បទយកការណ៍៖ អាហារដ្ឋានបែបជនជាតិដើមភាគតិច បង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ

អាហរដ្ឋាន «ផ្ទះដើមជនជាតិភាគតិច»

នៅ​ក្នុង​ប្រទេស​កម្ពុ​ជាក៏​ដូចជានៅ​ក្នុង​រាជធានី​ភ្នំពេញ ឃើញមាន​អាហារដ្ឋាន​ជា​ច្រើន​បែប​ច្រើន​មុខ​ មាន​ទាំង​បែប​ខ្មែរ ថៃ​ ចិន​ ជប៉ុន និងអឺរ៉ុប ប៉ុន្តែ​ពុំ​ឃើញ​មាន​អាហារដ្ឋានដែលមាន​បម្រើអាហារ​បែបបង​ប្អូន​ជន​ជាតិ​ដើម​នោះ​ទេ។

ប្រសិន​ជា​លោក​អ្នក​ធ្វើ​ដំណើរ​ពីផ្សារទួល​ទំពូងបត់​តាម​​ផ្លូវ​លេខ៤៥៦ ប្រមាណជាង២០០ម៉ែត្រ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នោះ​នឹង​បាន​ឃើញហាង​មួយ​ដែលបានតុប​តែង​លម្អ​យ៉ាងទាក់ភ្នែក​​​ តាមបែបជនជាតិដើមភាគតិច។ នៅក្នុងហាងមាន​មនុស្សម្នាអង្គុយបរិភោគអាហារស្ទើរតែគ្រប់តុ ​ មានអ្នកបម្រើអាហារស្លៀកពាក់ឯក​សណ្ឋាន​អាវកាក់តាម​បែបជន​ជាតិ​ដើម​ភាគ​តិច​ នោះ​មាន​ឈ្មោះ​ថា«ផ្ទះ​បាយ​ជន​ជាតិ​ដើម​ភាគតិច»។

ផ្ទះ​បាយ​ជន​ជាតិ​ដើម​ភាគតិច ​គឺ​ជា​ហាងទី​មួយនៅ​ក្នុងរាជធានីភ្នំពេញ​ដែលមាន​បម្រើអាហារ​បែប​ជន​ជាតិ​ដើម​ភាគ​​តិច ដោយកាលពីមុនមានតែនៅ​តាមខេត្តឆ្ងាយៗប៉ុណ្ណោះ។ ប្រសិន​បើបងប្អូនជនជាតិខ្មែរ​ក៏​ដូច​ជាសាសន៍ដ៏​ទៃចង់ភ្លក់​ឬបរិភោគអាហារ​បែប​បជន​ជាតិ​នោះ លុះ​ត្រាណាតែពួក​គាត់​ធ្វើ​ដំណើរទៅដល់​ខេត្តភាគឦសាន្ត ​ដូច​ជាខេត្តព្រះ​វិហារ ខេត្ត​មណ្ឌល​គិរី​ ​និង ខេត្តរតនៈគិរី​ ដែល​មានបង​ប្អូន​ជន​ជាតិដើមភាគតិចរស់នៅទីនោះ។

យោង​​តាម​លោក​ស្រី​យន់​​ ម៉ាណេ ជនជាតិពូនង ប្រធានអង្គការជនជាតិ​ដើមភាគតិច​កម្ពុជា និង​ជាម្ចាស់​ហាងផ្ទះ​បាយជនជាតិ​ដើម​ភាគ​តិច​ បានប្រាប់វីអូឌី ​អោយ​ដឹងថា ហាង​របស់​លោក​ស្រី​បាន​បើក​ដំណើរ​ការ​ជាងមួយឆ្នាំ​មក​ហើយ ចាប់​តាំងពី​ថ្ងៃទី ២៨​ ខែមេសា ឆ្នាំ២០១៧ ដោយមាន​ការពិភាក្សាជាមួយបងប្អូន ក្រុមគ្រួសារ និង មិត្ត​ភក្តិដែល​ជាជន​ជាតិ​ដើម​ភាគ​តិចដូច​គ្នា បន្ទាប់មកលោក​ស្រី​និង​មិត្ត​ភក្តិក៏​សម្រេច​ចិត្ត​បើក​ហាង​នេះ​តែម្តង។

លោក​ស្រី​បាន​បញ្ជាក់​ប្រាប់​ដែរ​ថាគោល​បំណង​ដែល​លោក​ស្រី​បើកអាហារដ្ឋាននេះ មិនមែនដោយសារតែដើម្បីចំណូលលោកស្រីតែមួយមុខទេ ប៉ុន្តែលើសពីនេះទៀតគឺលោកស្រីចង់ចូលរួមជួយផ្សព្វផ្សាយ អំពីអត្តសញ្ញាណ ប្រពៃណីរបស់ជនជាតិដើមភាគតិច និងផ្តល់ការងារជូនដល់ជនជាតិដើមភាគតិច។

ជាការឆ្លើយតបនូវទឹកចិត្តដ៏ល្អរបស់លោកស្រី អាហារដ្ឋានបានទទួលការគាំទ្រយ៉ាង​ច្រើនកុះករ​​មាន​ទាំង​បងប្អូន​ជន​ជាតិដើម មាន​ទាំង​បងប្អូន​ខ្មែរ ក៏​ដូច​ជា​ជន​បរទេសផងដែរ។​ ម្យ៉ាងវិញទៀត ដោយ​សារ​លោក​ស្រី​បាន​មើល​ឃើញពី​ហានិភ័យ​ក្នុង​ការ​បរិភោគ​ម្ហូប​អាហារ​របស់​ប្រជាពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃដោយ​មាន​ការ​ប្រើ​ប្រាស់​ប៊ីចេង និង បន្លែគីមី​ច្រើន ​ដូចនេះហើយទើបហាងលោកស្រីមិនប្រើប្រាស់ប៊ីចេង និងប្រើប្រាស់តែបន្លែធម្មជាតិ​ អង្ករធម្មជាតិដែលគ្មានជាតិគីមី​។

ទីមួយគឺផ្សព្វផ្សាយឲ្យភ្ញៀវគាត់ស្វែងយល់អំពីអត្តសញ្ញាណបងប្អូនជនជាតិដើមឲ្យបានច្រើនតាមតាមរយៈម្ហូបក៏ដូចជាសម្ភារៈ ហើយឃើញភ្ញៀវមានការមកញ៉ាំច្រើនបន្តបន្ទាប់រហូត ហើយមានការចាប់អារម្មណ៍ ចំណុចទីពីរគឺគាត់មិនមែនបានត្រឹមយើងញ៉ាំស្គាល់ទេគឺយើងក៏​​ចូលរួមចំណែកគិតគូររឿងសុខភាពគាត់ខ្លះដែរព្រោះម្ហូបដែលគាត់ញ៉ាំភាគច្រើនគឺជាបន្លែធម្មជាតិ ព្រោះបន្លែខ្លះបងប្អូនយើងអត់ដែលបានញ៉ាំទេ ដូចជាត្រួយកាតូញ ចុងផ្តៅអីជាដើម

លោក​ស្រី​យន់​​ ម៉ាណេ ជនជាតិពូនង ប្រធានអង្គការជនជាតិ​ដើមភាគតិច​កម្ពុជា និង​ជាម្ចាស់​ហាងផ្ទះ​បាយជនជាតិ​ដើម​ភាគ​តិច

កញ្ញា ផៃ​ កេត អាយុ២៨ឆ្នាំ ជាចុងភៅប្រចាំអាហារដ្ឋានផ្ទះបាយជនជាតិដើមភាគតិច បានឲ្យដឹងដែរថា សម្លដែលទទួលបានការគាំទ្រច្រើនជាងគេនោះគឺ មីស៊ុបចាណាង។   មីស៊ុបចាណាង ជាស៊ុបមួយបែបដែលមានគ្រឿងផ្សំដូចជា ស្លឹ​កចាណាង ធាងក្តាត ត្រពាំង ស្លឹកគ្រៃ រំដេង ស្នៀតពោតខ្ចី ជើងជ្រូក និង សាច់គោ ដែលមានរសជាតិល្វីងបន្តិច។ ស៊ុបនេះបានកែច្នៃដោយដាក់មីបន្ថែមដើម្បីឲ្យ បងប្អូនជនជាតិផ្សេងទៀត អាចបរិភោគបាន។ ក្រៅពីមីស៊ុបចាណាង ក៏នៅមានសម្លផ្សេងទៀត ដែលទទួលបានការគាំទ្រផងដែរ ដែលមានដូចជា​ ភីភាឬវេក  សម្លបុកត្រប់​ បុកត្រីគល់ស្លឹកគ្រៃ​ ព្រមទាំងសាច់ក្រកជនជាតិដើមភាគតិច។​

ភ្ញៀវភាគច្រើនគាត់ចូលចិត្តសម្លរចាណាង ហើយក៏មានសម្លផ្សេងទៀតដែរ​ដូច​ជាសម្លវេក ដែលអ្នកភ្នំពេញហៅថាភីភាម៉ាភា។ ​សម្លចាណាជាសម្លបែបជនជាតិដែលប្រើស្លឹកចាណាងជាបង្គោល ស្លឹកគ្រៃរំដេង ត្រពាំង ត្រប់ ក្តាត ស្លឹកគ្រៃរំដេង និងឆ្អឹងស៊ុបជ្រូក​ យើងយកមកអាំងវាអោយឈ្ងុយ ទើបយើងយកវាទៅរំងាស់ក្នុងឆ្នាំងស៊ុបចាណាង ហើយវាមានរសជាតិឈ្ងុយ

កញ្ញា ផៃ​ កេត អាយុ២៨ឆ្នាំ ជាចុងភៅប្រចាំអាហារដ្ឋានផ្ទះបាយជនជាតិដើមភាគតិច

កញ្ញាបានបញ្ជាក់ទៀតថាអ្នកគ្រប់គ្រងអាហារដ្ឋានបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសុវត្ថិភាពម្ហូបអាហារនិងអនាម័យ​​​សំរាប់ភ្ញៀវ។គ្រប់បន្លែនៅក្នុងហាងសុទ្ធតែជាបន្លែធម្មជាតិទាំងអស់ដែលយកមពីខេត្តមណ្ឌលគិរី​​​ រតនគិរី ព្រះវិហារ និងបណ្តាខេត្តផ្សេងៗ។

នៅហាងនាងខ្ញុំប្រើតែបន្លែធម្មជាតិដូចជាត្រួយបាស ស្លឹកល្ពៅ ត្រួយននោង ផ្កាននោង ផ្លែននោង ផ្លែល្ពៅ ក៏​យើងទិញមកពីធម្មជាតិដែរ។ ពួកយើងព្យាយាមធ្វើអោយបានធម្មជាតិ​ ៧០%ទៅ១០០%។ ខ្មែរយើងនៅភ្នំពេញភាគច្រើនមិនសូវបានញ៉ាំអាហារធម្មជាតិប៉ុន្មានទេ ដល់ពេលអីចឹងទៅបុគ្គលិកក៏នាំគ្នាព្យាយាមយកបន្លែធម្មជាតិមកឲ្យគាត់

កញ្ញា ផៃ​ កេត អាយុ២៨ឆ្នាំ ជាចុងភៅប្រចាំអាហារដ្ឋានផ្ទះបាយជនជាតិដើមភាគតិច

លោក ​កែវ រតនៈ  និសិត្សសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានចំណាប់អារម្មណ៍​​​ចំពោះម្ហូបអាហារ ជនជាតិដើមភាគតិចនេះ។​​​ លោក បានមកបរិភោគអាហារ ជាច្រើនដង​​​នៅក្នុងហាងមួយនេះ ជាមួយមិត្តភក្តិរបស់គាត់។​​ នៅពេលគាត់បរិភោគដំបូង គាត់មានអារម្មណ៍ថារាងពិបាកលេប ដោយសារសម្លទាំងនោះមានរសជាតិប្លែកពីសម្លដែលគាត់ធ្លាប់បរិភោគ​ ប៉ុន្តែពេលគាត់ព្យាយាមបរិភោគបន្តទៀត គាត់មានអារម្មណ៍ថាឆ្ញាញ់។​​

រសជាតិបើសម្រាប់យើងអ្នកអត់ដែលញ៉ាំដំបូងភាគច្រើនខ្ញុំ គិតថាប្រហែលជាពិបាកលេបបន្តិចហើយ ពីព្រោះយើងអត់ដែលសាកចឹង វារាងល្វីង ព្រោះរបស់ធម្មជាតិ គ្រឿងផ្សំធម្មជាតិចឹងអ្នកក្រុងប្រហែលជាអត់ចេះញ៉ាំទេ តែខ្ញុំញ៉ាំបានខ្លះៗដែរ។ លើកក្រោយប្រហែលសាកមុខម្ហូបផ្សេងទៀត

លោក ​កែវ រតនៈ និសិត្សសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកស្រី ម៉ាណេ បានអំពាវនាវទៅដល់បងប្អូនជនជាតិដើមភាគតិច​ ក៏ដូចជាបងប្អូនខ្មែរអោយជួយចូលរួមថែរក្សារអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច​ព្រោះថាការចូលរួមប្រជាជនទាំងអស់គ្នាមានសារសំខាន់ណាស់​​ ដើម្បីថែរក្សារអត្តសញ្ញាណឲ្យបានគង់វង្ស។​

ជាចុងក្រោយក្នុងនាមនាងខ្ញុំជាជនជាតិដើមភាគតិច​​​មួយរូប នាងខ្ញុំសូមអំពាវនាវក៏ដូចជាទទូចដល់បងប្អូន​ជនជាតិដើមភាគតិចខ្លួនឯង ក៏ដូច​បងប្អូនខ្មែរនៅ​ក្នុង​ស្រុក​យើងទាំងអស់ហ្នឹងចូលរួមគាំទ្រថែរក្សា​ការពារក៏ដូចជាអភិរក្សប្រពៃណីអត្តសញ្ញាណបងប្អូនជនជាតិ​ដើម​ដែល​ល្អៗហ្នឹង ដើម្បីជាប្រយោជន៍ជូនទៅដល់កូនចៅ​ជំនាន់ក្រោយ​ក៏ដូចជា​ប្រទេស​ជាតិយើងទាំងមូល

លោក​ស្រី​ យន់​​ ម៉ាណេ ជនជាតិពូនង ប្រធានអង្គការជនជាតិ​ដើមភាគតិច​កម្ពុជា និង​ជាម្ចាស់​ហាងផ្ទះ​បាយជនជាតិ​ដើម​ភាគ​តិច

ក្រៅពីបាយសម្ល ហាងផ្ទះបាយជនជាតិដើមភាគតិចក៏មានលក់ អង្ករធម្មជាតិ​ ផ្លែផាសិន​ ផ្លែប៊័រ បន្លែផ្សេងៗទៀតដែលសុទ្ធសឹងតែជាផលិតផលផម្មជាតិ។​

អ្នកស្រីម៉ាណេ រំពឹងថានឹងមានអារដ្ឋានបែបជនជាតិដើមភាគតិចបើកកាន់តែច្រើន​​​បន្ថែមទៀតក្នុងរាជធានីភ្នំពេញ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ