ណាជីប រាហ្សាក់​ពី​អ្នក​មាន​អំណាច​ពេញ​ដៃ​ក្លាយ​ជា​ជន​ជាប់ចោទ​​មួយ​ប៉ព្រិច​ភ្នែក​​ក្រោយ​ចាញ់​ឆ្នោត​​

នាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ (រូបភាពពី Reuters)

អតីតនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ ដែលកាន់អំណាចដឹកនាំប្រទេសនេះជិតមួយទសវត្សនោះ បានចាញ់ឆ្នោត កាលពីខែឧសភាកន្លងទៅ និងរងការចោទប្រកាន់ភ្លាមៗ ពីសំណាក់រដ្ឋាភិបាលថ្មី ថា បានរំលោភអំណាច និងមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយក្នុងមូលនិធីវិនិយោគរដ្ឋ ដែលមានទឹកប្រាក់រាប់លានដុល្លារ។

ក្រោយធ្លាក់ចេញពីអំណាចមិនដល់២ខែផង លោក ណាជីប រ៉ាហ្សាក់ បានប្រឈមមុខនឹងរឿងអាស្រូវពុករលួយម្ដងទៀត ដោយនាយករដ្ឋមន្ដ្រីទើបជាប់ឆ្នោត លោក ម៉ាហាធៀ ម៉ូហាម៉ាត់ (Mahathir Mohamad) បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួន លោក ណាជីប នៅឯផ្ទះដ៏ធំស្គឹមស្កៃរបស់លោក កាលពីថ្ងៃទី៣កក្កដា ដែលនេះគឺជាអ្វីដែលលោក ម៉ាហាធៀ បានសន្យាក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

លោក ណាជីប រ៉ាហ្សាក់ គឺជាអតីតអ្នកដែលបានទទួលបានការបណ្ដុះបណ្ដាលពីលោក មហាធៀ ហើយគណបក្សរបស់លោក គឺគណបក្សសហភាព​ជាតិ​ម៉ាឡេ ឬ United Malays National Organization បានទទួលបរាជ័យក្នុងការបោះឆ្នោតទៅគណបក្សប្រឆាំង បើទោះបីមនុស្សភាគច្រើនរំពឹងថា គណបក្សកាន់អំណាចនឹងបន្ដឈ្នះឆ្នោត។

ក្រោយពេលចាញ់ឆ្នោតភ្លាមស្ថាប័នប្រឆាំងអំពើពុករលួយម៉ាឡេស៊ី បានចេញបំរាមហាមឃាត់អតីតនាយករដ្ឋមន្ត្រីរូបនេះ មិនឲ្យចាកចេញពីប្រទេស និងដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេត។​

កាលពីថ្ងៃទី២២មិថុនា លោក ណាជីប រ៉ាហ្សាក់ បានបង្ហាញខ្លួននៅទីស្នាក់ការគណៈកម្មការប្រឆាំងអំពើពុករលួយ ដើម្បឆ្លើយបំភ្លឺពាក់ព័ន្ធសំណុំរឿងកិបកេងថវិការដ្ឋ 1MDB គិតជាទឹកប្រាក់ចំនួន ៤,៥ពាន់លានដុល្លារ និងទឹកប្រាក់ជាង ៧០០លានដុល្លារទៀត ដែលចោទថា លោកបានផ្ទេរចូលក្នុងគណនីផ្ទាល់ខ្លួននៅក្នុងអំឡុងពេលកាន់អំណាច។

សារព័ត៌មាន Straits Times បានចុះផ្សាយថា កាលពីថ្ងៃពុធទី ៤កក្កដានេះ តុលាការម៉ាឡេស៊ីបានសម្រេចចោទប្រកាន់ជាផ្លូវការ ប៉ុន្ដែ លោក ណាជីប បានបង់ប្រាក់ប្រមាណជាង ២៤ម៉ឺនដុល្លារអាមេរិក ដើម្បីបាននៅក្រៅឃុំ ហើយការជំនុំជម្រះក្ដីរបស់លោក នឹងត្រូវប្រព្រឹត្តទៅនៅខែកុម្ភៈឆ្នាំក្រោយឯណោះ។

ទោះជាយ៉ាងណា លោក ណាជីប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញបន្ទប់សវនាការថា នេះគឺជាការសងសឹកផ្នែកនយោបាយរបស់គណបក្សប្រឆាំង ដែលទើបឡើងកាន់អំណាច និងថា លោកមិនមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឡើយ។

ប៉ុន្ដែ សារព័ត៌មាន Straits Times បានដកស្រង់សម្ដីអគ្គព្រះរាជអាជ្ញាទើបតែងតាំងថ្មី លោក Tommy Thomas ដែលនិយាយថា សំណុំរឿងប្រឆាំងលោក ណាជីប គ្មានហេតុផលនយោបាយឡើយ និងធានាពីភាពត្រឹមត្រូវនៃដំណើរការសវនាការ។

រយៈពេល៩ឆ្នាំ នៃការកាន់អំណាច រដ្ឋាភិបាលរបស់លោក ណាជីប រ៉ាហ្សាក់ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ ថា បានប្រើប្រាស់ប្រព័ន្ធច្បាប់ដើម្បីចាប់ចងអ្នករិះគន់ រឹតត្បឹតសិទ្ធិបញ្ចេញមតិលើបណ្ដាញសង្គម ការគំរាមកំហែងលើបណ្ដាញសារព័ត៌មាន និងបញ្ហានិទណ្ឌភាពចំពោះមន្ដ្រីប៉ូលិស ដែលរំលោភសិទ្ធិមនុស្ស។

ក្រៅពីមេដឹកនាំរូបនេះ​​មានមេដឹកនាំពិភពលោកមួួយចំនួនទៀត​ដែលប្រឈមការចោទប្រកាន់រឿងពុករលួយ ក្រោយពីពួកគេអស់អំណាច ដូចជា អតីតប្រធានាធិបតេយ្យឥណ្ឌូណេស៊ី លោក Mohamed Suharto អតីតប្រធានាធិបតេយ្យហ្វីលីពីន លោក Ferdinand Marcos អតីតប្រធានាធិបតេយ្យប៉េរូ លោក Alberto Fujimori និងអតីតនាយករដ្ឋមន្ដ្រីប្រទេសអ៊ុយក្រែន លោក Pavlo Lazarenko ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ