ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​អះអាង​ថា​អាជ្ញាធរ​រារាំង​ពួក​គេ​មិន​ឲ្យ​ជួប​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីសរុបប្រមាណ ២៤,៣៧៥នាក់ មកពីរោងចក្រចំនួន៥ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថ្ងៃទី​២៧ មិថុនា ២០១៨ (រូបភាព៖ FN)

តំណាងសហគមន៍ឡពាង ​អ្នកស្រី  កែវ វណ្ណ ប្រាប់វីអូឌីតាមទូរស័ព្ទនៅព្រឹកថ្ងៃពុធនេះថា ពួកគាត់ជួបជុំគ្នាដោយមានផែនការយកញត្តិទៅដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ដើម្បីឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយ​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី (KDC) ដែលជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ត្រូវជាភរិយា​លោក​ ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ប៉ុន្តែត្រូវបានអាជ្ញាធរារាំង។

គោលបំណងគឺខ្ញុំចង់យកពាក្យបណ្ដឹង ញត្តិរបស់ខ្ញុំយកទៅឲ្យសម្ដេច​ ក៏ប៉ុន្តែគោលបំណងខាងគេហ្នឹង គេមិនឲ្យពួកខ្ញុំទៅជួបទេ ទោះបីជាពួកខ្ញុំចេញទៅក៏ចេញទៅអត់រួចដែរ ព្រោះខ្ញុំមិនទាន់ចេញទៅផង គេនៅពេញមុខថ្នល់បាត់ហើយ

តំណាងសហគមន៍ឡពាង ​អ្នកស្រី  កែវ វណ្ណ

ពលរដ្ឋម្នាក់ទៀត លោក ស្ងួន ញៀន លើកឡើងថា ពួកគាត់ចង់ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ  ដើម្បីស្នើសុំឲ្យលោកកាត់ដីចំនួន២១.២២ហិកតា ដែលមានជម្លោះជាមួយ ក្រុមហ៊ុន ខេ.ឌី.ស៊ី (​KDC) ឲ្យពួកគាត់៥៣គ្រួសារវិញ។

លោកថា៖«ខ្ញុំទៅជួបសម្ដេចថ្ងៃនេះ គឺចង់ឲ្យសម្ដេចធ្វើយ៉ាងម៉េច ជួយដោះស្រាយវិវាទដីធ្លីដ៏រុំរ៉ៃមួយហ្នឹង គឺប្រគល់ដីឲ្យពួកខ្ញុំវិញ ហើយសុំឲ្យក្រុមហ៊ុនសងការខូចខាតដែលក្រុមហ៊ុនឈូសឆាយផ្ទះកាលពីឆ្នាំ២០០៨ហ្នឹង»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីមេប៉ុស្តិ៍ឃុំតាជេស លោក ចាន់ តារា និងអធិការស្រុកកំពង់ត្រឡាចបានទេនៅព្រឹកថ្ងៃពុធនេះ។​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​​អាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកករណីនេះ ជាការគំរាមកំហែង និងបំបិទសិទ្ធិប្រជាពលរដ្ឋក្នុងការតវ៉ា។ លោកបន្តថា ប្រសិនបើអាជ្ញាធរមិនចង់ឲ្យពួកគាត់ទៅជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ទេ  អាជ្ញាធរនៅក្នុងមូលដ្ឋានគួរតែទទួលញត្តិនេះពីប្រជាពលរដ្ឋរួចយកទៅដាក់ជូនរាជរដ្ឋាភិបាល។

អាជ្ញាធរដែលមានសមត្ថកិច្ចនៅក្នុងការគ្រប់គ្រងនៅកន្លែងដែលពួកគាត់រស់នៅហ្នឹង ត្រូវទទួលយកញតិទាំងអស់ហ្នឹង ហើយយកទៅជូនអ្នកដែល គាត់ធ្វើកិច្ចការទាំងអស់នៅក្បែរជាមួយនឹងប្រមុខរដ្ឋាភិបាល។ ប្រសិនជាយើងនៅតែធ្វើមធ្យោបាយបែបនេះ ខ្ញុំជឿជាក់ថាដំណោះស្រាយបែបនេះ មិនមែនជាការដោះស្រាយជូនប្រជាពលរដ្ឋទេ គឺធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានការលំបាក ហើយប្រឈមទៅនឹងការខ្វះខាតជីវភាពទៀត ព្រោះទំនាស់នេះយូរឆ្នាំមកហើយ ហើយចំណាត់ការដោះស្រាយនៅតែមិនអាចរកដំណោះស្រាយទៅបាន

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​​អាដហុក លោក ស៊ឹង សែនករុណា 

ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​ឃុំ​តាជេស និង​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​អូស​បន្លាយ​រយៈពេល​ជាង១០​ឆ្នាំ​មក​ហើយ ហើយ​ជម្លោះ​នេះ​បាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដាក់​គុក និង​ប្រើ​ហិង្សា​បណ្ដាល​ឲ្យ​របួស​ជាច្រើន​នាក់។ ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៤ ក្រុម​អ្នក​ភូមិ និង​កម្មករ​ស៊ី​ឈ្នួល​ធ្វើ​របង​ឲ្យ​ក្រុមហ៊ុន បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ចម្ពាម​កៅស៊ូ​ប្រើ​គ្រាប់​ដែក និង​ដុំ​ថ្ម បណ្ដាល​ឲ្យ​របួស​ទាំង​សង​ខាង​ជាង២០​នាក់។ ក្រោយ​មក តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​ដាក់​គុក តាម​បណ្ដឹង​របស់​ភាគី​កម្មករ​ក្រុមហ៊ុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ