រដ្ឋាភិបាល​សម្រុក​ដោះស្រាយ​វិវាទ​ដីធ្លី​ពលរដ្ឋ​ខេត្ត​កោះកុង​ ខណៈ​ជិត​ដល់​ថ្ងៃ​បោះឆ្នោត​

អភិបាលខេត្តកោះកុង លោកស្រី ​​​មិថុនា ភូថង មកជួបជាមួយពលរដ្ឋដែលមកពីខេត្តកោះកុង ដែលឡើងមកតវ៉ានៅក្រសួងដែនដី

ជម្លោះដីធ្លីដ៏រ៉ាំរៃរបស់ពលរដ្ឋមួយចំនួន​នៅ​ក្នុងខេត្តកោះកុង ត្រូវបានអាជ្ញាធរដោះស្រាយបញ្ចប់នៅ​មុន​ថ្ងៃបោះឆ្នោតមកដល់ ក្រោយមានបញ្ជាពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃទៅរដ្ឋបាលខេត្តនានា ឲ្យ​ដោះស្រាយវិវាទ​ដីធ្លី​ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាព ដើម្បីកុំឲ្យពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញ។

មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ក្នុងនោះមានពលរដ្ឋមកខេត្តកោះកុងផង បានសម្រុកឡើងមកតវ៉ាដីធ្លីដល់រាជធានីភ្នំពេញ ដើម្បីជំរុញទៅស្ថាប័នពាក់ព័ន្ធឲ្យ​ពន្លឿនដំណោះ​ស្រាយ​បញ្ចប់វិវាទដីធ្លីរបស់ពួកគេ ស្របពេលដែលការបោះឆ្នោតខិតជិតមកដល់។

អភិបាលខេត្តកោះកុង កាលថ្ងៃ​ទី​២៩មិថុនានេះ បានសម្របសម្រួលរកដំណោះស្រាយវិវាទដីធ្លីជាមួយប្រជាពលរដ្ឋជាង ២០០នាក់តំណាងឲ្យពលរដ្ឋ ៣១៧គ្រួសារនៅស្រុកស្រែអំបិល និងបុទុមសាគរដែលកំពុងមានជម្លោះដីធ្លីក្រុមហ៊ុនជាមួយ Koh Kong Plantation Co.,Ltd និង Koh Kong Sugar Industry Co., Ltd. ខណៈពលរដ្ឋទាំងនោះឡើងមកតវ៉ានៅភ្នំពេញ និង​ស្នាក់នៅវត្តសាមគ្គីរង្សី។

ជា​អ្នក​ភូមិ​ម្នាក់ លោក ហម ហាត ប្រាប់វីអូឌីថា នៅថ្ងៃនេះ មន្រ្តីក្រសួងរៀបដែនដី និងអាជ្ញាធរខេត្ត បាន​ចុះដោះស្រាយដោយបានចែកប័ណ្ណ​ក្បាលដីដល់ពលរដ្ឋម្នាក់ៗ។

លោកបន្តថា គ្រួសារ​នីមួយៗ ត្រូវ​បាន​អាជ្ញាធរ​ដោះ​ស្រាយ​ជាមួយ​ប្រាក់​សំណង​ខូច​ខាត ៣​ពាន់​ដុល្លារ និង​ដី​ទំហំ ២​ហិកតា ប៉ុន្តែ លោក​ថា ពលរដ្ឋ​នៅ​ពុំ​ទាន់​ទទួល​បាន​ដី​ជាក់​ស្ដែង​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

លោកបន្ថែមថា៖ «គោលការណ៍របស់រដ្ឋាភិបាលបានដោះស្រាយដោយរលូនហើយ បើគិតជាភាគរយវាប្រហែល ៩០% ប៉ុន្តែ ពេលនេះ គេទើបតែឲ្យចុងសន្លឹកដឹងពីក្បាលដីប៉ុណ្ណោះ គេមិនទាន់ឲ្យប្លង់រឹង ប្លង់ទន់នៅឡើយទេ។ សម្រាប់ទីតាំងដីវិញ តាមខ្ញុំពិនិត្យមើលទៅ វាដូចជាមិនទាន់ច្បាស់នៅកន្លែង​ណានៅឡើយទេ ធ្វើនេះដូចជានៅច្របល់គ្នាទៅជារួមតែម្តង»។

កាលពីខែមិនា រដ្ឋមន្ត្រីក្រសួងរៀប​ចំដែន​ដី​បាន​សម្រេចកាត់ដី​ជាតិ ១០០០​ហិកតា​ពី​ក្រុមហ៊ុន​ស្ករ​អំពោះ​ខេត្ត​កោះកុង ដើម្បី​បែង​ចែក​ទៅ​ពលរដ្ឋ ២​ក្រុម ក្នុង​នោះ​ពលរដ្ឋ ២០០​គ្រួសារ​ទទួល​បាន​ដំណោះ​ស្រាយ​នៅ​នឹង​កន្លែង ខណៈ​ពលរដ្ឋ ១៧៥​គ្រួសារ​ទៀត ត្រូវ​បាន​ផ្លាស់​ប្ដូរ​ឲ្យ​ទៅ​រស់​នៅ​លើ​ទីតាំង​ថ្មី​ជាមួយ​ប្រាក់​សំណង ២៥០​ដុល្លារ។

តំណាងឲ្យ​ពលរដ្ឋ ១៧៥គ្រួសារ អ្នកស្រី ផាវ ញ៉ើង និយាយថា ដំណើរការនៃការចុះដោះស្រាយរបស់អាជ្ញាធរហាក់មិនមានតម្លាភាពដែលរហូតមកដល់ថ្ងៃនេះ មានពលរដ្ឋជាង ១០០គ្រួសារប៉ុណ្ណោះទទួលបានដីជាក់លាក់ ខណៈពលរដ្ឋ ៥២គ្រួសារទៀត​មិនទាន់​ទទួលយកនៅឡើយ។

អ្នកស្រីបន្ថែមថា៖ «ការដោះស្រាយនេះមិនមានភាពត្រឹមត្រូវទេ គេឲ្យពួកខ្ញុំចាប់សន្លឹកឆ្នោតមែន ប៉ុន្តែ សន្លឹកឆ្នោតត្រូវបានគេ រៀបចំស្រាប់។ រៀបចំស្រាប់ម៉េច? ឧទារណ៍ថា នៅភូមិ «ក» អញ្ចឹង បែរជាដាក់លេខក្បាលឡូតិ៍ដីហ្នឹងចម្រុះ​គ្នាពីភូមិ «ក» រហូតដល់ភូមិ «ខ» ភូមិ «គ» ដែលមិនមែនជាការព្រមព្រៀងរបស់សហគមន៍ទេ។ ខ្ញុំថា នេះមិនជាបញ្ហាប៉ុន្មានទេ ប៉ុន្តែ សម្រាប់ដីខ្ញុំ ខ្ញុំទទួលយកអត់​បានទេ»។

អភិបាលរងខេត្តកោះកុង លោក អន ភារៈ សុំមិនធ្វើអធិប្បាយទេនៅថ្ងៃនេះ ដោយលោកថា​ មេឃកំពុងភ្លៀងខ្លាំងមិនអាចនិយាយទូរស័ព្ទបានទេ ខណៈនៅថ្ងៃនេះ មន្រ្តីក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកោះកុងបានចុះចែកប័ណ្ណក្បាលដីដល់ ពលរដ្ឋខេត្តកោះកុងដែលទើបទទួលបានដំណោះស្រាយនោះ។

អភិបាលខេត្តកោះកុង លោកស្រី ​​​មិថុនា ភូថង កាលពីចុងខេត្តមុននេះ បានសម្រេចកាត់ដីពីក្រុមហ៊ុនប្រគល់ជូនពលរដ្ឋ ៣១៧គ្រួសារមកពីស្រុកស្រែអំបិល និង​បុទុមសាគរ ដើម្បីបញ្ចប់ជម្លោះ ខណៈ​ពលរដ្ឋ​​​ទាំងនោះមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងKoh Kong Sugar Industry Co., Ltd. តាំងពីឆ្នាំ ២០០៨។

កាល​ពីថ្ងៃ​ទី​ ១៣ខែមិថុនា រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បានបញ្ជា​ទៅ​រដ្ឋបាល​ខេត្តនានា​ឲ្យ​ដោះស្រាយ​វិវាទ​ដីធ្លី​ក្នុងដែនសមត្ថកិច្ច​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ និង​រក្សាភាពអត់ធ្មត់ក្នុងការបំពេញការងារពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី ដើម្បីកុំឲ្យពលរដ្ឋឡើងមកតវ៉ាដល់ភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ