ខុមហ្វ្រែល​ និង​ គ.ជ.ប​ ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​ដាក់​ពលរដ្ឋ​ស្ម័គ្រ​ចិត្ដ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​

កិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងបញ្ជីបោះឆ្នោតនៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គឃ.សប) និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ថ្ងៃទី ២៧ មិថុនា ២០១៨ (រូបភាព៖ ហ្វេសប៊ុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត)

ក្រុម​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​ប្រកាសថា ពួកគេ​នឹងដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្ត ដើម្បីឃ្លាំមើលបរិយាកាសពីខាងក្រៅការិយាល័យបោះឆ្នោត ប៉ុន្ដែ គ.ជ.ប. អះអាងថា សកម្មភាពបែបនេះ ហាក់ពុំត្រូវបានអនុញ្ញតដោយច្បាប់នោះឡើយ។

កាលពីថ្ងៃទី៣០ មិថុនា អង្គការឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា ខុមហ្វ្រែល បានផ្ញើលិខិតមួយទៅប្រធានគណៈកម្មការ​បោះ​ឆ្នោត​នៅ​រាជ​ធានី-ខេត្ត ដើម្បី​ស្នើ​សុំ​ដាក់​ពង្រាយ​ប្រជា​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត សម្រាប់​ឃ្លាំ​មើល​បរិយា​កាស​នយោបាយ និង​សិទ្ធិ​មនុស្ស ពី​ខាង​ក្រៅ​ការិយាល័យ​បោះ​ឆ្នោត​នៅ​ចុង​ខែ​កក្កដា​នេះ។

ប៉ុន្ដែ លិខិតនេះ ត្រូវបានបង្វែរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. ហើយ គ.ជ.ប. បាន​ចាត់ទុក​សកម្មភាព​នេះ​ថា ពុំត្រូវបានអនុញ្ញាតដោយច្បាប់ ព្រោះអង្គការនេះបានប្រកាសមិនចូលរួមឃ្លាំមើលការបោះឆ្នោត និងមិនបានចុះបញ្ជីនៅ គ.ជ.ប. ។

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស អះអាងថា  តាមច្បាប់​អង្គការសង្គមស៊ីវិលពិតជាត្រូវចុះឈ្មោះ ដើម្បីអាចឃ្លាំមើលដំណើរការបោះឆ្នោត និងចូលទៅដល់មណ្ឌលបោះឆ្នោតនីមួយៗ។ ប៉ុន្ដែ លោកថា អង្គការរបស់លោក មិនបានឃ្លាំមើលដល់ក្នុងការិយាល័យបោះឆ្នោតនោះទេ ពោលគឺឃ្លាំមើលតែបរិយាកាសនយោបាយ និងសិទ្ធិមនុស្ស ពីខាងក្រៅការិយាល័យបោះឆ្នោតប៉ុណ្ណោះ។

យើងអត់បានធ្វើការវាយតម្លៃ​។ កិច្ចការនេះ យើងនៅតែធ្វើ គឺវាស្របច្បាប់ទៅនឹងអង្គការសង្គមស៊ីវិលផ្សេងៗ ដែលលោកធ្វើដែរ ដូចជាអង្គការសិទ្ធិមនុស្សមួយចំនួន។ គ.ជ.ប. នៅក្នុងច្បាប់ គេនិយាយថា អង្គការសង្គមស៊ីវិល អាចមានសិទ្ធិចូលរួម ឬមិនចូលរួមសង្កេត ហើយត្រូវសុំសិទ្ធិ លើកលែងតែយើងសុំដាក់ សុំការអនុញ្ញាតពី គ.ជ.ប. ដើម្បីឃ្លាំមើល សង្កេតដំណើរការ ប៉ុន្ដែ យើងអត់បានឃ្លាំមើលដំណើរការហ្នឹងទេ

មន្ដ្រីជាន់ខ្ពស់កម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស

ទោះបីមានការខ្វែងគំនិតត្រង់ចំណុចនេះក្ដី អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ក្រើនរំលឹកថា អង្គការខុមហ្វ្រែល ត្រូវពិនិត្យពីសកម្មភាពរបស់ខ្លួន និងអនុវត្តទៅតាមច្បាប់ ដែលមានជាធរមាន។

ប្រជាពលរដ្ឋស្ម័គ្រចិត្តនោះ តើពួកគាត់យល់បានពិតប្រាកដអត់​អំពីការបោះឆ្នោត ច្បាប់បោះឆ្នោត។ មានអ្នកអត្ថាធិប្បាយថា ​អត់ខុសច្បាប់។ សម្រាប់ គ.ជ.ប. យើងគ្រាន់តែ​រំឭក​នៅចន្លោះច្បាប់បោះឆ្នោត​ និងច្បាប់គ្រប់គ្រងដោយអាជ្ញាធរដែនដី។ បើសិនអ្នកណាមួយបកស្រាយច្បាប់តាមបែបណា គឺត្រូវទទួលខុសត្រូវខ្លួនឯងចំពោះមុខច្បាប់

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

បើតាមរបាយការណ៍ អង្គការខុមហ្វ្រែល គ្រោង​ដាក់​ពង្រាយ​ពលរដ្ឋ​អ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣០០នាក់ សម្រាប់ឃ្លាំមើលស្ថានការណ៍នយោបាយនៅឃុំ-សង្កាត់ចំនួន ៣០០​កន្លែង​នៅ​​ទូទាំងប្រទេស ហើយអង្គការនេះបានជូនដំណឹង​អំពី​ការ​ដាក់​ពង្រាយ​ពលរដ្ឋ​អ្នក​សង្កេតការណ៍​នេះ​ទៅអាជ្ញាធររួចរាល់ហើយ។

ទោះជាយ៉ាងណា ខុមហ្វ្រែល​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត បាន​ប្រកាស​មិន​ចូល​រួម​​ឃ្លាំមើលការបោះឆ្នោតនៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ