អឺរ៉ុប​​រម្លឹក​​​កម្ពុជា​​​ឲ្យ​​​ដោះ​លែង​​​លោក​​ កឹម សុខា​​ ខណៈ​​​ព្រមាន​​​ដាក់​​​ទណ្ឌកម្ម​​ជាក់​លាក់​​

លោក កឹម សុខា កាលពីកន្លងទៅ

គណៈកម្ម​ការអឺរ៉ុប​បាន​រម្លឹក​ពី​ការ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ លោក​ កឹម សុខា ខណៈ​ដែល​ព្រមាន​​ថា ​វិធាន​ការ​ជាក់​លាក់មួយ​អាច​នឹង​​ត្រូវ​ដាក់ទៅ​លើ​រដ្ឋាភិបាលកម្ពុជានាពេល​ខាង​មុខ​ ប្រសិន​ជាគ្មាន​ការ​វិវត្តន៍​ណា​មួយ​ប្រសើរ​នោះ​ទេ។

ក្នុង​សេចក្តីប្រកាស​ចុះថ្ងៃ​ទី​៣ ខែ​កក្កដា ដែល​ VODទើបទទួល​បាននៅ​ថ្ងៃ​នេះ តំណាង​គណៈកម្ម​ការ​អឺរ៉ុប​ លោក​ស្រី Federica Mogherini បាន​ថ្លែងថា ​ការ​បន្ត​​ឃុំ​ខ្លួន​មេដឹកនាំអតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក ​កឹម សុខា គឺ​ជា​ការ​បារម្ភ​របស់​សហភាពអឺរ៉ុប ហើយ​ក្រុម​ប្រឹក្សា​អឺរ៉ុប​អាច​នឹង​មាន​វិធាន​ការ​ជាក់​លាក់​ណាមួយ​ដាក់​សម្ពោធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បីឲ្យ​ស្ដារស្ថានភាព​នៅកម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើង។

​សេចក្តី​ប្រកាស​នោះលើក​ឡើង​ថា៖ «កាលវិភាគសម្រាប់ការអនុវត្តវិធានការកំណត់គោល​ដៅ​ណា​មួយ ​នឹង​អាស្រ័យ​លើ​លទ្ធផល​នៃការពិភាក្សានៅ​ក្នុង​ក្រុម​ប្រឹក្សា»។

​កិច្ចប្រជុំក្រុម​ប្រឹក្សា​អឺរ៉ុប​អាច​នឹងចាប់​ផ្តើមនៅថ្ងៃ​ទី​១៨ តុលា ឆ្នាំ​២០១៨ ខាងមុខ។

វី​អូ​ឌី​មិន​អាចទាក់​ទង​អ្នក​នាំពាក្យ​ក្រសួងការ​បរទេស ​លោក ជុំ សុន្ទរី បាន​នៅ​ឡើយ​ទេ។

អ្នក​នាំពាក្យគណបក្សប្រជា​ជន​កម្ពុជា ​លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គ្មាន​សម្ពាធ​ពី​អន្តរជាតិណាដែល​អាច​ចាប់​បង្ខំ​ឲ្យ​កម្ពុជា​ដោះ​លែង​លោក កឹម សុខា និង​ឲ្យ​បក្សសង្គ្រោះ​ជាតិអា​ច​បង្កើត​ឡើង​វិញ​បាន​ទេ តែ​លោក​បាន​ស្វាគមន៍​ទៅ​គណៈ​ប្រតិភូ​អឺរ៉ុប​ក្នុង​ការ​ចុះ​មកស្វែង​រក​ការពិតមុន​សម្រេច​ពី​វិធាន​ការ​នេះ។

យើង​ស្វាគមន៍​ឲ្យ​គាត់​មក ​ដើម្បី​ឲ្យ​គាត់​ក្តាប់​បាន​សភាព​ការ​ពិត​នៅ​កម្ពុជា ​កុំ​ឲ្យ​នៅ​តែ​ខាង​ក្រៅប្រទេស ហើយ​ជឿតែ​លើ​ការ​ឃោសនា​របស់​ពួកប្រឆាំង។ អាហ្នឹង​ គឺ​មិន​ពិត​ប្រាកដទេ ​ហើយ​ការ​សម្រេច​យ៉ាង​ណាផ្អែកទៅ​លើ​ការ​ឮ ការ​ថា​តាម​គេ អាហ្នឹង ​វា​មិនសត្យា​នុម័តទេ។ អញ្ចឹង​បាន​ជា​យើង​ឮថា គាត់​មក​ យើង​ស្វាគមន៍ឲ្យ​គាត់​មក ​ដើម្បី​ឲ្យ​គាត់​ក្តាប់បានសភាពការពិត

អ្នក​នាំពាក្យគណបក្សប្រជា​ជន​កម្ពុជា ​លោក សុខ ឥសាន

ក្នុង​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២៦ កុម្ភៈ ឆ្នាំ​២០១៨ ក្រុមប្រឹក្សាកិច្ចការបរទេសនៃសហភាពអឺរ៉ុប ដែលតំណាងឲ្យ ២៨​ប្រទេស បាន​ចេញ​សេចក្ដីសន្និដ្ឋានមួយស្ដីពីបញ្ហាកម្ពុជា ដែលមាន ១២ចំណុច ដោយក្រើនរម្លឹក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ស្ដារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ឡើងវិញ ដូចជា ឈប់ប្រើប្រាស់ប្រព័ន្ធតុលាការ​ជាឧបករណ៍បង្ក្រាបសំឡេងរិះគន់ ដោះលែង​​ លោក កឹម សុខា និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងការបោះឆ្នោត​នាខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ។

ក្នុងសេចក្ដីសន្និដ្ឋាន សហភាពអឺរ៉ុបក៏ព្រមានជាថ្មីពីការកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ​គយ​ដល់កម្ពុជាផងដែរ ប្រសិន​បើ​រដ្ឋាភិ​បាល​របស់លោក ហ៊ុន សែន មិនព្រមដោះលែង លោក កឹម​​ សុខា និងធានា​បរិយាកាសនយោបាយ​ល្អប្រសើរ​នៅមុន​ការបោះ​ឆ្នោត​។​

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក មាស នី បាន​លើក​ឡើង​ប្រាប់​វី​អូ​ឌីកាលពី​ខែកុម្ភៈថា បើអឺរ៉ុបដាក់ទណ្ឌកម្មមែន រដ្ឋាភិបាលនឹងជួបបញ្ហាជាច្រើន ដូចជា ភាពអត់ការងារធ្វើរបស់ពលរដ្ឋ អសន្ដិ​សុខ​សង្គម​ និងវិបត្តិផ្ទៃក្នុងជា​ដើម។

សហគមន៍អឺរ៉ុប គេបានព្រមានមកលើយើង វាច្រើនខែមកហើយដែរ ប៉ុន្ដែ យើងក៏ប្រកាន់ជំហរមួយ មិន​យក​គំនិត​របស់គេមកពិចារណា។ រឿងការ​គាប​សង្កត់​ផ្នែក​ពាណិជ្ជកម្ម បើគេដាក់ ក៏នឹងធ្វើឲ្យយើងមានវិបត្តិផ្ទៃក្នុង ប៉ះពាល់ទំនាក់ទំនងផ្ទៃក្នុងរបស់យើងជាមួយពលរដ្ឋ ដែល​គាត់​ទទួល​ផលពី​ប្រយោជន៍ពាណិជ្ជកម្មហ្នឹង

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក មាស នី

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញាឆ្នាំមុន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោម​ការ​ចោទប្រកាន់​ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញវីដេអូឃ្លីប​ដែលលោក​ថ្លែង​នៅ​ប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ