ការជួយសង្គ្រោះនៅថៃ៖ មនុស្សទាំង១៣នាក់រកឃើញថានៅរស់បន្ទាប់ពីបាត់ខ្លួន៩ថ្ងៃ

(Screenshot of boys found that posted on Thai Navy SEAL’s FB)

ក្មេងប្រុសចំនួន១២នាក់និងគ្រូបង្វឹកបាល់ទាត់​ ដែលបានបាត់ខ្លួននៅក្នុងរូងភ្នំមួយ នៅ​ក្នុង​ប្រទេសថៃ​​អស់រយៈពេល៩ថ្ងៃ ត្រូវ​បានរកឃើញ​ដោយអ្នកមុជទឹក​ នៅក្នុងរឿងមួយ ដែលបង្កការ​ភ្ងាក់​ផ្អើល​​ពេញទូទាំងប្រទេសថៃ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។

បើតាម BBC ពួកគេត្រូវបានរកឃើញដោយអ្នកមុជទឹកចក្រភពអង់គ្លេស២នាក់ នៅលើ​ព្រំប្រទល់​​មួយនៅក្នុងរូងថ្មមួយ បន្ទាប់ពីប្រតិបត្ដិការស្វែងរកយ៉ាងមមាញឹកនៅរូងភ្នំ ថាម ហ្លួង នៅក្នុងខេត្តឈៀងរ៉ៃ ប្រទេសថៃ។

អាជ្ញាធរ​ បានប្រាប់សារព័ត៌មានក្នុងស្រុកថា បញ្ហាប្រឈមនៅពេលនេះ គឺដើម្បីការនាំយកមនុស្សទាំង១៣នាក់នោះដោយសុវត្ថិភាព ខណៈមានការកើនឡើងទឹកនិងភក់ ដែលកំពុងរំខាននដល់ការចូលសង្គ្រោះនៅក្នុងរូងភ្នំ។

ក្រុមគ្រួសារនៃក្រុមមនុស្សដែលបាត់ខ្លួន មានភាពសប្បាយរីករាយ នៅពេលដឹងថា ពួកគេត្រូវបានរកឃើញនិងនៅរស់នៅឡើយ។

ក្រុមអ្នកជួយសង្គ្រោះ នៅពេលដំបូង មានក្តីសង្ឃឹមថា​ ពួកគេនឹងត្រូវរកឃើញដោយសុវត្ថិភាពនៅលើគែមជំរាលផ្នែកខាងរូងភ្នំដែលមានឈ្មោះហៅក្រៅថា «ឆ្នេរប៉ាតាយ៉ា» ប៉ុន្តែពួកគេ បែជាត្រូវបានគេរកឃើញក្នុងចម្ងាយ៤០០ម៉ែត ពីទីទួលខ្ពស់មួយដើម្បីគេចចេញ​ពីជំនន់ទឹកដែលឡើងខ្ពស់ នេះបើតាម BBC។

អ្នកជួយសង្គ្រោះ២នាក់របស់អង់គ្លេសត្រូវបានគេជឿជាក់ថាមានឈ្មោះ Rick Stanton និង John Volanthen ដែលបានមកដល់ប្រទេសថៃកាលពីដើមសប្តាហ៍មុន ខណៈអ្នកជួយសង្គ្រោះបានចំណាយពេលជាច្រើនម៉ោង ដើម្បីទៅដល់ក្រុមនុស្សទាំង១៣នាក់នោះ​កាលពីថ្ងៃចន្ទម្សិលមិញ។

បើតាម BBC នៅក្នុងវីដេអូដែលបង្ហោះនៅលើហ្វេសប៊ុកដោយកងកម្លាំងពិសេស SEAL របស់កងទ័ពជើង​ទឹកថៃមួយ អាចត្រូវបានគេលឺនិយាយជាភាសាអង់គ្លេសទៅក្រុមនេះ ខណៈដែលពួកគេអង្គុយនៅលើជណ្តើរមួយនៅពីលើទឹកក្នុងរូងថ្មមួយ ដែលត្រូវបានបញ្ចាំពន្លឺដោយភ្លើងពិល៕

ទីភ្ងាក់ងារសារព័ត៌មាន DPA បានផ្សាយថា ក្រុមអាជ្ងាធរមានសមត្ថកិច្ច បានច្រានចោលពាក្យចចាមរ៉ាម ដែលថា បេសកម្មជួយសង្គ្រោះក្មេងទាំងនោះចេញពីរូងភ្នំ អាចនឹងចំណាយពេលច្រើនខែ ខណៈពេលនេះ អភិបាលខេត្តឈៀងរ៉ៃ ឲ្យដឹងថា កិច្ចការចំពោះមុខនៅពេលនេះ គឺធានានូវសុខភាពរបស់ពួកគេ ពីព្រោះថា ពួកគេមិនមានកម្លាំងដើម្បីហែលទឹក ឬ មុជទឹកនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ