សមត្ថកិច្ចបញ្ជូន​មនុស្ស​៥នាក់​ពាក់​ព័ន្ធការពរ​ពោះ​ជំនួស​ទៅ​តុលាការ

សមត្ថកិច្ច​បញ្ជូន​ស្ត្រី​រកស៊ី​ពពោះ​ជំនួស ទៅ​តុលាការ ព្រឹក​ថ្ងៃទី ២៥ មិថុនា ២០១៨ (រូបភាព៖ ហ៊ុន សិរី​វឌ្ឍន៍​)

សមត្ថកិច្ច​បាន​បញ្ចូន​មនុស្ស៥នាក់​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី​បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​ពី​សប្តាហ៍​មុន​ពាក់​ព័ន្ធ​ករណី​ពរ​ពោះ​ជំនួស។

កាលពី​ថ្ងៃ​ទី​២១ មិថុនា នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សខណ្ឌឬស្សីកែវ បាន​ចុះប​ង្ក្រាប​ករណី​ជួញ​ដូរ ស៊ីឈ្នួលពរពោះជំនួស ដោយឃាត់ខ្លួននារីខ្មែរជាអ្នកស៊ីឈ្នួល​ចំនួន៣៣នាក់ និងជនសង្ស័យប្រុសស្រីចំនួន៥នាក់ ក្នុង​​នោះ​មានជនជាតិចិនម្នាក់។

បន្ទាប់​ពី​ឃាត់​ខ្លួន​នឹង​សាក​សួររួច​មក​នៅព្រឹក​ថ្ងៃ​ទី​២៥ មិថុនានេះ​ សមត្ថកិច្ច​បានសម្រេច​បញ្ជូន​មនុស្ស​៥នាក់​ដែល​មាន​ជន​ជាតិ​​ចិន​ម្នាក់​មក​កាន់​អយ្យការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដើម្បី​បន្ត​នីតិវិធី ហើយ​​​រហូត​មក​ដល់ពេល​នេះវីអូឌី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពីអ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានីភ្នំពេញលោក លី សុផាណា បាន​នៅឡើយ​ទេ។ ខណៈ​ស្ត្រី​ដែល​ស៊ីឈ្នួល​​ពរ​ពោះ​ចំនួន​៣៣នាក់ ត្រូវ​បានសមត្ថិកិច្ច បញ្ជូន​ទៅ​កាន់​មន្ទីរ​សង្គម​​កិច្ច​រាជធានី​ដើម្បី​ពិនិត្យ​ថែ​រក្សា។

សមត្ថកិច្ចចុះឃាត់ខ្លួនស្ត្រីដែលពពោះជំនួស ​ស្ថិតនៅក្នុងបុរី វិមានភ្នំពេញ ថ្ងៃទី ២៤ មិថុនា ២០១៨ (រូបភាព៖ FN)

នេះ​ជា​ករណីទី​ពីរ​ហើយ​ដែលករណី​នៃ​​ការពរពោះ​ជំនួ​សត្រូវ​បាន​បញ្ជូន​មក​កាត់​ទោស​នៅ​តុលាការ​កម្ពុជា បន្ទាប់ពី​ឆ្នាំ​មុន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ម្នាក់ឈ្មោះ Tammy- Alayne Chales ​និង​ជន​ជាតិ​ខ្មែរ​២​នាក់ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នឹង​បញ្ជូន​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធ​នាគារ។

ដោយ​សារ​ច្បាប់​ស្តីពីការ​ពរ​ពោះ​ជំនួស​មិន​ទាន់​បញ្ជូន​ទៅ​អនុម័ត​នោះ ក្រម​ព្រហ្ម​ទណ្ឌ និង​ច្បាប់​ស្តីពីការ​ជួញ​ដូរ​មនុស្ស​នៅ​តែ​ជា​ច្បាប់​គោល​ក្នុង​ការ​អនុវត្តន៍​ទៅលើ​ករណី​នៃ​ការ​ពរពោះ​ជំនួស​នេះ។

កាលពី​ខែមីនាកន្លង​មក​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​លោក ជិន ម៉ាលីន​ បាន​ឲ្យ​ដឹង​ថា​សេចក្តីព្រាង​ច្បាប់​ស្តីពីការ​ពរពោះ​ជំនួស ត្រូវបានបញ្ចប់សេចក្ដីព្រាងបឋមរួចរាល់ហើយ ប៉ុន្ដែនៅសល់ការពិនិត្យឡើងវិញនូវខ្លឹមសារ ពាក្យ​ពេជន៍​ច្បាប់​មួយ​ចំនួន​ ដើម្បីឱ្យមានអត្ថន័យ និងខ្លឹមសារគ្រប់គ្រាន់។

អនុប្រធា​ន​អចិន្ត្រយ៍​នៃ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ជួញ​ដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា​បើ​ទោះ​ជា​ច្បាប់​នេះ​ត្រូវ​បាន​បញ្ចប់​សេចក្តីព្រាង​រួច​រាល់​ហើយ​មែន តែ​នៅ​មាន​ពាក្យគន្លឹះជាច្រើន​ដែល​នឹង​ត្រូវ​ពិភាក្សា រួម​ទាំង​​ការ​ពិនិត្យ​ទៅ​លើ​ការ​វិវត្តជាក់​ស្តែង​នៃ​បទ​ល្មើសផង​ដែរ។

លោក​ស្រី​ ជូ ប៊ុនអេង៖ « យើង​ប្រហែល​ជា​មិន​ចង់​តាក់​តែ​ច្បាប់​នោះ​ដោយ​ឡែក​ទៀត​ទេ តែ​យើ​ង​គ្រាន់​តែ​ចង់​បញ្ជាក់ថា​នៅខ្វះ​ចន្លោះ​អី​ដែល​អា​ចបំពេញ​បន្ថែម​ដែល​អាច​អនុវត្តទៅ​លើ​ព្រឹត្តិ​ការណ៍​ថ្មី​ៗ ​ដែល​វាចេះ​តែ​កើត​មានថែម​ទៀត​នោះ។ ព្រោះច្បាប់​នោះ​បង្កើត​ឡើង​គឺ​ទៅ​តាម​ស្ថាន​ភាពនៃ​បទ​ល្មើស » ។

បើ​តាមលោក​ស្រី ​ជូ ប៊ុន​អេង ក្នុង​ឆ្នាំ​២០១៧ សមត្ថកិច្ច​រក​ឃើញ​ករណី​ពរ​ពោះ​ជំនួស​បាន​ជា​ង​១០​ករណី តែ​នៅពេល​នោះ​ត្រូវ​បានរដ្ឋាភិបាលជួយ​សម្រប​សម្រួល​​ដោះ​ស្រាយ​ជូន​ ដោយ​ថា​ជា​ករណី​ថ្មី ហើយ​ពល​រដ្ឋ​នៅ​មាន​ចំណេះ​ដឹង​ខ្សោយ។

ច្បាប់​ខ្មែរ​កំណត់​ចឹង អ្នក​ដែល​បង្កើត​គឺជា​ម្តាយ​បង្កើត! អញ្ចឹង​នៅពេល​ដែល​កូន​ហ្នឹង​កើត​ហើយ​គឺ​ជា​កូន​របស់​ម្តាយ អ្នក​ដែល​ចង់​បាន​កូន​ហ្នឹង​ទៅចិញ្ចឹមជា​កូន​ខ្លួន​ឯងត្រូវ​ដាក់​ពាក្យ​ទៅ​តុលាការ​ ដើម្បី​សុំ​សិទ្ធិ​អាណា​ព្យាបាល​ តាម​ច្បាប់​ដែល​តម្រូវ។ […] តែ​បាន​តែ​ក្នុង​ពេល​ដែល​យើង​បាន​ផ្សព្វផ្សាយប្រាប់​ក្នុង​ប្រកាស​ថា​ផុត​ពី​ថ្ងៃ​ទី​១៨ មករា​ តទៅ​គឺ​មិន​តម្រូវ​ឲ្យ​មាន​រឿង​ហ្នឹង​កើត​ឡើង​ទៀត​ទេ!

អនុប្រធា​ន​អចិន្ត្រយ៍​នៃ​គណៈកម្មាធិការជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​​ជួញ​ដូរ​មនុស្ស លោកស្រី ជូ ប៊ុនអេង

កាលពី​ថ្ងៃ​ទី​៩ មីនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្សលោក ស ខេង បាន​បញ្ជា​ដល់​អាជ្ញាធរឲ្យ​រឹត​បន្តឹង​វិធាន​ការ​រដ្ឋបាល ការ​ត្រួត​ពិនិត្យ​បច្ចេក​វិទ្យាពាក់​ព័ន្ធ​នឹង​ការ​ពពោះ​តាម​បណ្តា​គ្លីនិក បន្ត​ការស្រាវជ្រាវ តាម​ដាន ​ស៊ើប​អង្កេត​ករណី​សង្ស័យ​រក​ជន​ល្មើស​ទាំង​អស់​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់។ ​

នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី មាន​ប្រសាសន៍​ថាករណី​នៃ​ការ​ពរ​ពោះ​ជំនួស​នេះ​ជា​ករណី​ថ្មី​នៅកម្ពុជា ដែល​គួរ​តែ​មាន​វិធាន​ការ​ទប់​ស្កាត់​ឲ្យ​ទាន់​ពេល​វេលា ជៀស​វាង​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែធ្ងន់​ធ្ងរ​ឡើង។

ដល់​ពេល​កូន​ធំ​ដឹង​ក្តីមក​គាត់​បែរ​ជា​មាន​វិប្បដិ​សារី ហេតុ​អី​បាន​ជា​ម្តាយបង្កើត​មក​ហើយ គាត់​អត់​ចិញ្ចឹម​បែរ​ជាឲ្យ​ទៅ​នៅ​ជា​មួយ​គេ ករណី​ដែលគេ​ដឹងណា ធម្មតា​លាក់​អត់​ជិត​ទេ ជា​ទូ​ទៅ​យើង​មើលឃើញ​ហើយ។ ករណី​ដែល​ឪពុក​ម្តាយ​គាត់​អត់​កូន គាត់​យកកូន​គេ​មក​ចិញ្ចឹម​ដល់​ពេល​កូន​ហ្នឹង​ធំ​ឡើង​ទៅ មាន​អ្នកជិត​ខាង​និយាយប្រាប់​ពីនេះ​ពី​នោះ​ទៅ យូរ​ឬ​ឆាប់​គាត់​ដឹង​ហើយ ពេល​គាត់ដឹង​ទៅ​វា​ប៉ះពាល់​ដល់​អារម្មណ៍​ផ្លូវ​ចិត្ត​របស់​កុមារ ធ្វើ​ឲ្យ​ក្មេង​ហ្នឹង​អាច​ទៅ​ជា​ប្រើ​ប្រាស់​គ្រឿងញៀន​បងធំ​បងតូចអី​អញ្ចឹង​ទៅ

នាយកប្រតិបត្តិនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ លោក ង៉ែត ធី

បើតាម​លោក ង៉ែត ធី រដ្ឋាភិបាល​ក្រៅពី​ពន្លឿន​ច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួសនោះ គួរតែមាន​ការ​ផ្សព្វផ្សាយ​ឲ្យបាន​ច្រើន​នូវ​ផល​វិបាក​នៃ​បញ្ហា​នេះ​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែរ។

គួររំលឹក​ផង​ដែរ​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពីថ្ងៃ​ទី​ ៣ ខែ​សីហា​ឆ្នាំ ២០១៧ បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រីជន​ជាតិ​អូស្ត្រាលីឈ្មោះ Tammy- Alayne Chales និង​បក្ខពួក២នាក់​ទៀត​ដែលជា​​ជនជាតិ​ខ្មែរ ​ដាក់​ពន្ធនាគារក្នុង​ម្នាក់ៗ​ ១ ​ឆ្នាំ ៦ ​ខែ​ ចោទ​បទ «​អន្ដរកាលរវាងអ្នកសុំកូន និងស្ត្រីពពោះ និងបទសុំឲ្យផ្ដល់ឯកសារទុច្ចរិត» និង​ពិន័យ​ប្រាក់​ ៤ ​លាន​រៀល​ចូល​ថវិការដ្ឋ​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ