អឺរ៉ុប​ផ្តល់​ជំនួយ​ជាង​ ៤​លាន​ដុល្លារ​ដល់​សាលាក្តី​ខ្មែរក្រហម

ចៅក្រមនៃអង្គបុរេជំនុំជម្រះក្នុងអំឡុងពេលសវនាការកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០០៨ (រូបភាព៖ អ.វ.ត.ក)

សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា សហភាពអឺរ៉ុប បានផ្តល់ជំនួយជាង៤លានដុល្លារអាមេរិក​  ដល់អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដើម្បីគាំទ្រដល់ដំណើរការការងារ​ សម្រាប់ឆ្នាំ ២០១៨នេះ។

ក្នុង​គេហទំព័ររបស់ អ.វ.ត.ក បានចុះផ្សាយ​នៅថ្ងៃនេះថា សហភាពអឺរ៉ុប បានប្រកាសផ្តល់ជំនួយចំនួន​៤ ០៧៨ ៧៧៧ដុល្លារ ស្មើនឹង​​៣.៥លានអឺរ៉ូ ដល់​ (អ.វ.ត.ក) ដើម្បីគាំទ្រដល់ដំណើរការការងារ​ឆ្នាំ ២០១៨ ដែល​ក្នុងនោះ​ ទឹកប្រាក់ជាង ២លាន៦សែនដុល្លារជួយដល់ភាគីអន្តរជាតិនិងជាង ១លាន៤សែនដុល្លារជួយដល់ភាគីជាតិ។​

សហភាពអឺរ៉ុបគឺជាម្ចាស់ជំនួយធំមួយក្នុងចំណោមម្ចាស់ជំនួយធំៗបំផុត របស់ អ.វ.ត.ក ហើយការផ្តល់ជំនួយចុងក្រោយនេះ ធ្វើឲ្យជំនួយហិរញ្ញវត្ថុដែលសហភាពអឺរ៉ុបបានផ្តល់ដល់ អ.វ.ត.ក មានចំនួនជាង២៦លានដុល្លារ ចាប់ពីសាលាក្តីខ្មែរក្រហមដំណើរការនៅឆ្នាំ ២០០៦ មក។

អ្នកនាំពាក្យ អ.វ.ត.ក លោក ភក្ត្រា បញ្ជាក់ប្រាប់VODថា នៅឆ្នាំ២០១៨នេះ សាលាក្តីខ្មែរក្រហម គ្រោងចំណាយ​ជាង ២៤លានដុល្លារ សម្រាប់ដំណើរការតុលាការ​បន្តទៅមុខទៀត​។

របាយការណ៍​ចំណាយ​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ដឹង​ថា សាលាក្ដី​នេះ បាន​ចំណាយ​ថវិកា​ដល់​ទៅ​ ២៩៣​លាន​​ដុល្លារហើយ ​ចាប់​តាំង​ពី​កើត​សាលា​ក្ដី​នេះ​នៅឆ្នាំ២០០៦​ដល់ឆ្នាំ២០១៦​កន្លង​មក​នេះ។ ថវិកា​ទាំងនោះ ទទួលបានជំនួយពីបណ្តាប្រទេសជិត ៤០ ដោយក្នុង​នោះ​ប្រទេសជប៉ុនឈលំដាប់ទី១ ​​អាមេរិកលេខ ២ និងសហភាព​អឺរ៉ុបលំដាប់លេខ៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ