បញ្ហាការផ្គត់ផ្គង់ទឹកស្អាត ធ្វើឲ្យទំនាក់ទំនងម៉ាឡេស៊ី-សឹង្ហបុរីល្អក់កករ

លោក មហាធា មហាម៉េត និងលោក លី សៀនឡុង

បញ្ហាទាំងនោះរួមមានការប្រកាសការផ្អាកគម្រោង​សាងសង់រថភ្លើងល្បឿនលឿនពីទីក្រុងកូឡាឡាំពួរមកសឹង្ហបុរីដែលមានតម្លៃរាប់ពាន់លានដុល្លា​ជាដើម។

ប៉ុន្តែរឿងសំខាន់មួយទៀតដែលឲ្យធ្វើអោយទំនាក់ទំនងសឹង្ហបុរី និងម៉ាឡេស៊ីកាន់តែមានល្អក់កករនឹងគ្នារឹតខ្លាំងជាងនេះទៀតនោះគឺរឿង«ការផ្គត់ផ្គង់ទឹក»។

សឹង្ហបុរី​ជាបុរីរដ្ឋមួយដែលហ៊ុមព័ទ្ធដោយសមុទ្រ ហើយពុំមានប្រភពទឹកសាបគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ផ្ទាល់ខ្លួននោះទេ។ ប្រទេសត្រូវពឹងផ្នែក​លើទឹកដែល​នាំយកចូលយកពីភូមិផងរបងជាមួយ ពោលគឺប្រទេស​ម៉ាឡេស៊ីតែម្តង។

ប្រទេសសឹង្ហបុរីបានចុះកិច្ចព្រមព្រៀងស្តីពីការផ្គត់ផ្គង់ទឹកជាមួយប្រទេសម៉ាឡេស៊ីជាបន្តបន្ទាប់។ ក្នុងនោះ​ កិច្ចព្រមព្រៀងដែល​មានសុពលភាពនៅឡើយ គឺកិច្ចព្រមព្រៀងទឹកទន្លេចូហ័រដែលធ្វើឡើង​នៅឆ្នាំ១៩៦២។ កិច្ចព្រមព្រៀងដែលមានរយៈពេល៩៩ឆ្នាំនេះ​ បានអនុញ្ញាតឲ្យសឹង្ហបុរី​អាចប្រើប្រាស់ទឹក​ពី​ទន្លេនេះប្រហែលជាង៩៤ម៉ឺន​ម៉ែត្រគូបក្នុងមួយថ្ងៃ។

ប៉ុន្តែកាលពីថ្ងៃអាទិត្យនិងថ្ងៃច័ន្ទកន្លងមកនេះនាយករដ្ឋមន្រ្តីវ័យ៩២ឆ្នាំរបស់ម៉ាឡេស៊ីដែល​ទើបតែឡើងកាន់អំណច លោក មហាធា មហាមេធ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន Bloomberg និង Channel News Asia ថាគាត់នឹងពិនិត្យមើលឡើងវិញលើកិច្ចព្រមព្រៀងទឹកឆ្នាំ១៩៦២ ដែលធ្វើជាមួយសឹង្ហបុរី ពោលគឺតាំងពីពេល​ដែល​សឹង្ហបុរីមិនទាន់បែក​ចេញពីម៉ាឡេស៊ីម្ល៉េះ។ លោក មហាធា បានលើកឡើងថា​កិច្ចព្រមព្រៀង​លើការផ្គត់ផ្គង់ទឹក​ដែល​ធ្វើឡើងជាមួយសឹង្ហបុរី​ជាការខាតបង់មួយដ៏ធំ ហើយ​នេះជាបញ្ហាដែល​ត្រូវដោះស្រាយជា​មួយសឹង្ហបុរី។

ចំណុចចំបងដែលនាយករដ្ឋ​មន្រ្តីម៉ាឡេស៊ីរូបនេះរិះគន់និងលើកឡើងនោះគឺតម្លៃនៃការលក់ទឹក​ទន្លេចូហ័រអោយសឹង្ហបុរី។

លោក​បានហៅតម្លៃលក់ទឹកអោយសឹង្ហបុរី​ថា​ជា​តម្លៃ​ដែលមិន​សមទាល់តែសោះសម្រាប់ពេលបច្ចុប្បន្ន។​

យោងតាមកិច្ចព្រមព្រៀងឆ្នាំ១៩៦២ ប្រទេសសឹង្ហបុរីទិញទឹកពីទន្លេចូហ័ររបស់ម៉ាលេស៊ីក្នុង​តម្លៃ​ប្រហែល​៧រៀលខ្មែរក្នុងមួយម៉ែត្រគូប។

ភ្លាម​ៗបន្ទាប់ពីការលើកឡើងរបស់ម៉ាឡេស៊ីបែបនេះ ក្រសួងការបរទេស​សឹង្ហបុរី​បាន​ប្រាប់ទៅម៉ាឡេស៊ីថា​ត្រូវគោរពឲ្យបាននូវកិច្ចព្រមព្រៀងឆ្នាំ១៩៦២ ព្រោះថា​នេះជា​កិច្ចសន្យាដែល​ធ្វើ​ឡើង​ដោយមាន​ការយល់ព្រម​ទាំងពីរភាគី។

សឹង្ហបុរីបាន​បំបែក​ខ្លួន​ចេញជាប្រទេសឯករាជ្យចេញពីម៉ាឡេស៊ីនៅឆ្នាំ១៩៦៥។ គួរបញ្ជាក់ផងដែរថា​​ទឹកដែល​ប្រើប្រាស់ក្នុងប្រទេសសឹង្ហបុរីសព្វថ្ងៃជាងពាក់កណ្ដាលគឺពឹងផ្អែក​លើការនាំចូលពីបរទេស។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ