វិភាគ​៖​ ហេតុអ្វី​រដ្ឋាភិបាល​យោធា​ថៃ​ចេះ​តែ​ពន្យារ​ពេល​​ការ​បោះឆ្នោត​?​

លោក ប្រាយុទ្ធ ចាន់អូចា និងលោក ថាន់ស៊ីន ស៊ីណាវ៉ាត្រា

ប្រទេសថៃត្រូវបានកាន់កាប់ដោយក្រុមយោធាតាំងពីមានរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្រ្តី​ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលខែឧសភាពីឆ្នាំ២០១៤មកម៉្លេះ។ រដ្ឋាភិបាល​យោធាមួយ​នេះ តែងតែសន្យា​នឹង​ប្រជាពលរដ្ឋថៃ ថានឹងរៀបចំឲ្យមាន​ការ​បោះឆ្នោត​ ដើម្បីឲ្យប្រទេស​​ខ្លួន​មានការគ្រប់គ្រង​តាម​បែបស៊ីវិលវិញ ក្នុងអំឡុងពេល​ពេល២ឆ្នាំ។

ប៉ុន្តែ រដ្ឋាភិបាលយោធាប្រទេសនេះ តែងតែលើកពេល​បោះឆ្នោតម្តងហើយម្តងទៀត។ កាលបរិច្ឆេតនៃការបោះឆ្នោតចុងក្រោយនេះ​ ដែល​កំណត់​ដោយ​រដ្ឋាភិបាលយោធាថា​ នឹងមានការរៀបចំឲ្យមានការបោះ​ឆ្នោត​នា​ខែ​កុម្ភៈឆ្នាំ២០១៩ខាងមុន ប៉ុន្តែកាលពីថ្ងៃអង្គារសប្តាហ៍មុននាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន​ លោក ប្រាយុទ្ធ ចាន់អូចា បាន​ប្រកាស​ថា ​ការ​បោះឆ្នោត​ដែល​គ្រោងនឹង​ធ្វើនៅខែកុម្ភៈឆ្នាំ២០១៩ នឹងមិន​កើតមាន​ទេ ដោយ​លើកហេតុផល​ថា​ រដ្ឋាភិបាល​ត្រូវរៀបចំពិធីឡើងគ្រងរាជសម្បត្តិ​របស់ព្រះ​មហាក្សត្រខ្លួន​ជាមុខសិន។

នេះ មិនមែន​ជាលើកទី១ទេ ដែល​រដ្ឋាភិបាល​យោធាថៃ តែង​តែ​លើកពេលក្នុងការរៀបចំការបោះ ដោយ​លើកផល​ផ្សេងៗ មក​អះអាងថា​ជារឿង​សំខាន់ជាការបោះឆ្នោត​ ដែល​ខ្លួន​តែងតែសន្យា។

តើមូលហេតុ​ធ្វី​បាន​ជា​រដ្ឋាភិបាលយោធា​ថៃ​ដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា​ ចេះ​ តែរកលេស​ពន្យាពេល​នៃការ​បោះ​ឆ្នោត​ម្តងហើយម្តងទៀត​?

ការពិតមួយ ដែល​មិនអាចបដិសេធ បាន​គឺរដ្ឋាភិបាល​របស់ក្រុម​យោធា​ថៃ​នៅ​តែ​ខ្លាច​ញញើត​នឹង​ឥទ្ធិ​ពល​របស់ត្រកូល ស៊ីណាវ៉ាត្រា​​  ដែល​ចាក់ឬសក្នុងនយោបាយ​ប្រទេស​ថៃ​ជិត​២០ឆ្នាំមកហើយ។ ថ្វីត្បិតតែបងប្អូន​ត្រកូល ស៊ីណាវ៉ាត្រា​​ ដែល​រួម​មាន​លោក ​ថាក់ស៊ីន ​និង​អតីតនាយករដ្ឋមន្រ្តីលោកស្រី យីងឡាក់ ​ដែល​ត្រូវបាន​ទម្លាក់​ដោយ​រដ្ឋ​ប្រហារ​យោធាដឹកនាំ​ដោយ​លោក​ប្រាយុទ្ធ​ ចាន់អូចា​ កំពុងរស់នៅ​និរទេស​នៅបរទេស​យ៉ាងណា​ក៏ដោយ​ ក៏គណបក្ស​របស់​ពួកគេធ្លាប់ដឹកនាំ​នៅតែមានវត្តមាន​ក្នុងប្រទេស​ថៃដដែល។

ត្រកូល ស៊ីណាវ៉ាត្រា​​ នៅតែមាន​ឥទ្ធិពល​លើ​គណបក្ស​ភឿថៃ បើទោះបីជា​មេដឹក​នាំ​គណបក្ស​នេះ​តែង​តែ​អះអាង​ថា ​ទាំងលោក​ថាក់ស៊ីន ទាំងលោកស្រីយីងឡាក់ ពុំមានឥទ្ធិពលណាមួយ​លើគណបក្សខ្លួន​យ៉ាងណាក៏ដោយ ក្រោយ​ពេល​ដែល​រដ្ឋា​ភិបាលយោធា​បាន​ចោទប្រកាន់ ហើយ​ជម្រុញ​ឲ្យមាន​ការស៊ើបអង្កេតទៅលើគណបក្សនេះ ថាមាន​ទាក់ទងនឹងអតីតនាយករដ្ឋមន្រ្តីទាំងពីររូបនោះ​។

គណបក្ស​ភឿថៃ ជាគណបក្ស​មួយដែលមានប្រជាប្រិយ​បំផុត​នៅក្នុងស្រទាប់ប្រជាជន​ក្រីក្រ​ថៃ ជាពិសេស​​ក្រុមកសិករ​​ ដោយសារតែគោលនយោបាយគណបក្សនេះ គាំទ្រ​និង​ធានាតម្លៃកសិផល​របស់​ពួកគេ។ និយាយជារួម បើទោះជានាយករដ្ឋមន្រ្តីយោធាថៃ លោក ប្រាយុទ្ធ ចាន់អូចា មិន​បាន​និយាយ​ជាសាធារណៈពី​ឥទ្ធិពលត្រកូល ស៊ីណាវ៉ាត្រា យ៉ាងណាក៏ដោយ ក៏​អ្វីដែល​លោក​ ប្រាយុទ្ធ ​ធ្វើនៅ​ពេល​នេះ​ បង្ហាញពីការបារម្ភរបស់ខ្លួន​នូវការវិល​ត្រឡប់​របស់​គ្រួសារ​​ ថាក់ស៊ីន មកវិញ នៅពេល​ដែល​គណបក្សភឿថៃឈ្នះឆ្នោតនោះ។

ម្យ៉ាងវិញទៀត ការពន្យា​ពេល​បោះឆ្នោត​របស់រដ្ឋាភិបាល​យោធា​ម្តងហើយម្តងទៀត​អាចបណ្ដាល​មក​ពីពួកគេត្រូវការពេល​វេលា​បន្ថែម​ទៀត ក្នុងការ​កសាងទំនុកចិត្តនិងប្រជាប្រិយ​ភាពពីសំណាក់​មហាជន​ថៃ​ ជាពិសេស​ក្រុម​កសិករ ​ដែល​ធ្លាប់តែ​ជា​អ្នក​ដែល​ស្មោះស្ម័គ្រ​នឹងអតីតនាយករដ្ឋមន្រ្តីបងប្អូន​ត្រកូល ស៊ីណាវ៉ាត្រា​។ បើទោះបី​ជា​លោក ​​ប្រាយុទ្ធ មិនដែល​និយាយ​ជាសា​ធារណៈ​ថា លោក​នឹងបង្កើតគណបក្ស ​ហើយ​ឈរឈ្មោះជា​បេក្ខ​ជន​នាយករដ្ឋ​មន្រ្តីយ៉ាងណាក៏ដោយ ប៉ុន្តែ​ កាលពីខែមករាកន្លងទៅ លោក​បានប្រកាសថា​ លោក​ពេល​នេះ​មិនមែនជាមន្រ្តី​យោធាទៀតទេ លោកជាអ្នកនយោបាយ​។

ក្នុងរយៈពេល​ចុងក្រោយ​នេះ លោក​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា​​ តែងតែ​ចុះទៅតាម​មូលដ្ឋានជួប​សំណះសំណាលជាប្រជាជន​ថៃជាញឹកញាប់ ដែល​ស្របពេល​ជាមួយ​គ្នា​នេះ​គណបក្សដទៃ​ទៀត​ មិន​អាច​ធ្វើ​ការជួបជុំ​គ្នា​បាន​ស្រួល​ដូចលោក ប្រាយុទ្ធ ទេ។ លោក​នាយករដ្ឋមន្រ្តីរូបនេះបាន​ប្រើ​ឱកាស​នេះ ដើម្បី​កសាង​ភាពស្និទ្ធស្នាល​ជាមួយប្រជាជននៅតាម​មូលដ្ឋាន​ទាំងនោះ។ ដូច្នេះការពន្យាពេលបោះឆ្នោត ​ក៏អាចជួយឲ្យនាយករដ្ឋមន្រ្តីរូបនេះ មានពេល​វេលា​គ្រប់គ្រាន់ ​ដើម្បី​កសាង​ប្រជាប្រិយភាពរបស់​ខ្លួន​។

ចាប់តាំងពីឆ្នាំ២០១៤ រដ្ឋាភិបាល​យោធា បាន​លើកពេល​បោះឆ្នោត ដែល​ខ្លួនបាន​កំណត់​​ចំនួនបីលើក​មកហើយ។ ប្រទេស​កាន់លទ្ធិប្រជាធិបតេយ្យ​ ដែល​ជាសម្ព័ន្ធមិត្ត​ស្និទស្នាល​របស់ថៃមាន​ដូចជា​សហគមន៍អឺរ៉ុប និង​ អាមេរិក​ជាដើមតែងតែ​ជម្រុញឲ្យរដ្ឋា​ភិបាល​យោធា​ថៃ​រៀបចំឲ្យមាន​ការបោះឆ្នោត​តាម​បែបប្រជាធិបតេយ្យឡើងវិញឲ្យបាន​ឆាប់តាម ​ដែល​អាចធ្វើទៅបាន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ