មូលហេតុ​ ២​ ដែល​ពលរដ្ឋ​វៀតណាម​មិន​សប្បាយ​ចិត្ត​ទោះ​សេដ្ឋកិច្ច​រីក​ចម្រើន​​

ពលរដ្ឋវៀតណាមផ្ទុះការតវ៉ាចំពោះការផ្ដល់ដីសម្បទានដល់ចិន ៩៩ ឆ្នាំ (រូបភាព៖ វេបសាយប្រទេស)

អត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៦,៣% ចាប់ពីឆ្នាំ២០០៣ដល់២០១៧។ យោងរបាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ត្រីមាសដំបូងឆ្នាំ២០១៨នេះកំណើនសេដ្ឋកិច្ចវៀតណាម ៧,៣៨% ចំណែកអត្រាចំណូលពលរដ្ឋម្នាក់ក្នុង១ឆ្នាំមានជាង២ ៣០០ដុល្លារអាមេរិក។​

របាយការណ៍ដែលផ្សព្វផ្សាយដោយគេហទំព័រhowmuch.net ស្តីពីចំនួននៃការនាំចេញរបស់ ប្រទេសនានានៅលើពិភពលោកក្នុងឆ្នាំ២០១៧បង្ហាញថា វៀតណាម​នាំទំនិញចេញលក់លើទីផ្សារអន្តរជាតិបានក្នុងទឹកប្រាក់២១៤ប៊ីលានដុល្លារ ខណៈថៃនាំចេញ២៣៦ប៊ីលាន និងសិង្ហបុរីនាំចេញបាន ៣៧៦ ប៊ីលានដុល្លារ។​

ទោះយ៉ាងណាអត្រាកំណើនសេដ្ឋកិច្ចសេដ្ឋកិច្ចទាំងនេះ មិនបានធ្វើឲ្យប្រជាពលរដ្ឋ វៀតណាមសប្បាយចិត្តនោះទេ។ មូលហេតុដែលនាំឲ្យពួកគេមិនសប្បាយចិត្តមានមូលហេតុពីរ សំខាន់គឺ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច៩៩ឆ្នាំឲ្យចិន និងការបង្កើតច្បាប់សន្តិសុខលើប្រព័ន្ធអ៊ិនធើណែត។

ការផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យចិន

កាលពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមិថុនាកន្លងទៅនេះ ប្រជាពលរដ្ឋវៀតណាមទាំងក្នុងនិងក្រៅ ប្រទេសផ្ទុះការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលរៀបចំច្បាប់ផ្តល់ដីសម្បទានសេដ្ឋកិច្ចឲ្យចិន៩៩ឆ្នាំ។​​ អំឡុងពេលផ្ទុះការតវ៉ាអគារមួយចំនួនរបស់រដ្ឋ និងរថយន្តសមត្ថកិច្ចជាច្រើនគ្រឿងត្រូវបានដុតបំផ្លាញ។ ក្រោយការតវ៉ាសមត្ថកិច្ចជាង៤០នាក់រងរបួស អ្នកតវ៉ាជាង ៣០០នាក់ត្រូវចាប់ខ្លួន។

ក្រុមបាតុករបានកាន់បដាដែលសរសេរថា “គ្មានការជួលដីទៅប្រទេសចិនសូម្បីតែគ្រប់ពេលវេលា” ក្នុងអំឡុងពេលបាតុកម្មមួយប្រឆាំងនឹងពង្រាងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនៅហាណូយប្រទេសវៀតណាមនៅថ្ងៃទី 10 ខែមិថុនាឆ្នាំ 2018 (រូបភាព៖ REUTERS)

មូលហេតុនៃការតវ៉ាត្រូវបាតុករស្រែកតាមផ្លូវ និងសរសេរដាក់លើបដាដោយបារម្ភខ្លាច បាត់បង់ទឹកដីទៅចិន ចោទថាចិនជាអ្នកឈ្លានពានប្រទេសវៀតណាម ក្នុងមានបដាមួយដែល មានការចាប់អារម្មណ៍ គឺ«យើងស្រលាញ់ទឹកដីកំណើតយើង សូម្បីមួយថ្ងៃក៏មិនជួលឲ្យចិនដែរ »

អារម្មណ៍ពលរដ្ឋវៀតណាមមិនពេញចិត្តចិនគឺឡើងកម្ពៅជាបន្តបន្ទាប់ កាលពីឆ្នាំ២០១៤ ផ្ទុះការតវ៉ាក្រោយពេលចិនបណ្តេញវៀតណាមចេញពីកន្លែងបូបយកប្រេងក្នុងសមុទ្រមានជម្លោះ ហើយនៅ២០១៦ផ្ទុះការតវ៉ាប្រឆាំងក្រុមហ៊ុនចិនដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។​

ច្បាប់សុវត្ថិភាពអ៊ិនធើណែត

ច្បាប់នេះសភារបស់វៀតណាមបានអនុម័តកាលពីដើមខែមិថុនា ហើយនឹងចាប់ផ្តើមអនុវត្តន៍ នៅថ្ងៃទី១ខែមករាឆ្នាំ២០១៩។ ច្បាប់នេះតម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាតាមអ៊ិនធើណែតដូចជា Facebook និងGoogleជាដើម ត្រូវរក្សាទុកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាល។​

ចំណុចនេះបានន័យថា រដ្ឋាភិបាលអាចពិនិត្យគ្រប់ទិន្នន័យ ខ្លឹមសារឬ ដឹងគ្រប់សកម្មភាពរបស់អ្នកប្រើប្រាស់។ រដ្ឋាភិបាលបង្កើតច្បាប់នេះឡើងក្រោមហេតុផលសន្តិសុខជាតិ​ ប៉ុន្តែពលរដ្ឋយល់ថា ច្បាប់នេះនឹងបិទសិទ្ធិសេរីភាពរបស់ពួកគេកាន់តែខ្លាំង។​

របាយការណ៍របស់statista.comបង្ហាញថា នៅឆ្នាំ២០១៨នេះពលរដ្ឋវៀតណាម ជាង៣៣លានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហើយដល់ឆ្នាំ២០២២អ្នកប្រើប្រាស់បណ្តាញសង្គមនេះកើនដល់ជាង៤០លាន។ ក្រុមហ៊ុនដដែលបង្ហាញថា អ្នកប្រើប្រាស់អ៊ិនធើណែតឆ្នាំ២០១៨ជាង៥៥លាន ហើយនៅឆ្នាំ២០២២មានជាង៥៩លាន។

របាយការណ៍នេះអាចបង្ហាញថា វៀតណាមជាប្រទេសកុម្មុយនីស្តប៉ុន្តែពលរដ្ឋសកម្មក្នុងការស្វែងរកព័ត៌មាននានាទាក់ទងការសម្រេចចិត្តរបស់រដ្ឋាភិបាល។​

បើទោះជាមានការតវ៉ាពីពលរដ្ឋ ប៉ុន្តែរដ្ឋមិនបានសម្រេចឲ្យច្បាស់លាស់នៅឡើយលើបញ្ហាទាំងនេះគឺការសម្បទានដីឲ្យចិនគ្រាន់តែផ្អាកមិនទាន់លប់ចោលទេ ចំណែកច្បាប់អ៊ិនធើណែតនៅតែអាចអនុវត្តន៍នៅដើមឆ្នាំក្រោយ បើមិនមានអ្វីប្រែប្រួលទេនោះ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ