អភិបាល​​ខេត្ត​​កោះកុង​​ឡើង​​មក​​ជួប​​ប្រជាពលរដ្ឋ​​ដែល​​មាន​​ជំលោះ​​ដី​ធ្លី​​ជាមួយ​​ក្រុមហ៊ុន​​ស្ករ​អំពៅ​​

អភិបាលខេត្តកោះកុង លោកស្រី ​​​មិថុនា ភូថង មកជួបជាមួយពលរដ្ឋដែលមកពីខេត្តកោះកុង ដែលឡើងមកតវ៉ានៅក្រសួងដែនដី

អភិបាលខេត្តកោះកុង លោកស្រី ​​​មិថុនា ភូថង នៅព្រឹកថ្ងៃសុក្រនេះ ​​​បានជួបចរចារជាមួយពលរដ្ឋជាង២០០នាក់ ក្នុងជំលោះដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងKoh Kong Sugar Industry Co., Ltd. នៅវត្តសាមគ្គីរង្ស៊ី ក្នុងទីក្រុងភ្នំពេញបន្ទាប់ពីពួកគាត់បដិសេធត្រលប់ទៅដោះស្រាយនៅឯខេត្តកោះកុង។

លោក ស្រី មិថុនា​​​ ភូថង​​​ បានស្នើឲ្យតំណាងប្រជាពលរដ្ឋទៅពិនិត្យមើលដីដែល គ្រោងចែកជូនពួកគាត់ ហើយសន្យាថា  អាជ្ញាធរខេត្តនឹងចាប់ឆ្នោជូនពួកគាត់នៅភ្នំពេញ ដោយផ្តល់ដី ០២ហិចតា ក្នុងមួយគ្រួសារ ព្រមទាំងផ្តល់ជូនថវិកា ៣០០០ដុល្លារ ប្រសិនបើពួកគាត់យល់ព្រម។

អញ្ចឹងបានខ្ញុំសុំចិត្តឲ្យត្រង់ទាំងអស់គ្នាទៅមើលហើយ ទៅឈរកណ្ដាល បើបងណាស្ម័គ្រចិត្តស្អែកទៅបានព្រោះស្អែកនេះគឺទទួលទាំងដីទទួលទាំងលុយតែម្ដងឲ្យតែស្ម័គ្រចិត្តយកដី​ ទៅមើល មើល ថាតើដីហ្នឹងអាចនៅបានឬមិនបានព្រោះអីសុទ្ធតែដីយើងទំាងអស់គ្នាទេ

អភិបាលខេត្តកោះកុង លោកស្រី ​​​មិថុនា ភូថង

ក្រោយពីកិច្ចប្រជុំជាមួយអភិបាលខេត្ត ប្រជាពលរដ្ឋ៣០នាក់ តំណាងឲ្យ ប្រជាពលរដ្ឋ​​​៣១៧គ្រួសារ មកពីស្រុក ស្រែអំបិល និង​​​ បុទុមសាគរ បានយល់ព្រមទៅពិនិត្យដីដែលអាជ្ងាធរខេត្តគ្រោងចែកជូនពួកគាត់ តែទោះជាយ៉ាងណាប្រជាពលរដ្ឋមិនទាន់ប្រាកដថានឹងទទួលយកនោះទេ។

តំណាងពលរដ្ឋម្នាក់គឺ អ្នកស្រី ធឹម ស្រីផាត បានប្រាប់វីអូឌីថា អ្នកស្រីនឹងទៅពិនិត្យមើលដីនោះជាមួយតំណាងពលរដ្ឋផ្សេងទៀត។ អ្នកស្រីនឹងធ្វើការសម្រេចិត្តបន្ទាប់ពីពិនិត្យដីរួច ប៉ុន្តែអាជ្ញាធរត្រូវផ្តល់ប្រាក់បន្ថែម ព្រមទាំងឈូសឆាយដី។

អ្នកស្រី ធឹម ស្រីផាត បាននិយាយថា៖ «ឲ្យយើងទៅមើលកន្លែងហ្នឹង អាចយកបានដែរអត់ បើសិនជាយើងយកបាន អាហ្នឹងចង់និយាយថាបើសិនជាដីថ្មី បើសិនជាខ្ញុំមើលហើយអាចយកបាន ទាល់តែគាត់ហ្នឹងឈួសឆាយ ធ្វើឲ្យយើង ហើយនឹងខ្ញុំដែលថាអ្នកទទួលបានហ្នឹង ឲ្យចាប់លេខក្បាលឡូត៍ ហើយទទួលថវិការ សំណង ហ្នឹងមកហើយយកមក បង្ហាញបងប្អូន បញ្ជាក់ថា អាចទទួលយកបានហើយ អាហ្នឹងចាំបងប្អូនសំរេចចិត្តឲ្យបងប្អូនទៅយកទាំងអស់គ្នា»

តំណាងពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី ចេង ស៊ា បានប្រាប់វីអូឌីថា ដីដែលអភិបាលខេត្តស្នើឲ្យពលរដ្ឋទៅពិនិត្យមើល ជាដីដែលខាងខេត្តធ្លាប់​សន្យាថានឹងផ្ដល់ជូនកាលពីលើកមុន តែប្រជាពលរដ្ឋពុំបានទៅមើលនោះទេដោយសារឆ្ងាយ ហើយបារម្ភដីគ្មានជីជាតិ នឹងត្រូវចំណាយពេលឈូសឆាយទៀត។ ប៉ុន្តែពេលនេះអាជ្ញាធរខេត្តបានសន្យាជួយឈូសឆាយដី ទើបពួកគាត់យល់ព្រមទៅពិនិត្យមើលដីនោះ។

លោកជំទាវគាត់មានពីរផ្លូវ គាត់ថា កន្លែងដែលគាត់គ្រោងនឹងឲ្យពួកខ្ញុំទៅហ្នឹង គាត់ថាមិនបាច់ទៅមើលក៏បានដែរ គាត់ចង់ឲ្យទៅមើលដីជាប់ៗ នៅជិតផ្ទះដែលអាចទទួលយកបានក្រៅពីកន្លែងគោលការណ៍ចាស់ដែលខ្ញុំចង់បានហ្នឹងអញ្ចឹងទើបពួកខ្ញុំយល់ព្រមទៅមើល ថាកន្លែងហ្នឹងពួកខ្ញុំអាចទទួលយកបានដែរឬអត់

តំណាងពលរដ្ឋម្នាក់ទៀតគឺ អ្នកស្រី ចេង ស៊ា

អ្នកស្រី ចេង ស៊ាង​​​បាននិយាយថាតំណាង​​​ប្រជាពលរដ្ឋត្រូវផ្តល់ចំលើយជូនអាជ្ញាធរខេត្តនៅថ្ងៃស្អែក។

កាលពីថ្ងៃទី ២៦ខែមិថុនា ២០១៨នេះ ពួកគាត់បានឡើងមកភ្នំពេញម្តងទៀតដើម្បីស្វែងរកអន្តរាគមន៍ពី​​​លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន តែអាជ្ងាធរក្រុងភ្នំពេញបានរារាំងពួកគាត់មិនឲ្យទៅគេហដ្ឋានលោកហ៊ុន សែន។

ប្រជាពលរដ្ឋ​​​ទាំង ៣១៧​គ្រួសារ ​​មាន​វិវាទដីធ្លីជាមួយ​ក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងKoh Kong Sugar Industry Co., Ltd. តាំងពីឆ្នាំ ២០០៨។ ពួកគេឡើងមកតវ៉ានៅរាជធានីភ្នំពេញនេះចំនួន ៥ លើក តែពុំមានដំណោះស្រាយនោះទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ