ណាជីប រ៉ាហ្សាក់ រង​ភាព​​អយុត្តិធម៌​ក្រោម​ប្រព័ន្ធ​ដែល​លោក​បង្កើត​

លោក ណាជីប រ៉ាហ្សាក់ អតីតមេដឹកនាំ​ម៉ាឡេស៊ី (រូបភាព៖ វេបសាយបរទេស)

អតីតមេដឹកនាំ​ម៉ាឡេស៊ី ដែលទើបបាត់បង់តំណែង​តាមរយៈការបោះឆ្នោតជាការសម្រេចពីពលរដ្ឋកាលពីខែឧសភាកន្លងទៅនេះ បានត្អូញត្អែរថា លោកកំពុងតែរងគ្រោះដោយសារតែ សមត្ថកិច្ចចាត់វិធានការលើរូបលោក ក្រោមរូបភាពនយោបាយសងសឹក។

លោក ណាជីប រ៉ាហ្សាក់ កាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០៩ ដល់២០១៨។ ក្នុងការដឹកនាំរបស់លោករងការចោទប្រកាន់ជាច្រើនលើការប្រព្រឹត្តអំពើពុករលួយ ការរំលោភសិទ្ធិមនុស្សនិងការបង្កើតច្បាប់ផ្សេងៗ ដើម្បីចាត់វិធានការលើក្រុមគណបក្សប្រឆាំង។​

ចំណុចមួយដែលមានការចាប់អារម្មណ៍ខ្លាំងនោះគឺមុនពេលបោះឆ្នោតលោកណាជីបបានរៀបចំច្បាប់មួយប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងនៃច្បាប់នេះក៏ជាផ្នែកមួយសំខាន់ក្នុងការចាត់ការលើក្រុមគណបក្សប្រឆាំង។​

ក្រោយពេលចាញ់ឆ្នោតភ្លាមស្ថាប័នប្រឆាំងអំពើពុករលួយបានចេញបំរាមហាមអតីតនាយករដ្ឋមន្ត្រីរូបនេះ មិនឲ្យចាកចេញពីប្រទេស ដោយដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត។​

សមត្ថកិច្ចបានសម្រុកចូលក្នុងផ្ទះរបស់លោក ណាជីប ហើយបានប្រមូលរបស់មានតម្លៃជាច្រើនយកធ្វើជាភស្តុតាងទាក់ទងការចោទប្រកាន់ថា មានការប្រព្រឹត្តអំពើពុករលួយធ្វើឲ្យបាត់បង់លុយជាតិ ក្នុងគម្រោង 1MDB ជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិតនៅក្រោម​ក្រសួងហិរញ្ញវត្ថុ។​

សម្ភារដែលសមត្ថកិច្ចប្រមូលបាននោះមានចំនួន​១២ ០០០ប្រភេទ គិតជាទឹកប្រាក់មានតម្លៃប្រមាណ ២០០លានដុល្លារ ដែលក្នុងនោះមានទូរសព្ទម៉ាកល្បី​មួយតម្លៃជាង៨០ម៉ឺនដុល្លារ។​

នៅក្នុងសេចក្តីថ្លែងការណ៍ របស់លោក ណាជីប ដាក់ផ្សព្វផ្សាយលើហ្វេសប៊ុករបស់លោកបានចោទថា ចំណាត់ការលើរូបលោកពេលនេះគឺគ្រាន់តែជាការសងសឹកនយោបាយ មិនមែនជាចំណាត់ការផ្លូវច្បាប់នោះទេ។​ លោកថា ទ្រព្យជាច្រើននោះគឺជារបស់ដែលគេផ្តល់ឲ្យជាអំណោយពីអ្នកស្គាល់គ្នា ក្នុងនោះក៏រួមមានទាំងអំណោយពីព្រះមហាក្សត្រផងដែរ។​

​លោក ណាជីប ក៏ធ្លាប់ចោទសមត្ថកិច្ចថា មានចរិតមិនល្អពេលឆ្មក់ចូលផ្ទះរបស់លោក មានការលួចរបស់របរមានតម្លៃមួយចំនួនផង។​

ការប្រកាសរបស់លោកណាជីប​ថា ខ្លួនទទួលភាពអយុត្តិធម៌នេះនាំឲ្យមានការចោទសួរថា បើប្រព័ន្ធយុត្តិធម៌មិនល្អ តើជាកំហុសអ្នកណា?

អាចជាកំហុសរបស់លោក ណាជីប រ៉ាហ្សាក់ ដែរឬទេ?​ ដែលលោក​បានដឹកនាំរយៈ១០ឆ្នាំ លោកមិនបានពង្រឹង។ ចំណែកគណបក្សរបស់លោក ណាជីប គឺគណបក្សបារីសាន ណាសិនណល ដឹកនាំប្រទេសរយៈពេល៦១ឆ្នាំកន្លងមកនេះ បានធ្វើខ្លះ?

មួយទៀតលោក ណាជីប អះអាងថា មានការប្រើប្រាស់ហេតុផលនយោបាយសងសឹក ចុះពេលដែលលោកណាជីបកាន់តំណែង តើមានអ្នកណាខ្លះជាអ្នករងគ្រោះដោយការប្រើប្រាស់ច្បាប់ស្ថិតនៅក្រោមហេតុផលនយោបាយដើម្បីចាត់ការគូប្រជែងនោះ?​​

បើសិនជាលោក ណាជីប រៀបចំប្រព័ន្ធយុត្តិធម៌បានត្រឹមត្រូវរឹងមាំហើយ ទោះជាអ្នកថ្មីឡើងកាន់តំណែងភ្លាមៗក៏មិនអាចធ្វើអ្វីបានតាមតែអំពើចិត្តដែរ។ ដូចករណីសហរដ្ឋអាមេរិក ពេលលោកត្រាំឡើងកាន់តំណែង បទបញ្ជានិងច្បាប់ថ្មីៗជាច្រើនលោកត្រាំដាក់ចេញ តែមន្ត្រីមិនព្រមអនុវត្តតាមដោយសារតែពួកគេយល់​មើលឃើញថា មានការរំលោភសិទ្ធិមនុស្ស ដោយអ្នកខ្លះសុខចិត្តលាលែងចេញពីតំណែង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ