សាលារាជធានីថាកំពុងអនុវត្តន៍វិធានការបីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង

ផែនការកាត់បន្ថយទឹកលិចនៅស្តុបផ្សារដេប៉ូ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដាក់លូទំហំ ១.២ម ចាប់ពីមហាវិថីកម្ពុជាក្រោម ទៅភ្ជាប់លូថ្មីទំហំ ១.៥ម នៅផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក (រូបភាព៖ ហ្វេសប៊ុក សាលារាជធានីភ្នំពេញ)

មន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញឲ្យដឹងថា ពេលនេះអាជ្ញាធរពាក់ព័ន្ធកំពុងតែអនុវត្តវិធានការចំនួនបីក្នុងការដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង  ដោយការ ស្តាលូ ធ្វើប្រឡាយ និងបង្កើតស្ថានីយ៍បូមទឹកចេញបន្ថែមទៀត។​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​ លោក ម៉េត មាសភក្តី មានប្រសាសន៍ថា ផែនការរំដោះទឹករៀបចំឡើងតាំងពីរដើមរដូវប្រាំង។​ លោកបន្តថា សាលារាជធានីបានសហការជាមួយ មន្ទីរសាធារណការស្តាលូបានជាង៤០០គីឡូម៉ែត្ររួមមាននៅក្នុងខណ្ឌចំនួនបួនមានខណ្ឌដូនពេញ ចំការមន ទួលគោក និងខណ្ឌ៧មករា។

លោកបន្តថា សម្រាប់ការងាររៀបចំប្រឡាយដែលអាចស្តុក និងលំហូរទឹកផងនោះ គ្រាន់តែសម្រាមមួយភាគបីដែលស្តាពីប្រឡាយស្ទឹងមានជ័យ មានចំនួនជាងមួយម៉ឺនម៉ែត្រគូប។

លោក ភក្តី ប្រាប់បន្ថែមទៀតថា សាលារាជធានីបានបង្កើតស្ថានីយ៍បូមទឹកថ្មី គឺស្ថានីយ៍បូមទឹកលូប្រាំ និងបង្កើនម៉ូទ័របូមទឹកនៅតាមស្ថានីយ៍បូមទឹកចាស់។

អញ្ចឹងកិច្ចការនេះមានន័យថាយើងបានធ្វើជាកញ្ចប់ ព្រោះអីលូ ទឹក អត់ដូចផ្លូវទេ! ផ្លូវយើងមើលឃើញកន្លែងណាខូច គ្រហុក បែក យើងជួលជុសកន្លែងហ្នឹង ឬក៏មិនទាន់ជួសជុលទេ កន្លែងមុខយើងអាចធ្វើដំណើរបាន។ ប៉ុន្តែលូអត់ទេ វាជាសរសៃរឈាមទឹកហូរ បើយើងរៀបចំមិនបានល្អទេ វាអត់រំដោះទឹកបានទេ! ប៉ុន្តែកិច្ចការនេះយើងបានធ្វើជាកញ្ចប់ច្រើនមកហើយ

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ​ លោក ម៉េត មាសភក្តី

សម្រាប់នាយកប្រតិបត្តិសមាគមធាងត្នោត លោក សឿង សារ៉ន យល់ថា បញ្ហាជំនន់ទឹកភ្លៀងនៅភ្នំពេញគឺដោយសារការលុបបឹងមួយចំនួនក្នុងរាជធានីភ្នំពេញ​រយៈពេល១០ឆ្នាំចុងក្រោយនេះ។

សមាគមធាងត្នោតធ្លាប់ធ្វើការស្រាវជ្រាវទាក់ទងទៅនឹងបឹងនៅទីក្រុងភ្នំពេញដែលត្រូវបានលុបរយៈពេល ថ្មីៗនេះ។ ខ្ញុំមិនចាំតួលេខប៉ុន្មានទេ ប៉ុន្តែយើងបានឃើញថា ផលប៉ះពាល់នៃការលុបបឹងនោះ វានាំឲ្យមានទឹកលិចក្នុងទីក្រុង

សម្រាប់នាយកប្រតិបត្តិសមាគមធាងត្នោត លោក សឿង សារ៉ន

បើតាមមន្ត្រីសាលារាជធានីភ្នំពេញឲ្យដឹងថា កាលពីថ្ងៃទី២៥និង២៦មិថុនាកន្លងមក ទីក្រុងភ្នំពេញទទួលភ្លៀងធំ ធ្វើឲ្យកំពស់ទឹកភ្លៀងឡើងដល់៥០ទៅ៨០មីល្លីម៉ែត្រ ដោយគំហុកទឹកភ្លៀងនេះធ្វើឲ្យលិចផ្លូវ និងផ្ទះមួយចំនួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ