ស្ត្រីផ្ទុកមេរោគអេដ៍រងការរើសអើងពីអ្នកជិតខាង

រូបភាពថតដោយ លោក នូ រ៉េន ពលរដ្ឋអ្នកសារព័ត៌មាន

ស្ត្រីម្នាក់(សុំមិនបញ្ចេញឈ្មោះ)មានអាយុ៤៩ឆ្នាំ មានកូនប្រុសតូចៗចំនួន២នាក់ រស់នៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលមានផ្ទុកមេរោគអេដ៍តាំងពីទស្សវត្ត១៩៩០ដោយសារឆ្លងពីប្តី។ ហើយសព្វថ្ងៃនេះ គាត់មានការរើសអើងពីអ្នកជិតខាង ដោយគេមិនសូវស្និទ្ធស្នាលនឹងនិយាយលេងជាមួយគាត់ដូចអ្នកដ៏ទៃ សូម្បីតែកូនតូចៗរបស់គាត់ក៏គេមិនសូវឱ្យកូនគេលេងជាមួយដែរ។

អ្នកស្រីមានប្រសាសន៍សថា៖« សព្វថ្ងៃខ្ញុំមិនដែលដើរទៅអង្គុយលេងផ្ទះអ្នកណាទេ សូម្បីតែទៅទិញអីម្តងៗគេមិនចង់នីយាយរកយើងផង ប្រហែលជាគេខ្ពើមយើងក៏មិនដឹង»។

គួបផ្សំជីវភាពខ្សត់ខ្សោយ ហូបចុកមិនបានគ្រប់គ្រាន់ផងធ្វើឲ្យរាងកាយរបស់គាត់គាន់តែយ៉ាប់ទៅៗ នាំឲ្យអ្នកជិតខាងមិនសូវចូលចិត្តនឹងរាប់អានគាត់។

អ្នកស្រីបានបន្តថា សព្វថ្ងៃនេះគ្មានស្ថាប័ន្តណាជួយឧបត្ថម្ភគាត់ទេ សូម្បីតែថ្លៃធ្វើដំណើរទៅបើកថ្នាំលេបនៅពេទ្យខេត្តក៏គ្មានដែរ ។ចំណែកជីវភាពវិញមានការខ្វះខាតខ្លាំង សព្វថ្ងែគាត់មានអង្ករហូបដោយសារគាត់ចិញ្ចឹមមាន់ទាលក់ តែបើចង់ធ្វើអ្វីលក់ផ្សេងក៏គេមិនមានអ្នកទិញរបស់គាត់ដែរ ពេលខ្លះដាច់ពេលគាត់ទៅសុំអង្ករម្តាយគាត់ហូប។

អ្នកស្រី ហេង សាវិន ជាអ្នកលក់ចាប់ហួយនៅជិតផ្ទះស្រ្តីខាងលើបានប្រាប់ថា គាត់មិនបានស្អប់ខ្ពើមឬរើសអើងជាមួយស្ត្រីខាងលើទេ ឱ្យតែមកទិញគឺគាត់លក់ឱ្យហើយ ប៉ុន្តែពួកគាត់មិនសូវមានភាពស្និទ្ធស្នាលនិងគ្នាមែនដោយម្នាក់ៗរវល់រៀងៗខ្លួន។

អ្នកស្រីមានប្រសាសន៍ថា៖ «ចំណែកកូនរបស់ខ្ញុំ ខ្ញុំមិនឲ្យទៅលេងជាមួយកូនគាត់មែនដោយសារកូនគាត់លេងចូលចិត្តតែខាំ ព្រោះខ្ញុំខ្លាចកូនគាត់មានផ្ទុកមេរោគដែរវាអាចឆ្លងមកកូនខ្ញុំ»។

អ្នកស្រី សំរិទ្ធិ ធឿន ជាអនុភូមិដំណាក់អំពិល ទទួលបន្ទុកការងារស្ត្រីមានប្រសាសន៍ថា គាត់មិនបានរើសអើងឬស្អប់ខ្ពើមអ្នកមានផ្ទុកមេរោគអេដ៍ទេ ព្រោះពួកគាត់ជាជនងាយរងគ្រោះ ហើយជាមុខសញ្ញានៃការចាំជួយទំនុកបំរុងពីអាជ្ញាធរ ។

អ្នកស្រីមានប្រសាសន៍ថា៖«ខ្ញុំតែងតែពន្យល់ណែនាំពីការថែទាំសុខភាពដោយសារឃើញគាត់មិនសូវចេះសំអាតអនាម័យជាដើម ហើយតែងតែហៅមកចូលរួមប្រជុំជាមួយអង្គការនានាដែលគេអនុវត្តលើការងារអេដ៍និងកាមរោគ»។

តែទោះបីជាមានការជួយលើកទឹកចឹត្តពីអាជ្ញាធរក្តី តែជីវភាពរបស់គ្រួសារស្ត្រីផ្ទុកមេរោគអេដ៍រូបនេះមិនបានប្រសើរឡើយ គាត់សុំសំណូមពរទៅអាជ្ញាធរនិងស្ថាប័ន្តពាក់ព័ន្ធឱ្យជួយផ្តល់ស្បៀងអាហារឱ្យគាត់បានហូបផងគ្រប់គ្រាន់ផង៕

ដោយលោក នូ រ៉េន ពលរដ្ឋអ្នកសារព័ត៌មានខេត្ត ពោធិ៍សាត់

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។