សាលា​​រាជ​ធានី​​គ្រោង​​បន្ថែម​​ខ្សែ​​ដឹក​​ជញ្ជូន​​សាធារណៈ​​ក្រោយ​​រថយន្ត​​​២០​​គ្រឿង​​ទៀត​​មក​​ដល់​

រថយន្ត​ក្រុង​ថ្មី​ដែល​ជា​ជំនួយ​ឥត​សំណងរបស់​រដ្ឋាភិបាល​ជប៉ុន ត្រូវ​បាននាំមកដល់រាជធានីភ្នំពេញ ចំនួន ២០គ្រឿង/ ៨០គ្រឿង ​ថ្ងៃ​ទី ០៤ ខែ​កក្កដា ឆ្នាំ​២០១៨ (រូបភាព៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ)

សាលា​រាជធានីភ្នំពេញ គ្រោង​ដាក់​ឲ្យ​ដំណើរ​ការរថយន្ត​ក្រុង​សាធារណៈ ២០​គ្រឿង​បន្ថែម​ទៀត បន្ទាប់​ពី​រថយន្ត​ទាំង​នោះ​ដែល​ជា​​ផ្នែក​មួយ​នៃ​ជំនួយ​រថយន្ត​ក្រុង ៨០​គ្រឿង​ពី​ប្រទេស​ជប៉ុន​នោះ ត្រូវ​បាន​ដឹក​ញ្ជូន​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានប្រាប់វីអូឌី​តាមទូរស័ព្ទនៅថ្ងៃនេះថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​កំពុងរៀបចំពីទីតាំងដាក់បណ្ដាញ​រថយន្ត​ក្រុងបន្ថែម ប៉ុន្ដែ លោកថា ​ពុំ​ទាន់ចេញជាផ្លូវការនៅឡើយទេ។

អ្នក​នាំ​ពាក្យ​រូប​នេះ ប្រាប់​ថា ការ​បន្ថែម​ខ្សែ​ដឹក​ជញ្ជូន​សាធារណៈ​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដោយគ្រោងនឹងពង្រីកចំនួនខ្សែ និងបន្ថែមចំនួនខ្សែរត់ត្រង់ចំណុចមមាញឹក ដើម្បីឲ្យពេលវេលានៃការរង់ចាំរបស់ប្រជាពលរដ្ឋកាន់តែខ្លី។

របាយការណ៍សាលាក្រុងរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្ដក្រុង​សាធារណៈ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​​លើ​ផ្លូវ ០៨ខ្សែ​បច្ចុប្បន្ននេះ ប៉ុន្តែ សាលា​រាជធានី​ភ្នំពេញ គ្រោង​បង្កើន​បណ្ដាញ​ដឹក​ជញ្ជូន​ ១​ខ្សែ​ទៀត។

សព្វ​ថ្ងៃ​នេះ សាលា​រាជ​ធានី​ភ្នំពេញ បាន​ដាក់​ឲ្យ​ដំណើរការ​រថយន្ត​ក្រុង​សាធារណៈ​សរុប ១៥៧​គ្រឿង​រួច​មក​ហើយ ដោយ​ក្នុង​នោះ​រថយន្ត​ក្រុង​ចំនួន ១០០​គ្រឿង ជា​ជំនួយ​របស់​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ