សមត្ថកិច្ច​ និង​មន្រ្តី​អង្គការ​ផ្តល់​ទិន្នន័យ​ខុសគ្នា​ជុំវិញ​កម្មករ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កណ្តាល​

ឡានដឹកកម្មករជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី ០៥ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Saing Pisey)

សមត្ថកិច្ចឲ្យដឹងថា យ៉ាងហោចណាស់កម្មករ ២០នាក់បានរងរបួសធ្ងន់ស្រាល ខណៈមន្រ្តីអង្គការសង្គមស៊ីវិលថា កម្មករជាង ៣០នាក់បានរងរបួសធ្ងន់ស្រាល​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃនេះ

អធិការរង​នគរបាល​ស្រុកកណ្តាលស្ទឹង លោក ឆេង ស៊ុន បាន​ឲ្យដឹងថា រថយន្ត​មួយ​ដែល​ដឹក​កម្មករ​ពី​ខេត្ត​តាកែវ​មក​បំពេញ​ការងារ​នៅ​ក្នុង​រោងចក្រ​នៅ​រាជ​ធានី​ភ្នំពេញ​នោះ បាន​ក្រឡាប់​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ឯ​ភូមិ​ជីម៉ូវ ស្ថិត​ក្នុង​ឃុំ​ត្បែង បន្ទាប់​ពី​រថយន្ត​នោះ​ប្រទះ​នឹង​រ៉ឺម៉ក​មួយ​គ្រឿង។

មន្ត្រី​នគរបាល​រូប​នេះ បាន​ឲ្យ​ដឹង​ថា កម្មករ ២០​នាក់ បាន​រង​របួស និង​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​អស់​ហើយ ប៉ុន្តែ លោក​ពុំ​អាច​បញ្ជាក់​ពី​ចំនួន​កម្មករ​រង​របួស​ធ្ងន់ ឬ​ស្រាល​ប៉ុន្មាន​នាក់​នោះ​ឡើយ។

ទោះយ៉ាងណា អង្គការសង់ត្រាល់ ដែល​អះ​អាង​ថា បាន​បញ្ជូន​មន្ត្រី​ចុះ​ទៅ​អង្កេត​ផ្ទាល់​នៅ​កន្លែង​កើត​ហេតុ​នោះ បានឲ្យដឹងថា កម្មករ-កម្មការិនី​សរុប ៣៤​នាក់ បាន​រង​របួស ក្នុង​នោះ​កម្មករ ១០​នាក់​រង​របួស​ធ្ងន់។

បើ​តាម​អង្គការសង់ត្រាល់ កម្មករទាំងនោះបម្រើការងារនៅរោងចក្រ Moha Garments Co. Ltd ស្ថិតក្នុងសួនវឌ្ឍនៈ២ ជារោងចក្រផលិតសម្លៀកបំពាក់​យីហោល្បីនៅ​អឺរ៉ុប និងអាមេរិក។

មន្រ្តី​មូលនិធិ​របប​សន្តិសុខ​សង្គម ប.ស.ស ប្រចាំ​នៅ​សាខាខណ្ឌដង្កោ អ្នកស្រី សយ សុភា ឲ្យដឹងថា រោងចក្រដែលមាន​កម្មករជួប​គ្រោះថ្នាក់នោះ បានចូលជាសមាជិក ប.ស.ស រួចហើយ ខណៈមន្រ្តី​ ប.ស.ស ​ខណ្ឌដង្កោ កំពុងចុះអន្តរាគមន៍ករណីនេះ ប៉ុន្តែ មិនទាន់អាចបញ្ជាក់ចំនួនកម្មករដែលគ្រោះថ្នាក់នោះបាននៅឡើយទេ។

របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងមហាផ្ទៃឆ្នាំ​២០១៧ បានបង្ហាញថា កម្មករ-កម្មការិនី​ ៣៦​នាក់ បាន​ស្លាប់ ៣២០​រង​របួស​ធ្ងន់ និង​ ១៩៧០​នាក់​ទៀត​រង​របួស​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កម្មករ​សរុប ១,៧៧១​ លើក​នៅ​ទូទាំង​ប្រទេស។

របាយការណ៍នេះ បញ្ជក់ថា មូលហេតុចម្បង​ដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់នោះដោយសារបើកបរហួសល្បឿន​កំណត់ មិនគោរពសិទ្ធអាទិភាព មិនប្រកាន់ស្តាំ បទឆ្វេងស្តាំមិនប្រយ័ត្ន បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ