គម្រោង​​​ត​ភ្ជាប់​​ផ្លូវ​​ដែក​​កម្ពុជា​​ ថៃ​​ឈាន​​ដល់​​ការ​​សម្រេច​​រួម​

លោក ARKHOM TERMPITTAYAPAISITH រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនថៃ បានដឹកនាំគណ:ប្រតិភូ មកជួបពិភាក្សាជាមួយលោក ស៊ុន ចាន់ថុល នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជា និង ថៃ (រូបភាព៖ ហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន)

គម្រោង​តភ្ជាប់​ផ្លូវ​រថ​ភ្លើង​​កម្ពុជា ថៃ​ ឈាន​ដល់​ការ​សម្រេច​រួម​នៅព្រឹក​នេះ ខណៈ​ភាគី​ទាំង​ពីរ​សន្យា​បន្ត​នីតិ​វិធី​ ដើម្បី​ជំរុញ​ឱ្យឲ្យ​មាន​ការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ​ក្នុងពេលខាងមុខ។

បន្ទាប់​ពីជំនួប​ជា​មួយ​រដ្ឋ​មន្ត្រី​សាធារណការ​ថៃ​លោក Arkhom Permpittayapaisith នៅទី​ស្តី​ការ​ក្រសួ​ងសាធារណ​ការ​កម្ពុជា​នៅព្រឹក​នេះ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​​លោក ស៊ុន ចាន់​ថុល មាន​ប្រសាសន៍​ថា គម្រោង​តភ្ជាប់ផ្លូវ​ដែក​កម្ពុជា ថៃ បាន​ឈាន​ដល់កា​រព្រម​ពៀង​រវាង​ភាគីទាំង​ពីរហើយ ដោយ​នៅ​តែ​រង់ចាំ​តែ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​ក្រៅ​ពី​ព្រម​ព្រៀង​ក្នុង​ការ​តភ្ជាប់​ ភាគីប្រទេស​ថៃ​ក៏​យល់​ព្រម​ផ្តល់ដែក​សម្រាប់​ធ្វើ​ផ្លូវ​រថភ្លើងដែល​មាន​ប្រវែង​៦០​គីឡូ​ម៉ែត្រ​មក​កាន់​កម្ពុជាផង​ដែរ។

ពេល​យើង​ចុះ​កិច្ច​ព្រម​ព្រៀង​ចប់ ហើយ​យើង​នឹង​គោរព​អញ្ចើញ សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី គាត់​អញ្ចើញ​នាយក​រដ្ឋ​មន្ត្រីគាត់ជិះរទេះ​ភ្លើង ឆ្លងកាត់​ព្រំដែន​ហើយ​ថ្ងៃ​នោះ​គាត់​ហ្នឹង​ប្រគល់​ក្បាល​រទេះ​ភ្លើង១ និងទូ​រទេះ​ភ្លើង​៤ ហៅថា​ DMU មក​ឲ្យ​យើង​បើ​អាច​ដឹក​ដែក​មក​ឲ្យ​យើង ​គាត់​ក៏​ដឹក​ដែក​មក​ឲ្យ​យើង​តែ​ម្តង។ […] យើង​នឹង​ពិភាក្សា​ រទេះ​ភ្លើង​គាត់​អាច​មក​ដល់​ប៉ោយ​ប៉ែត ឬ​មក​ដល់​ស៊ី​សុផុន យើង​អាច​ទៅដល់​អារញ្ញ​ប្រថេត ឬ​យើង​អាច​ចូល​ដល់​កន្លែង​ណា? យើង​កំពុង​រក​ឯក​ភាព​គ្នា​ថា​គាត់​មក​ដល់​ណា​យើង​មក​ដល់​ណា​? តែ​ប៉ុហ្នឹង​ទេ

រដ្ឋ​មន្ត្រី​ក្រសួង​សាធារណ​ការ​​លោក ស៊ុន ចាន់​ថុល

រដ្ឋ​មន្ត្រីក្រសួង​សាធារណការ​ថៃ​លោក Arkhom Permpittayapaisith មានប្រសាសន៍​ថា​ការត​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​កម្ពុជា ថៃ នឹង​អាច​ផ្តល់​ផល​ប្រយោជន៍ជា​ច្រើន​ដល់​ភាគី​ទាំង​ពីរ ​ពិសេស​គឺ​ការ​​ធ្វើ​ពាណិជ្ជកម្ម។

យើង​អាច​បង្កើន​ការ​ដឹក​ជញ្ជូន​រវាង​ប្រទេស​ទាំង​ពីរ ដូចជា​ផលិត​ផល​ចំណីអាហារ សំភារៈ​សំណង់ ឬប្រេង​ជា​ដើម។ វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​ចំរើនក្នុង​ការ​ដឹក​ជញ្ជូន​ ក៏​ដូចជា​ភ្ជាប់​រវាង​ប្រជា​ពល​រដ្ឋ​ នឹង​ប្រជា​ពល​រដ្ឋ​ដូច​គ្នា។ ខ្ញុំ​សូម​អរគុណ​ដល់​រដ្ឋ​មន្ត្រី​ក្រសួងសាធារណការ​កម្ពុជា ដែល​ធ្វើឲ្យ​សម្រេច​បាន​ការ​ព្រម​ព្រៀង​នេះ

រដ្ឋ​មន្ត្រីក្រសួង​សាធារណការ​ថៃ​លោក Arkhom Permpittayapaisith

អនុស្សរណៈនៃការយោគយល់គ្នា(MOU) អំពីការតភ្ជាប់ផ្លូវដែកកម្ពុជា ថៃ ត្រូវ​បាន​ចុះ​ហត្ថលេខា​តាំង​ពីឆ្នាំ​២០១៥ មក​ម្លេះ ហើយកម្ពុជា​ធ្លាប់​បាន​ប្រកាស​ថា​នឹង​តភ្ជាប់​ឲ្យ​បាននៅ​ត្រឹម​ចុង​ឆ្នាំ​២០១៦ តែ​គម្រោង​នេះ​បាន​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ។

ការ​តភ្ជាប់នេះស្ថិតក្នុងក្របខ័ណ្ឌផ្លូវដែកសិង្ហបុរី-គុនមីងដែលនឹងតភ្ជាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ទៅ​កាន់​ខេត្ត​គុន​មីងប្រទេសចិន។

​ប្រទេស​កម្ពុជា​មាន​ផ្លូវដែក​ ២ ​ខ្សែ​គឺ​ខ្សែ​ទី​ ១ ពី​ភ្នំពេញ​ទៅ​ក្រុង​ប៉ោយប៉ែត​មាន​ចម្ងាយ ៣៨៦ ​គីឡូម៉ែត្រ​ និង​ខ្សែ​ទី​ ២ ពី​ភ្នំពេញ​ទៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​មាន​ចម្ងាយ ២៦៦ ​គីឡូម៉ែត្រ​។

ចំណែក​កំណាត់​ផ្លូវដែក​​ខេត្ត​ពោធិ៍សាត់​ មក​ភ្នំពេញ​ដែល​បើក​ដំណើរការបណ្តោះ​អាសន្ន​កាលពី​ថ្ងៃទី​ ៤ កក្កដា មាន​ប្រវែង ១៦៦ ​​គីឡូម៉ែត្រ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ