អង្គការអ្នកកាសែតគ្មានព្រំដែនបានថ្កោលទោសវិធានការថ្មីៗរបស់រដ្ឋាភិបាលដែលថាបានរារាំងដល់អ្នកសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មាននៃការបោះឆ្នោតខាងមុខ និងជំរុញទៅកាន់សហគមន៍អន្តរជាតិឲ្យដាក់ទណ្ឌកម្មទៅលើរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។
ក្នុងសេចក្តីប្រកាសព័ត៌មានដែលវីអូឌីទទួលបាននៅថ្ងៃនេះ អង្គការអ្នកកាសែតគ្មានព្រំដែនបានដាក់ចំណងជើងធំៗថា របបរបស់លោកហ៊ុន សែន បានបញ្ចប់សង្គ្រាមលើអ្នកកាសែតនៅមុនការបោះឆ្នោត ដោយថាក្រមសីលធម៌សម្រាប់អ្នកកាសែតដែលចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាការរំលោភដល់សិទ្ធិសេរីភាពសារព័ត៌មាន។
Repoter without border បានជំរុញទៅប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជាដែលមានដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន គួរតែមានវិធានការទណ្ឌកម្មភា្លមៗប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះស្ថានភាពមហន្តរាយនេះ។
ក្នុងរបាយការណ៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០១៨ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤២លើ ១៨០ ដែលចំណាត់ថ្នាក់បានធ្លាក់ចុះ១០លេខពីឆ្នាំ២០១៧៕