ភ្ញៀវ​​ចូល​​ទស្សនា​​តំបន់​​អង្គរ​ និង​​ចំណូល​​សុទ្ធ​​តែ​​កើន​​ឡើង​​ព្រម​​គ្នា​​ក្នុង​​រយៈ​ពេល​​៦​​ខែ​​​

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

ប្រតិបត្តិករ​នៃ​​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ និង​ចំណូល​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ទេសចរណ៍​​​តំបន់​អង្គរ សុទ្ធ​តែ​បាន​កើន​ឡើង​ ​នៅ​ក្នុង​ត្រី​មាស​ទី​១​ក្នុង​ឆ្នាំ​នេះ។

គ្រឹះស្ថាន​អង្គរ​​ដែល​ជា​ក្រុមហ៊ុន​រដ្ឋ​គ្រប់​គ្រង​នៅ​តំបន់​អង្គរ បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ភ្ញៀវ​ទេសចរ​បរទេស​ជាង ១​លាន ៣៥​​ម៉ឺន​នាក់ បាន​​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​មិថុនា​កន្លង​មក​នេះ ដោយ​បាន​កើន​ឡើង​ប្រហែល ១០​ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧​កន្លង​មក។

គ្រឹះស្ថាន​ដដែល​នេះ បាន​ឲ្យ​បន្ថែម​ថា ប្រាក់​ចំណូល​បាន​មក​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ ក៏​បាន​កើន​ឡើងដល់​ជាង ៦១លាន​ដុល្លារ​ផង​ដែរ ឬ​មាន​កំណើន​ ១៧.៨៤​ភាគរយ បើធៀប​នឹង​ត្រី​មាស​ទី​១​កាល​ពី​ឆ្នាំ​មុន។

ស្ថាប័ន​នេះ បាន​ឲ្យ​ដឹង​បន្ថែម​ថា ថវិកា​ដល់​ទៅជាង​ ២​.៧១​លាន​ដុល្លារ ត្រូវ​បាន​កាត់​ចេញ​ពី​ប្រាក់​ចំណូល​នៃការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ ទៅ​ឲ្យ​មូល​និធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ នៅ​ក្នុង​រយៈ​ពេល ៦​ខែ​កន្លង​មក​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​មូល​និធិ​មន្ទីរ​ពេទ្យ​កុមារ​មួយ​នេះ។

កាលពីឆ្នាំ២០១៧​កន្លងទៅនេះ រមណីយដ្ឋានអង្គរ ទទួល​បាន​ភ្ញៀវទេសចរប្រមាណ ២,៤៥៧,០២៣នាក់ និងទទួលបានចំណូល ១០៧,៩៧៦,៤៣៩ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ