នៅសប្តាហ៍មុននេះ រដ្ឋាភិបាលបានបញ្ជូនមនុស្សមួយក្រុមទៅសហភាពអឺរ៉ុប សម្រាប់អ្វីដែលរដ្ឋាភិបាលហៅថា ជាបេសកកម្មពិសេស ដើម្បីបញ្ចុះបញ្ចូលសហភាពអឺរ៉ុប កុំឲ្យប្លុកប្រទេសលោកសេរីមួយនេះ ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។
បេសកកម្មពិសេសនេះ ទំនងជារដ្ឋាភិបាលចង់ទាក់ទាញការចាប់អារម្មណ៍ពីសហភាពអឺរ៉ុប កុំឲ្យភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ទៅនឹងបញ្ហានយោបាយ ទោះបីអឺរ៉ុបធ្លាប់ចេញសេចក្តីថ្លែងការណ៍គំរាមញឹកញាប់ថា នឹងពិចារណាលើប្រព័ន្ធអនុគ្រោះពន្ធនេះក្ដី។
របាយការណ៍របស់គណៈកម្មការអឺរ៉ុប ដែលបានចេញផ្សាយកាលពីខែមេសាកន្លងទៅ បានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហគមន៍អឺរ៉ុបក្នុងឆ្នាំ២០១៧ មានទំហំជាសាច់ប្រាក់ជាង ៥ពាន់លានដុល្លារ។ ទំនិញដែលកម្ពុជានាំចេញទៅសហគមន៍អឺរ៉ុបភាគច្រើនគឺផលិតផលវាយនភណ្ឌកាត់ដេរ និងកសិកម្ម។
មួយវិញទៀត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូស័ក្តិ កាលពីឆ្នាំមុន បានរាយការណ៍ប្រាប់នាយករដ្ឋមន្ត្រីថា នៅឆ្នាំ២០១៦កន្លងមក កម្ពុជាបានចំណេញប្រាក់ ៦៧៦លានដុល្លារពីប្រព័ន្ធអនុគ្រោះរបស់សហភាពអឺរ៉ុបនេះ។
ប៉ុន្តែ សហភាអឺរុប នៅខែមុន បានព្រមានជាថ្មីទៀតថា នឹងពិចារណាលើប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា បើខ្លួនរកឃើញថា រដ្ឋាភិបាលកម្ពុជា ពិតជាមិនបានធ្វើឲ្យប្រសើរឡើងវិញ ពីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពិសេសដំណើរការបោះឆ្នោតខាងមុខ ទាំងគ្មានគណបក្សប្រឆាំងចូលរួមនោះ។
បើកម្ពុជាទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធនេះ រាប់រយលានដុល្លារក្នុង១ឆ្នាំៗបែបនេះ សួរថា តើអនាគតវិស័យកាត់ដេរទៅជាយ៉ាងណា បើសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះព័ន្ធ?
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ លើកឡើងថា ផលិតផលកាត់ដេរប្រមាណជា ៦០% នាំទៅលក់លើទីផ្សារអឺរុប និងសហរដ្ឋអាមេរិក ។ លោកថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ជំរុញដល់អត្រាកំណើនសេដ្ឋកិច្ចដល់ទៅ ៤០ភាគរយ និងផ្តល់លទ្ធភាពឲ្យអ្នកវិនិយោគនៅកម្ពុជា មានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់។
ប៉ុន្តែ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ វិភាគថា បើរដ្ឋាភិបាលធ្វើឲ្យរបូតប្រព័ន្ធអនុគ្រោះពន្ធនេះមែន លោកថា វិស័យកាត់ដេរនឹងជួបបញ្ហាធ្ងន់ធ្ងជាងគេ ឬបាត់បង់សមត្ថភាពប្រកួតប្រជែងដោយសារតែទំនិញទាំងអស់នាំទៅលក់នៅទីផ្សារអឺរ៉ុបត្រូវចាប់ឲ្យបង់ពន្ធ។
អ្នកជំនាញសេដ្ឋកិច្ច លោក ង៉ែត ជូ
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា វិភាគប្រហាក់ប្រហែលដែរថា បើរដ្ឋាភិបាលធ្វើឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ លោកវិភាគថា ថៅកែរោងចក្រខ្លះ អាចនឹងរត់ចេញពីកម្ពុជា ដោយសារតែពួកគេគ្មានលទ្ធភាពប្រកួតប្រជែង ដោយសារការដឹកជញ្ជូននៅកម្ពុជាមានតម្លៃថ្លៃជាងប្រទេសជិតខាង រួមទាំងតម្លៃទឹកភ្លើងផងដែរ។
មួយវិញទៀត លោក មឿន តុលា ថា អំពើពុករលួយនៅកម្ពុជា ក៏មានកម្រិតខ្ពស់ជាងប្រទេសជិតខាងដែរ ដោយថា របាយការណ៍របស់អង្គការពលកម្មអន្តរជាតិ ILOរកឃើញថា នៅឆ្នាំ២០១២ និយោជក បានចំណាយក្រៅផ្លូវការប្រមាណជា ១០%លើមធ្យោបាយដឹកជញ្ជូន។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា
អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី វិភាគថា បើកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមែននោះ លោកវិភាគថា វិស័យកាត់ដេរអាចជួបហានិភ័យមុនគេ ដោយសារតែ ថៅរោងចក្រអាចប្រឈមទៅនឹងបញ្ហាបង់ពន្ធលើផលិតផលនាំចេញផង អាចប្រឈមនឹងការតវ៉ារបស់កម្មករ បើប្រាក់ឈ្នួលរបស់ពួកគេនៅមានកម្រិតទាបនោះ។
លោកថា៖ «សម្ពាធទាំងពីរហ្នឹង។ សម្ពាធទាំងមិនសូវចំណេញ សម្ពាធនៅក្នុងស្រុកពេលដែលមានបាតុកម្មតវ៉ាអីទៀត។ អាហ្នឹងធ្វើឲ្យក្រុមហ៊ុនដកខ្លួន រត់ម្តងមួយៗអញ្ចឹងទៅ។ ចុងក្រោយ វាប៉ះពាល់អ្នកណា? វាប៉ះពាល់ដល់អ្នកវិនិយោគចិន»។
យ៉ាងនេះក្តី គិតត្រឹមថ្ងៃចន្ទនេះ សហភាពអឺរ៉ុបនៅមិនទាន់ចេញសេចក្តីសម្រេចណាមួយ ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់យ៉ាងលើកលែងតែអាវុធនេះនៅឡើយទេ បើទោះប្លុកលោកសេរីមួយនេះ ធ្លាប់ព្រមានញឹកញាប់ក៏ដោយ។
ទោះជាយ៉ាងណា អ្នកវិភាគបង្ហាញការយល់ឃើញរបស់ពួកគេថា បើសភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដោយសាតែរបត់នយោបាយមិនទទួលយកលក្ខខណ្ឌគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ វិស័យកាត់ដេរអាចនឹងរងគ្រោះមុនគេ ដោយសារតែថៅកែរោងចក្រអាចនឹងបាត់បង់សមត្ថភាពប្រកួតប្រជែង វិវាទការងារអាចនឹងផ្ទុះឡើងជាបន្តបន្ទាប់ បើថៅកែរត់ចោលមិនបានទូទាត់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងប៉ះពាល់ដល់កម្មកររាប់មឺននាក់ដែលកំពុងបំពេញការងារ៕