គ.ជ.ប​ គ្រោង​អញ្ជើញ​ក្រុមហ៊ុន​ឥណ្ឌា​​មក​បក​ស្រាយ​​ទឹក​ខ្មៅ​ជ្រលក់​ដៃ​

កិច្ចប្រជុំភាគីពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ និងបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសីទ គ.ជ.ប (រូបភាព៖ គ.ជ.ប)

គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប គ្រោងអញ្ជើញក្រុមហ៊ុនផលិតទឹកខ្មៅជ្រលក់ដៃពីប្រទេសឥណ្ឌាមកស្រុកខ្មែរ ដើម្បីអះអាងពីគុណភាពទឹកថ្នាំ ដែលវិធានការនេះ នឹងត្រូវធ្វើ​ឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានចាប់អ្នកដែលនិយាយថា ទឹកខ្មៅជ្រលក់ដៃក្នុងថ្ងៃបោះឆ្នោតនឹងធ្វើឲ្យមនុស្សស្លាប់។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ប្រាប់ VOD នៅព្រឹកនេះថា គ.ជ.ប នឹងអញ្ជើញក្រុមហ៊ុនឥណ្ឌាដែលកម្ពុជាបានទិញទឹកខ្មៅជ្រលក់ដៃមកបកស្រាយពីគុណភាពទឹកថ្នាំ បន្ទាប់ពី​មានការលើកឡើងពីការស្លាប់​ក្រោយប្រើរួច ដោយថា ព័ត៌មានចចាមអារ៉ាមនោះ រារាំងដល់ការចេញទៅបោះឆ្នោត។

នៅក្នុងប្រសាសន៍ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ឲ្យ គ.ជ.ប ធ្វើការ! ហើយយើងឃើញហ្វេសប៊ុក​នៅក្រៅប្រទេសក៏និយាយប្រហាក់ប្រហែលគ្នាហ្នឹងដែរ! អញ្ចឹងហើយបានថា ដើម្បីបំបាត់ការសង្ស័យ គ.ជ.ប  ក៏លើកឡើងនូវវិធានការបែបហ្នឹង

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា

លោក ហង្ស ពុទ្ធា ឲ្យដឹងបន្ថែមថា គ.ជ.ប គ្រោងរៀបចំឲ្យក្រុមហ៊ុនឥណ្ឌាបកស្រាយចំនួនពីរពេល ប៉ុន្តែ នៅខាងក្រុមហ៊ុនមិនទាន់បានកំណត់ពេលវេលា​នៅឡើយ។

លោក ពុទ្ធា បញ្ជាក់ឲ្យដឹងដែរថា មូលហេតុដែលកម្ពុជាជ្រើសរើសយកទឹកខ្មៅជ្រលក់ដៃពីក្រុមហ៊ុននៅប្រទេសឥណ្ឌា ដោយសារ គ.ជ.ប បានធ្វើសម្រង់តម្លៃក្រុមហ៊ុនប្រហែល១០ ហើយថា ក្រុមហ៊ុនមួយចំនួនធំលើពិភពលោកបានយកពីប្រទេសឥណ្ឌាដូចគ្នា។ លោកថា តាមបទពិសោធន៍របស់លោកដែលចូលរួមសង្កេតការបោះឆ្នោតក្នុងប្រទេសជាច្រើន គឺគេក៏ប្រើទឹកថ្នាំពីប្រទេសឥណ្ឌានេះដែរ។

ពាក់ព័ន្ធនឹងរឿងទឹកខ្មៅជ្រលក់ដៃ កាលពីថ្ងៃទី២កក្កដាកន្លងទៅ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​អាកាស​មិត្ត​ភាពកម្ពុជា-ចិន ឬ​ហៅ​ថា ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ លោក ហ៊ុន សែន បាន​ព្រមានវាយខ្នោះលើអ្នកដែលនិយាយថា ទឹកខ្មៅជ្រលក់ដៃក្នុងថ្ងៃបោះឆ្នោតនឹងធ្វើឲ្យមនុស្សស្លាប់ក្រោយពីជ្រលក់បាន ២៤ម៉ោង ដោយថា ពាក្យចចាមអារ៉ាមនេះធ្វើឲ្យប៉ះពាល់ដល់​សន្តិសុខជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ