់ពី ១០ ម៉ឺន ទៅ ១លានរៀល។

បន្ថែមលើនោះ កងរាជអាវុធហត្ថក៏ព្រមានដាក់ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ ចំពោះអំពើបង្កើតកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ ឬគ្មានការអនុញ្ញាតពីអាជ្ញាធរស្របច្បាប់។

កង​រាជ​អាវុធ​ហត្ថ​បាន​ព្រមាន​បែប​នេះ បន្ទាប់​ពីកង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស ៦​នាក់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដែល​ស្ថាប័ន​នេះ​ចោទ​ថា បាន​ប្រើ​ប្រាស់​ឯកសណ្ឋាន និង​ឈ្មោះ​មេ​បញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ លោក​ វង្ស ពិសេន ដើម្បី​ប្រមូល​មនុស្ស​ចូល​ក្រប​ខណ្ឌ​នៃ​ស្ថាប័ន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ