កងទ័ពមុជទឹកថៃពង្រីកការជីកច្រកចូលរូងភ្នំនៅ​ក្នុង​ការស្វែងរកក្រុមមនុស្សបាត់ទាំង១៣នាក់

ក្មេងៗ ១២ រូបនិងគ្រូបង្វឹកមួយរូបទៀត (រូបភាព៖ BBC)

ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសថៃ បានធ្វើការបោសសម្អាតផ្លូវបំបែកមួយ សម្រាប់អ្នកមុជទឹក​នៅ​ខាង​ក្នុងបរិវេណរូងភ្នំ​ដែលជោរជន់ដោយទឹកជំនន់នៅថ្ងៃចន្ទនេះ ខណៈ​ដែល​ការ​ស្វែង​រក​ក្មេង​ប្រុស​ចំនួន​១២​នាក់និងគ្រូ​បង្វឹក​បាល់​ទាត់​របស់​ពួកគេបានឈានចូលក្នុងថ្ងៃទី៩។ នេះបើតាម​ការ​ចុះផ្សាយ​របស់​ទីភ្ងាក់ងារ​សារព័ត៌មានរ៉យទ័រ។

ក្រុមក្មេងប្រុសអាយុចន្លោះពី១១ទៅ១៦ឆ្នាំ និង គ្រូបង្វឹកវ័យ២៥ឆ្នាំរបស់ពួកគេ បានបាត់ខ្លួនកាល​ពី​ថ្ងៃ​ទី​២៣​​ខែ​មិថុនា ក្នុងអំឡុងពេលធ្វើដំណើរកំសាន្តទៅកាន់រូងភ្នំ ថាម ហ្លួង ដែលមានចម្ងាយ១០គីឡូម៉ែត្រ ក្រោមភ្នំនៅខេត្តឈៀងរ៉ៃភាគខាងជើង។

រ៉យទ័រ បានផ្សាយទៀតថា អាជ្ញធរនៅមិនទាន់រកឃើញអ្វីផ្សេង រហូតមកដល់ពេលនេះ ក្រៅពីសម្ភារៈដែល​បន្សល់​ទុក​នៅ​មាត់​រូងភ្នំ​និង​ស្នាម​បាតដៃ​​នៅលើជញ្ជាំងរូងភ្នំ។

ជាមួយនឹងផ្លូវចេញពីរូងភ្នំដែលត្រូវបានរារាំងដោយទឹកជំនន់ពីភ្លៀងដែលធ្លាក់ខ្លាំង ក្រុមអ្នកជួយ​សង្គ្រោះ​សង្ឃឹម​ថា ក្មេងប្រុស​បាន​ឆ្លង​កាត់ថ្មភ្នំដែលមានឈ្មោះហៅក្រៅថា «ឆ្នេរខ្សាច់ប៉ាតាយ៉ា» បន្ទាប់ពី​តំបន់​ទេសចរណ៍​​​ដ៏ល្បីល្បាញ​មួយ​របស់​ប្រទេស​ថៃ។

រ៉យទ័យ បានផ្សាយទៀតថា បេសកម្មស្វែងរកក្រុមក្មេងប្រុសដែលបាត់ខ្លួន ធ្វើឲ្យមានការចាប់រម្មណ៍​ជាខ្លាំងពីសំណាក់​ប្រជាជាតិថៃ ជាមួយការចុះផ្សាយព័ត៌មានជាច្រើន ដែលគ្របដណ្តប់ដោយព័ត៌មានថ្មីៗ​ស្តីពីការរីកចម្រើន​នៃការជួយ​សង្គ្រោះ​ដែល​បានធ្វើឡើងដោយ​កិច្ចខិតខំប្រឹងប្រែង​យ៉ាងធំធេង ដែល​មាន​មនុស្សចូលរួម​​ជាង​១០០០​នាក់។

អ្នកមុជទឹកមកពីអង្គភាព SEAL របស់កងទ័ពជើងទឹកថៃ បានស្ថិតនៅជួរមុខ​នៃការស្វែងរកដែលត្រូវ​បាន​គាំទ្រ​ដោយក្រុមជួយសង្គ្រោះអន្តរជាតិមកពីសហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុន និងកន្លែងផ្សេងទៀត នោះបើតាមរ៉យទ័រ។

អភិបាលខេត្តឈៀងរ៉ៃ លោក ណារ៉ុងសាក់ ត្រូវបានសារព័ត៌មានដកស្រង់សម្តីមកចុះផ្សាយនៅថ្ងៃចន្ទនេះថា «អង្គភាព SEAL កាលពីយប់មិញបានឈានដល់ចំណុចប្រសព្វ T ហើយថ្ងៃនេះ ពួកគេនឹងបន្តទៅខាងឆ្វេង ប៉ុន្តែឧបសគ្គមួយ ដែលជួបប្រទះ គឺរន្ធតូចនៃផ្លូវមួយដែលយើងត្រូវការពង្រីក ដើម្បីឱ្យក្រុមការងារអាចឆ្លងកាត់បាន»។

លោក ណារ៉ុងសាក់ បានបន្ថែមថា មជ្ឈមណ្ឌលប្រតិបត្តិមួយត្រូវបានបង្កើតឡើង នៅក្នុងអ្វីដែលក្រុមអ្នកជួយសង្គ្រោះ ហៅថា កន្លែងទីបីរបស់រូងភ្នំ ដែលមានចម្ងាយប្រហែល១.៧គីឡូម៉ែត្រពីច្រករូងភ្នំ។

រដូវភ្លៀងធ្លាក់ បានបង្អាក់ប្រតិបត្ដិការស្វែងរក​ក្រុមក្មេងប្រុសដែលបាត់ខ្លួន ដោយមានអ្នកមុជទឹកជាច្រើន ដើរតាម​បណ្តោយ​ជញ្ជាំង​​នៃរូងភ្នំដែលលិចទឹក ដែលមិនអាចមើលឃើញនៅក្នុងទឹកភក់។

បើតាមរ៉យទ័យ វេជ្ជបណ្ឌិត និយាយថា ក្មេងប្រុសអាចរស់បានច្រើនថ្ងៃ ដោយមិនមានអាហារ ប៉ុន្តែ វាអាស្រ័យ​ថា​តើ​ពួក​គេ​អាច​រក​ឃើញទឹកស្អាតគ្រប់គ្រាន់ដើម្បីទទួលទានបានទេ។

ការអធិដ្ឋានពិសេសត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ នៅឯសាលា ម៉ែសៃប្រាសិតសាទ ដែលក្មេងប្រុសចំនួន៦នាក់​ដែល​បាត់​ខ្លួន​បានសិក្សា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ