គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បង្ហាញរបាយការណ៍ថា ចំនួនអ្នកចុះឈ្មោះអង្កេតការណ៍បោះឆ្នោតសម្រាប់អាណត្តិទី៦នេះ កើនឡើងជាង១ម៉ឺននាក់ បើប្រៀបធៀបជាមួយអាណត្តិទី៥កន្លងទៅមានតែជាង៤ម៉ឺននាក់។
អ្នកនាំពាក្យគ.ជ.ប មានប្រសាសន៍ថា គិតថ្ងៃនេះ ចំនួនអ្នកអង្កេតការណ៍មានជាង៥ម៉ឺននាក់ មកពីស្ថាប័នចំនួន៨២ផ្សេងគ្នា។លោកបន្តថា ចំនួននេះនឹងកើនឡើងទៀត ដោយសារការទទួលឈ្មោះអ្នកសុំអង្កេតការណ៍បន្តរហូតដល់ថ្ងៃទី១៨ខែកក្កដា។
អង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនដែលប្រកាសមិនដាក់អ្នកអង្កេតការណ៍រួមមាន ខុមហ្វ្រែល និចហ្វ្រិក និង អង្កការតម្លាភាពកម្ពុជា។ អង្គការទាំងនេះបញ្ជាក់ថា ការមិនដាក់អ្នកអង្កេតការណ៍ដោយសារតែបញ្ហាស្ថានភាពនយោបាយមិនល្អនិងការភ័យខ្លាចមានការចោទប្រកាន់ផ្សេងៗ។
មន្រ្ដីជាន់ខ្ពស់អង្គការខុមហ្រ្វែល លោក កន សាវាង្ស មានប្រសាសន៍ថា ការវាស់វែងលើការបោះឆ្នោតនោះយុត្តិធម៌ឬអត់ វាមិនផ្អែកតែលើចំនួនអ្នកអង្កេតការណ៍មួយមុខទេ។
មន្រ្ដីជាន់ខ្ពស់អង្គការខុមហ្រ្វែល លោក កន សាវាង្ស
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា អ្នកអង្កេតការណ៍៥ម៉ឺននាក់ អាចដាក់នៅគ្រប់ការិយាល័យបោះឆ្នោតបាន ប៉ុន្តែលោកបារម្ភពីសមត្ថភាពនិង ឯករាជ្យភាពរបស់អ្នកទាំងនោះ។
នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី
ទោះយ៉ាងណា លោកហង្ស ពុទ្ធា បញ្ជាក់ថា អ្នកអង្កេតការណ៍ទាំងនោះ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ។
លោកបានបន្ដថា៖ “យើងតែងតែគោរពអញ្ជើញគ្រប់តំណាងភាគីពាក់ព័ន្ធ មកជួបប្រជុំគ្នា យើងផ្ដល់ឯកសារជូន ហើយបើអង្គការនោះត្រូវការមន្រ្ដីជំនាញយើងក៏ធ្វើការបណ្ដុះបណ្ដាលជូនទៀត”។
ការបោះឆ្នោតអាណត្តិទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។ ចំណែកប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានជាង៨លាននាក់។