សាលារាជធានីភ្នំពេញប្រកាសបិទចរាចរត្រង់ចំណុចរង្វង់មូលចោមចៅនៅថ្ងៃសុក្រស្អែក   

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ (រូបភាព៖ ហ្វេសប៊ុក សាលារាជធានីភ្នំពេញ)

រដ្ឋបាលរាជធានីភ្នំពេញប្រកាសដល់ពលរដ្ឋ​ដែល​នឹងធ្វើ​ដំណើរឆ្លងកាត់​រង្វង់មូលចោមចៅនៅ​ថ្ងៃសុក្រស្អែកនេះ ឲ្យពង្វាងទិសចរាចរចូលមកទីក្រុង ដោយ​សារតែមានការ​សម្ភោធបើកការដ្ឋានសាងសង់​ស្ពាន​អាកាស​និង​ផ្លូវក្រោមដីនៅ​ត្រង់​រង្វង់មូលចោមចៅ។​

យោងតាម​សេចក្តី​ជូនដំណឹង​របស់សាលារាជធានីភ្នំពេញ​ចេញកាលពី​ថ្ងៃពុធម្សិលមិញឲ្យដឹងថា លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន និង​លោកស្រី​ ប៊ុន រ៉ានី និង​ធ្វើជា​អធិបតីក្នុងការបើក​ការដ្ឋាន​សាងសង់​ស្ពានអាកាស និង​ផ្លូវក្រោមដីត្រង់ចំណុចរង្វង់មូលចោមចៅ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យនៅព្រឹកថ្ងៃសុក្រស្អែកនេះ ដោយ​មានអ្នកចូលរួម​ប្រមាណ៦០០០នាក់។​

តាមរយៈសេចក្តី​ជូនដំណឹងនោះ សាលារាជធានីភ្នំពេញ​បាន​ស្នើ​ដល់​ម្ចាស់រថយន្ដដឹកទំនិញគ្រប់ប្រភេទ និងម្ចាស់រថយន្ដដឹកអ្នកដំណើរចេញ-ចូលរាជធានីភ្នំពេញពង្វាងផ្លូវឆ្លង់កាត់រង្វង់មូលចោមចៅ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៅកន្លែងរៀចំ​កម្មវិធី។ ក្នុង​សេចក្តី​ប្រកាស​បាន​ណែនាំ​ដល់រថយន្ដមកពីផ្លូវជាតិលេខ៣ ចូលរាជធានីភ្នំពេញត្រូវធ្វើដំណើរតាមផ្លូវពង្វាងបត់ស្ដាំទៅតាមផ្លូវព្រៃស មុខវត្តស្លែងឬទៅតាមផ្លូវទួលពង្រ។ ចំណែកឯរថយន្តតាមផ្លូវចោមចៅ ចេញក្រៅរាជធានីទៅផ្លូវជាតិលេខ៣ ត្រូវធ្វើដំណើរតាមផ្លូវទួលពង្រ។ តាម​សេចក្តី​ប្រកាសដដែល ចំពោះ​អ្នក​ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ចូលមកទីក្រុង​ត្រូវ​បត់ស្តាំត្រង់ផ្សារ​បែកចាននិង​បត់វាងតាម​ផ្លូវកប់ស្រូវ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ