វិភាគ៖ តើជំលោះសេដ្ឋកិច្ចរវាងអាមេរិកនិងចិនប៉ះពាល់ដល់កម្ពុជា​ឬ​ទេ​?

លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង (រូបភាព៖ dailystar.co.uk)

បើគ្មានអ្វីប្រែប្រួលទេ ចាប់ពីដើមខែក្រោយនេះទៅអាមេរិក នឹងចាប់ផ្តើមអនុវត្តវិធានការដំឡើង​ពន្ធទៅលើទំ​និញនាំចូល​រប​ស់​ចិន មានទឹក​ប្រា​ក់ដល់ទៅជាង៥០​ពា​ន់​​​លានដុល្លារ ។

ជាការឆ្លើយតបភ្លាមៗមហាអំណាចចិន ក៏បានប្រកាសអនុ​វត្តន៍ការ​ដំឡើង​ពន្ធ​​​លើទំ​និញ​​​អាមេរិក គិតជាទឹកប្រាក់ ៥០ពាន់លាន​ដុល្លា​​រដូចគ្នា។

ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននេះ​​ ធ្វើឲ្យពិភពលោកព្រួយបាម្ភថា វាអាចនឹ​ងប៉ះ​ពា​​ល់ដល់សេ​ដ្ឋកិ​ច្ច​ស​​​កល។ ​ ដូច​គ្នា​នេះដែរ នៅសប្តាហ៍មុន នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន​ សែន បានយកពិ​ធីប្រកាសគោ​​រមងារដល់​មន្ត្រី​​​នៅ​​រា​ជប​ណ្ឌិ​ត​​ស​ភា​​ក​ម្ពុជា ឲ្សសិក្សាពីផលប៉ះពាល់នានាដល់កម្ពុជាផងដែរ ។

លោ​ក ហ៊ុន សែន រំឭកថា បើសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងមែន លោកថាវាជាល្បែងចាញ់ៗ។ ប៉ុន្តែមេដឹកនាំកម្ពុ​ជារូបនេះ​​​ បា​នបង្ហា​​​ញ​ការព្រួយបារម្ភថា ជម្លោះពាណិជ្ជកម្មនេះ មិនមែនជាបញ្ហាតូចតាចទេ ថា​ជាបញ្ហាប្រឈ​មដ៏​ធំ​ស​ម្រា​​ប់​សេ​ដ្ឋកិ​ច្ច​ពិ​​ភ​ព​លោ​ក និង​​ក្នុងតំបន់ ។

តើជំលោះសេដ្ឋកិច្ចរវាងអាមេរិកនិងចិនប៉ះពាល់ដល់កម្ពុជាទេ?

បើគេក្រឡេកមើលជ្រុងមួយរបស់កម្ពុជា ថ្វីត្បិតតែអ្នកតាមដានធ្លាប់ពន្យល់ថា ទីផ្សារនាំចេញរបស់កម្ពុជា មានសម្លៀ​កបំពា​ក់កា​ត់​ដេរ និងផលិតផលកសិកម្ម កម្ពុជាបានពឹងផ្អែកស្ទើរទាំងស្រុង ទៅលើទីផ្សារនៃ​ប្រទេ​សលោកសេរីក៏ដោយ ប៉ុន្តែ​របត់​​ន​យោ​​​បាយនៅពេលនេះ ហាក់បានបង្កើនភាពមិនសូវចុះសម្រុងផ្នែកការទូត ជាមួយប្រទេស​លោកសេរី តែបានបង្កើន​ភា​ពល្អ​​ប្រសើ​រ ជាមួយមហាអំណាចកុម្មុយនីស្តចិន។

បណ្ឌិតសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភា របស់រដ្ឋាភិបាល លោក គី សេរីវឌ្ឍន៍ ពន្យល់ថា បើសង្គ្រាមពាណិជ្ជកម្ម​នៃប្រទេសម​ហា​អំ​ណា​​ចទាំងពីរនេះ ផ្ទុះឡើងមែន លោកថា កម្ពុជានឹងប៉ះពាល់មុនគេផ្នែកអចលនទ្រព្យ មានដីធ្លីជាដើម។ លោកវិភាគថា បើស​ហភាព​​អឺរុប យកបញ្ហាកម្ពុជា ភ្ជាប់ទៅនឹងទំនោរនយោបាយងា​កទៅ​ចិន ទៀ​តនោះ​​​ វិ​ស័​យ​កា​ត់ដេរ ក៏រងផលប៉ះពាល់ដែរ។

ទី២លើកលែងតែការដាក់សម្ពាធលើវិស័យកាត់ដេរ ដោយសារតែសហភាពអឺរុ​បចោទប្រកាន់កម្ពុជា​ថាជាអ្នកលូ​កដៃចូលរួមសហការជាមួយប្រទេសចិនខ្លាំងនោះ អញ្ជឹងវាអាចមានសម្ពា​ធដល់វិស័យកាត់ដេ​រ។ អញ្ចឹងខ្ញុំ​មើលឃើ​ញមាន​ពីរហ្នឹ​ង គឺ[ផលប៉ះពាល់]មានផ្នែកអចលនទ្រព្យ និងវិស័យកាត់ដេរ

បណ្ឌិតសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភា របស់រដ្ឋាភិបាល លោក គី សេរីវឌ្ឍន៍

អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ ពន្យល់ប្រ​ហា​​ក់​​​ប្រហែលដែរថា ជម្លោះពាណិជ្ជកម្ម រវាងអាមេរិក និងចិននេះ មិនមែនប៉ះ​ពាល់​ដល់​កម្ពុជាត្រឹ​មតែផ្នែកអចលនទ្រព្យនិងវិ​ស័​​​យ​​កាត់ដេរប៉ុណ្ណោះទេ លោកថាវិស័យទេសចរណ៍ក៏រងផលប៉ះពាល់ដែរ ដោ​យសា​រ​ អ្នកវិនិយោ​គភាគច្រើនមកពីប្រទេស​ចិន​។

លោកថា៖«សេដ្ឋកិច្ចយើងពឹងផ្អែកខ្លាំងការវិនិយោគពីបរទេស ពិសេសពីប្រទេសចិន។ អញ្ចឹងបើសិនវាកើតឡើងបញ្ហារបស់ចិន ជាធម្មតាគេត្រូវការផ្តោតការយកចិត្តទុកដាក់ ស្រោចស្រង់សេដ្ឋកិច្ចរបស់គេ អញ្ចឹងយើងក្លាយជាប្រទេសដែលបន្ទាប់បន្សំក្នុងការយកចិត្តទុកដាក់ស្រោចស្រង់ស្ថានការណ៍»

អ្នកស្រាវជ្រាវពីការអភិវឌ្ឍនិងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី វិភាគថា វិធានការរបស់អាមេរិក អាចជាទិស​ដៅពីរ​ ទី១ជារឿងសេដ្ឋកិច្ច និងទី២ជារឿងនយោបាយ ដើម្បីកាត់បន្ថយឥទ្ធិរបស់មហាអំណាចចិន។

លោក មាស នី វិភាគទៀតថា បើបញ្ហានេះកើតឡើងមែន ជារឿងធ្ងន់ធ្ងរជាងការដែលអាមេរិក គ្រាន់តែកាត់​បន្ថយជំនួ​យខ្លះៗ​ដ​ល់​​​ក​ម្ពុជា ដោយថា ចិនថ្វីតែមកវិនិយោគនៅកម្ពុជា ប៉ុន្តែនាំផលិតផលរ​បស់ពួកគេនាំ​ទៅលក់នៅទីផ្សារប្រទេស​លោកសេ​រី។​ លោ​​កវិភាគថា បើអាមេរិកកាត់បន្ថយឥទ្ធិពលចិនបាន បញ្ហាប្រជាធិបតេយ្យនៅកម្ពុជានឹងត្រូវស្តារឡើងវិញ។

អ្នកវិភាគនយោបាយរូបនេះ វិភាគទៀតថា សង្គ្រាមពាណិជ្ជកម្មពិភពលោកនេះ កម្ពុជានឹងរងគ្រោះមុនគេ បើរដ្ឋាភិបាល ជ្រើស​រើស​យកផ្លូវដើរ តាមរយៈយកប្រភពគាំទ្រតែមួយ ទាំងវិនិយោគ ទាំងការកម្ចី និងទាំងនយោបាយផងនោះ។

បើសិនជាអាមេរិកវាធ្វើហ្នឹង ជាផ្នែកមួយកាត់បន្ថយឥទ្ធិពលរបស់ចិនហើយ ។ កាលណាកាត់បន្ថយឥទ្ធិពលរបស់ចិន វា​នឹងអា​ចជួយឲ្យលទ្ធិប្រជាធិបតេយ្យហ្នឹងវាបានងើបឡើងមកវិញ។ ព្រោះឥឡូវនេះយើងឃើញ ចិនទៅដល់ត្រង់ណា ប្រទេស ឥទ្ធិ​ពលហ្នឹងវាបានធ្វើឲ្យបាត់បង់ប្រជាធិបតេយ្យនៅប្រទេសហ្នឹង

អ្នកស្រាវជ្រាវពីការអភិវឌ្ឍនិងជាអ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី

បើទោះបីជាអ្នកវិភាគថា ជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិននេះ បង្កបញ្ហាជាសកល និងអាចប៉ះពាល់ដល់កម្ពុជាក៏ដោយ ប៉ុន្តែថាការស្តារប្រជាធិបតេយ្យនៅកម្ពុជា អាស្រ័យលើឆន្ទៈនយោបាយ ថាតើពួកគេបានគិតពីប្រយោជន៍ជាតិកម្រិតណា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ