សហជីព​ជំរុញ​ទៅ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ករណី​កម្មករ​សំណង់​ស្លាប់​និង​របួស​

កម្មករដែលស្លាប់ ក្រោម​គំនរ​បាក់​បែក​ស្ថិត​នៅ​លើ​ជាន់​ទី​២៣ នៃ​សំណង់​ខុនដូរ​មេគង្គ​វីយូ ទីតាំង​ទី​៦ កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា (រូបភាព៖ បណ្ដាញសង្គម)

សហជីពមួយ បាន​ជំរុញទៅរដ្ឋាភិបាលឲ្យ​ចាត់វិធានការទៅ​លើ​ក្រុមហ៊ុនម៉ៅការសំណង់​មួយ បន្ទាប់​ពី​កម្មករ ២នាក់ បាន​ស្លាប់ និង​កម្មករ ៥នាក់​ទៀត បាន​រង​របួស ក្រោយ​ពី​សំណង់​ខុនដូ​មេគង្គ​វីយូ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា បាន​បាក់​កាល​ពី​ចុង​សប្ដាហ៍​​កន្លង​មក​នេះ។

កម្មករ​សំណង់ ២​នាក់ ត្រូវ​បាន​រក​ឃើញ​ថា ​ស្លាប់ ហើយ ៥​នាក់​ទៀត​បាន​រង​របួស ក្រោម​គំនរ​បាក់​បែក​ស្ថិត​នៅ​លើ​ជាន់​ទី​២៣ នៃ​សំណង់​ខុនដូរ​មេគង្គ​វីយូ ទីតាំង​ទី​៦ កាល​ពី​ថ្ងៃ​ទី​០១ ខែ​កក្កដា​នេះ។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែកក្តដា សហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានស្នើទៅរដ្ឋា​ភិបាល អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ឋជួយដោះស្រាយ និងចាត់វិធានការទៅក្រុមហ៊ុន​សំណង់ ឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ និងផ្តល់សំណងជូនក្រុមគ្រួសារជាជនរងគ្រោះឲ្យបានសមរម្យ។

ប្រធានសហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លោក សុខ គីន បានបន្ថែមលើសេចក្តីថ្លែងការណ៍ថា ករណីកម្មករជួបគ្រោះថ្នាក់ដោយសារបាក់ប្លង់សេសំណង់ខុនដូនោះ ហាក់មានការលាក់បាំង ដោយថា ពេលក្រុមការងាររបស់លោកចុះស្រាវជ្រាវ និងសួរនាំជុំវិញហេតុការណ៍នេះ មិនត្រូវបានកម្មករ និងមេការសំណង់នៅទីនោះផ្តល់ព័ត៌មានឲ្យឡើយ។

ដោយសាររឿងហ្នឹង វាអយុត្តិធម៌ ហើយព័ត៌មានហ្នឹងរហូតមកដល់ពេលនេះ យើងមិនទាន់ទទួលបានដឹងច្បាស់ថា អ្នកស្លាប់ហ្នឹងទទួលបានសំណងប៉ុន្មាន? និងអ្នករងរបួសហ្នឹងទទួលបានសំណងដូចម្តេចទេ? ព្រោះដោយសារតែកន្លងមក​ហ្នឹង មានបញ្ហាជាច្រើនពាក់ព័ន្ធនឹងកម្មករសំណង់ ពេលដែលជួបគ្រោះថ្នាក់អញ្ចឹង ឲ្យតែមានសំណងអីបន្តិចបន្តួចទៅឲ្យប្រជាពលរដ្ឋគាត់បិទមាត់ហើយ បិទបញ្ចប់រឿងហ្នឹងទៅ

ប្រធានសហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) លោក សុខ គីន

ប្រធានសហព័ន្ឋសហជីពរូបនេះ បន្តថា បើប្រៀបធៀបជាកម្មករក្នុងវិស័យនានា កម្មករសំណង់ជួបបញ្ហាលំបាក និងអត្រាគ្រោះថ្នាក់ខ្ពស់ជាងគេ ហើយលោកថា កម្មករសំណង់ក៏មិនត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ឋផ្សេងៗនោះទេ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ​ បានឆ្លើយប្រាប់វីអូឌីតាមបណ្ដាញ​ទំនាក់​ទំនង​សង្គម​ថា ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចរួមទាំងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ និងក្រសួង កំពុងធ្វើ​ករដោះស្រាយហើយ។

របាយការណ៍របស់សហព័ន្ឋសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ដែលបាន​ស្ទង់មតិលើកម្មករសំណង់ជាង ១ពាក់នៅតាម ៤៨គោលដៅក្នុងរាជធានីភ្នំពេញកាលឆ្នាំ២០១៧ បានរងឃើញថា អត្រាគ្រោះថ្នាក់របស់កម្មករសំណង់បានកើនឡើងខ្ពស់​រហូតទៅដល់ ១៩% ឬ​មានន័យថា កម្មករ ១៩​នាក់​ក្នុង​ចំណោម ១០០​នាក់ បាន​រង​គ្រោះ​ថ្នាក់​ការងារ​ ខណៈ​ដែល​រក​ឃើញ​ផង​ដែរ​ថា កម្មករទទួលបានការព្យាបាលត្រឹម​តែ ៩%ប៉ុណ្ណោះ ក្រោយ​រង​គ្រោះ​ថ្នាក់​ការងារ។

របាយការណ៍​ដដែលនោះ បានរកឃើញទៀតថា កម្មករសំណង់រហូតទៅ​ដល់​ទៅ ៨៧​ភាគរយ ពុំ​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​បចេ្ចកទេស​​វិជ្ជា​ជីវៈ​នោះ​ទេ ខណៈ​​កម្មករ ៨៩​ភាគរយ​ទៀត ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការ​តាម​រយៈ​កិច្ច​សន្យា​ផ្ទាល់​មាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ