ក្រុមហ៊ុន​ Google​ ថា​ការ​ផ្ញើ​សារ​អ៊ីម៉ែល​តាម​ Gmail ​ត្រូវ​បាន​អាន​ដោយ​ភាគី​ទី៣​

gmail

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Google បានអះអាងថា សារអ៊ីម៉ែលលក្ខណៈឯកជន ដែលត្រូវបានផ្ងើនិងត្រូវបានទទួល ដោយអ្នកប្រើប្រាស់គណនី Gmail ជួនកាល គឺអាចត្រូវបានអាន ដោយអ្នកបង្កើតកម្មវិធី (app developers) ដែលជាគីទី៣, ពោលគឺមិនត្រឹមតែត្រូវបានអាន (ត្រួតពិនិត្យទិន្ន័យ) ដោយម៉ាស៊ីនកុំព្យូទ័រនោះទេ។ នេះបើតាមការចុះ​ផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃ៣មិថុនា។

បើតាម BBC រាល់អ្នកប្រើប្រាស់ទាំងឡាយ ដែលបានភ្ជាប់កម្មវិធីនានា (apps) ជាមួយភាគីទី៣ (app developers) ទៅគណនី​របស់​​ពួកគេ ​ប្រហែល​​ជា​ត្រូវបានអនុញ្ញាត​ដោយមិនដឹងខ្លួន ដើម្បីឲ្យភាគីទី៣អានសារអ៊ីម៉ែលរបស់ពួកគេ។

ក្រុមហ៊ុនមួយ បានប្រាប់កាសែត Wall Street Journal ថាការអនុវត្តនេះ គឺជារឿងធម្មតា ហើយវាក៏ជា «រឿងសម្ងាត់ដ៏កខ្វក់»។

ចំណែក ក្រុមហ៊ុ Google បានបង្ហាញថា ការអានសារអ៊ីម៉ែលរបស់អ្នកប្រើប្រាស់គណនី Gmail នេះ មិនបានផ្ទុយ ទៅ​នឹងគោលនយោបាយរបស់ក្រុមហ៊ុនខ្លួននោះទេ ខណៈអ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាម្នាក់z ត្រូវបានដកស្រង់ សម្តីដោយ BBC ថាវា «គួរឱ្យភ្ញាក់ផ្អើល» ដែលក្រុមហ៊ុន Google បានអនុញ្ញាតឲ្យធ្វើបែបនេះ។

បណ្តាញទំនាក់ទំនងផ្ងើសារតាម Gmail គឺជាសេវាកម្មអ៊ីម៉ែល ពេញនិយមបំផុតរបស់ពិភពលោក ដែល​មាន​អ្នក​ប្រើប្រាស់​១,៤ពាន់លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុន Google ។

ក្រុមហ៊ុន Google អនុញ្ញាត​ឱ្យអ្នកប្រើប្រាស់ Gmail ភ្ជាប់គណនីរបស់ពួកគេ ទៅនឹងប្រព័ន្ធគ្រប់គ្រងទិន្ន័យអ៊ីម៉ែល​ដែល​គេដឹងថាជាជនទី៣ ដើម្បីអាចដឹងពីព័ត៌មានរបស់អ្នកប្រើប្រាស់ ដូចជា ការធ្វើផែនការធ្វើដំណើរ និង ការប្រៀបធៀប​តម្លៃ​ទំនិញ​នានាជាដើម។

នៅពេលតភ្ជាប់គណនីមួយទៅគណនីផ្សេងទៀត អ្នកប្រើប្រាស់ ត្រូវបានស្នើសុំឱ្យផ្តល់សិទ្ធិជាក់លាក់ ដែល​ជា​ញឹក​ញាប់​​រួមមានការអនុញ្ញាតឲ្យអានសារ, ផ្ញើសារ, លុបសារ និង គ្រប់គ្រងអ៊ីម៉ែលរបស់អ្នកប្រើប្រាស់។

យោងទៅតាមកាសែត Wall Street Journal, ការអនុវត្តបែបនេះជួនកាល អនុញ្ញាត​ឱ្យបុគ្គលិកដែលជាភាគីទី៣ អាន​អ៊ីម៉ែលអ្នកប្រើប្រាស់។

តំណាងក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលត្រូវបានដកស្រង់សម្តីដោយ BBC បាន​និយាយថា ពួកគេ​មិនបាន​សុំអ្នក ប្រើប្រាស់នូវការអនុញ្ញាតជាក់លាក់ណាមួយ ដើម្បីឲ្យពួកគេអាចអានសារ Gmail នោះទេ ព្រោះការអនុវត្តទាំង អស់នេះ ត្រូវបានយល់ព្រមរួចជាស្រេចដោយកិច្ចព្រមព្រៀងអ្នកប្រើប្រាស់ (user agreements) រួចទៅហើយ។

បើតាម BBC ក្រុមហ៊ុន Google បានអះអាងថា មានតែក្រុមហ៊ុនដែលមានការយល់ព្រម និង បានផ្តល់​ការអនុញ្ញាត​ច្បាស់លាស់ពី Google ​ប៉ុណ្ណោះ អាចចូលពិនិត្យមើល ឬ អាចចូលដំណើរការសារ អ្នកប្រើប្រាស់ប្រាស់។

ជាទូទៅ អ្នកប្រើប្រាស់គណនី Gmail អាចចូលមើលទំព័រផ្នែកពិនិត្យសុវត្ថិភាព (Security Check-up) ដើម្បីដឹងថា តើកម្មវិធីណាខ្លះ ដែលពួកគេបានភ្ជាប់ទៅគណនីរបស់ខ្លួន ហើយអ្នកប្រើប្រាស់អាចលុបនូវអ្វី ដែលពួកគេ មិន​ចង់ចែក​រំលែក​ទិន្នន័យ​ជាមួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ