អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ត្រូវបានចោទប្រកាន់ពីបទពុករលួយ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) មកដល់តុលាការគួឡាឡាំពួរ ថ្ងៃទី ០៤ កក្កដា ២០១៨។ (រូបថត: Mohd Rasfan / AFP)

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវបានចោទប្រកាន់​ដោយតុលាការ​នៅព្រឹក​ថ្ងៃពុធនេះ ពីបទប្រព្រឹត្តិអំពើពុករលួយ ខណៈ​ដែល​ការ​ចោទ​ប្រកាន់​ ធ្វើឡើងតែ​២​ខែ​ក្រោយ បន្ទាប់​ពីមាន​រឿងអាស្រូវ​អំពើ​​ពុករលួយ​ថវិកា​រាប់ពាន់លានដុល្លារ ដែល​ពាក់ព័ន្ធនឹងមូល​និធិវិនិយោគរដ្ឋ 1MDB ហើយ ក៏ជារឿងរ៉ាវ​ដ៏រស៊ើប​មួយ ដែលបាននាំឱ្យគាត់បរាជ័យបរាជ័យក្នុងការបោះឆ្នោត។ នេះបើ​តាម​ការ​ចុះផ្សាយ​​​​របស់​ទីភ្នាក់ងារ​សារព័ត៌​មាន​អេភី (AP)។

បើតាមសារព័ត៌មានអន្តរជាតិដដែល អតីតមេដឹកនាំម៉ាឡេស៊ីវ័យ៦៤ឆ្នាំរូបនេះ ក៏ត្រូវបានចោទប្រកាន់ពីបទ​រំលោភ​សេចក្តី​​ទុកចិត្តចំនួនបីករណីនិង​បទ​ចោទ​មួយករណីលើការប្រើប្រាស់តួនាទីខុស ខណៈតុលាការឲ្យដឹងបន្តថា បទ​ល្មើស​​ទាំង​នោះ គឺ​បាន​ប្រព្រឹត្តិ​ឡើង​ចន្លោះ​ឆ្នាំ​២០១១​និង២០១៥។

នៅក្នុងបន្ទប់សវនាការព្រឹកនេះ​និងបន្ទាប់ពីមានការអានបទចោទម្តងមួយៗ លោក ណាជីប បានឆ្លើយតបយ៉ាង​ទន់​ភ្លន់​​ថា​​ លោកមិនមានកំហុសដូចការចោទប្រកាន់ទាំងអស់នោះទេ ហើយទាមទារការកាត់ក្តី ស្របពេលដែលរាល់​បទចោទ​ប្រកាន់​​​ទាំនោះ នឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់២០ឆ្នាំ។

អគ្គព្រះរាជអាជ្ញា ដែលដឹកនាំក្រុមមានសមាជិក១២នាក់ បានស្នើសុំឱ្យតុលាការដាក់ប្រាក់​ធានាចំនួន​ប្រមាណ​ជិត​មួយ​​លានដុល្លារអាមេរិកជាសាច់ប្រាក់សុទ្ធនិងស្នើដកហូតលិខិតឆ្លងដែនរបស់ណាជីប។

ការចោទប្រកាន់លើលោក ណាជីប គឺពាក់ព័ន្ធនឹងការផ្ទេរលុយប្រមាណ១០,៥លានដុល្លារអាមេរិកពីស្ថានប័នហិរញ្ញវត្ថុ SRC International ដែលជាអតីតស្ថាប័នមួយគ្រប់គ្រងដោយមូលនិធិ 1MDB ទៅក្នុងគណនីធនាគារផ្ទាល់​ខ្លួនរបស់​លោក ណាជីប។ ទោះជាយ៉ាណា ក្រសួងយុត្តិធម៌អាមេរិក ឲ្យដឹងថា ថវិកាប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក ត្រូវ​បាន​ផ្ទេរ​​បញ្ចូល​មូលនិធិរដ្ឋ 1MDB ដែលកាលនោះគ្រប់គ្រងដោយរដ្ឋាភិបាលលោក ណាជីប។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Channel NewsAsia។

លោក ណាជីប គឺជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីដំបូងគេ ដែលប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។

អតីតមេដឹកនាំ​ម៉ាឡេស៊ី ដែលទើបបាត់បង់តំណែង​តាមរយៈការបោះឆ្នោត​ជាការសម្រេចពីពលរដ្ឋកាលពីខែឧសភា​កន្លងទៅ​នេះ ធ្លាប់បានត្អូញត្អែរថា លោកកំពុងតែរងគ្រោះដោយសារតែសមត្ថកិច្ចចាត់វិធានការលើរូបលោក ក្រោមរូបភាពនយោបាយសងសឹក៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ