ម្ដាយ​​ឪពុក​​​ អាលីយ៉ា ចេញមុខ​​បំភ្លឺ​​រឿងបោះបង់កូនស្រី

កញ្ញា អាលីយ៉ា

កាលពីថ្ងៃទី៥ កក្កដា ​​គ្រួសារតារាកម្ពុជា ​​និង​អ្នកស្រី​​​ ងិន ​ម៉ានីយ៉ា ម្ដាយ​របស់អតី​ត​ហ្វ្រេស៊ី លោក ថៃ នរៈវិទូ ​​បាន​​​​​​រួមគ្នា​ធ្វើ​ពិធី​បង្សកូល និងវេចង្ហាន់​​​​​​​​​​ប្រគេនព្រះសង្ឃ​​​​​​​​​ក្នុងទ្រង់ទ្រាយ​ធំមួយ​នៅ​វត្តទួល ទីដែល​បូជាសពនាង ដើម្បី​​​អបអរ​ថ្ងៃខួប​គម្រប់​​វ័យ​​៤០នាង បន្ទាប់ពី​​​​​​បុណ្យ៧​ថ្ងៃរបស់នាង ទើបនឹងត្រូវ​បានបញ្ចប់​​​​​​មួយថ្ងៃ ​។

នៅក្នុងពិធីនោះ ​ឪពុកម្ដាយបង្កើតរបស់នាង ក៏បានបង្ហាញខ្លួន​​ផងដែរ ដោយបានចេញមុខ​​ឆ្លើយ​តបជុំវិញ​ការ​​​​ចុះ​ផ្សាយ​ថា​​​អ្នកទាំងពីរ​​បោះបង់​នាង​តាំងពី​​ពេលកើតនៅនឹងពេទ្យនោះផង។

អ្នកស្រី សូយ ហោ ​វ័យ​​៦១​ឆ្នាំ ​ជាម្ដាយបង្កើតរបស់​កញ្ញាអាលីយ៉ា បានថ្លែងបញ្ជាក់ថា ​ក្នុងពេលដែល​កញ្ញាអាលីយ៉ា មានវ័យ​បាន​​៩ខែ អ្នកស្រី និងស្វាមី​ក៏បែក​បាក់គ្នា ហើយនៅក្នុងពេលនោះ ​អ្នកស្រី​សម្រេច​ចិត្តយក​កូន​ប្រុស​ទៅរស់នៅ​ខេត្តប៉ៃលិន ហើយប្រគល់​​​​​​កញ្ញា​អាលីយ៉ា ​អោយ​​ទៅ​​​លោក​ ចក់ ស៊ីផុន ​ជា​​ឪពុករបស់​នាង ហើយបន្ត​បន្ទាប់មក​អ្នកស្រី​ក៏ដាច់ទំនាក់ទំនងជាមួយនាង ដោយ​សារតែ​​​​ខឹងអតីតស្វាមី​​ផង និង​​ដោយសារតែគិតថា​​​​​កូនស្រី​​​​រស់នៅក្រោម​​បន្ទុករបស់​​​​​អតីតស្វាមី​ហើយ។

អ្នកស្រី​​ថា​​​​​​​​​ខ្លួនមិនបាន​បង្កើតកូន​​ស្រី ហើយបោះ​ចោលនៅនឹងពេទ្យកាល់ម៉ែត្រ​ដូចការ​​ចុះផ្សាយនោះទេ ​ហើយអ្នកស្រី​ក៏មិនបានបោះបង់​​​​កូនស្រីចោលដែរ ប៉ុន្តែក្រោយពី​​​​​ប្រគល់អោយអតីតស្វាមី ​​​​​អ្នកស្រីក៏មានជីវភាព​លំបាក ហើយ​មិន​ដឹងទំនាក់ទំនងមករក​របៀបណា​ក៏​ដាច់​​ទំនាក់ទំនងឈឹង។ យ៉ាងណាមិញ ក្រោយពេលកូនស្រី​បានក្លាយជាតារា​សិល្បៈ អ្នកស្រី​ស៊ើបដឹង​ថា​នាង​គឺជាកូនស្រី ​អ្នកស្រី​បានស្កាត់ទៅដល់សៀម​​រាប​ដើម្បី​​​​​ចង់​ជួប តែត្រូវនាងបដិសេធមិនជួប និង​​​​ឃ្លៀងគ្នារហូតដល់ថ្ងៃ​នាង​ស្លាប់ទើបដឹង​។ ​

ដោយឡែក លោក ចក់ ស៊ីផុន វ័យ​​៦១ឆ្នាំ​ដូច​គ្នា ជាឪពុកបង្កើត​​របស់នាង​បានថ្លែង​​បញ្ជាក់ថា ​​​​ក្នុងពេល​​​​អតីត​ភរិយា​ប្រគល់​កូនស្រី​អោយលោក ​ជីវភាពរបស់លោកនៅក្នុងពេលនោះ​​​គឺលំបាក​យ៉ាង​ខ្លាំង ទើបលោកប្រគល់​អោយ​​​​ឪពុកបង្កើតចិញ្ចឹម ​ហើយ​​​ដោយសារតែ​​​ឪពុក​របស់លោកក៏​ទ័លដៃទ័លជើង​ខ្លាំងដែរ ទើបក្រោយពេលមាន​មិត្ត​ភ័ក្រ្ត​​ឪពុក​សុំ​យកទៅធ្វើកូន ​​​ឪពុករបស់លោក និងលោក ក៏​​ឯកភាព​​​គ្នាប្រគល់អោយ​ដើម្បីអោយនាង​​មាន​​​ការ​រស់នៅបានសមរម្យ។ យ៉ាងណាមិញ លោកថា​មិនបានបោះបង់កូនស្រីនោះទេគឺនោះតែ​ស្កាត់ទៅជួប​នាង​ និង​យក​លុយ​អោយនាង​ចាយ​ជាប្រចាំជាពិសេស​ក្នុងពេលដែល​​ឪពុកម្ដាយចិញ្ចឹមរបស់​នាង​​អោយនាង​ឈរ​លក់សាំង​ដប​​​។ ​

លោកថា​​​​​ខ្លួន និង​អាលីយ៉ា ​​មានទំនាក់ទំនង​ និង​​បានជួប​គ្នា​ជារឿយ​ៗនោះទេ ​បើទោះជា​​​ទំនាក់ទំនង​​នៅក្នុងពេលនោះ គឺអាលីយ៉ា ត្រូវបានហាមប្រាមដោយ​គ្រួសារ​អ្នកចិញ្ចឹម​មិនសូវ​​​ចង់អោយស្គាល់លោក​​ អ៊ីចឹងហើយទើប​​លោក​លែងសូវ​បានចេញ​ចូល ហើយក្រោយ​មក​នាងក៏ត្រូវ​ឪពុក​ម្ដាយ​ផ្លាស់អោយទៅរស់នៅ​​​​​​​ឆ្ងាយ ធ្វើអោយលោក​​​​ពិបាកទាក់ទង។ លោកថា​​​​​ក្រោយពេល​​នាង​បានក្លាយជា​តារា​សិល្បៈ ​លោក​កាន់តែស្កាត់ទៅជួប​នាង​​ញឹកញាប់ ប៉ុន្តែនាងមិនសូវ​ចង់ជួប​​ទេ ​ហើយលោកក៏កាន់តែខ្មាស់​នៅពេល​​​​​​អ្នកជុំវិញ​នាងថា​​និយាយថា​លោកចង់ជួប​ព្រោះតែចង់សុំ​លុយ​សុំកាក់ ទើបលោកសម្រេច​ចិត្ត​មិនទៅរកតែម្ដង គឺគេចពីនាង​រហូត​ដល់ថ្ងៃ​​​មានដំណឹងថា​​នាងឈឺធ្ងន់ ទើប​​​​​​រត់ទៅមើលដល់ពេទ្យ។

លោកថានៅថ្ងៃដែលលោកទៅ​សួរ​សុខ​​ទុក្ខនាងនៅពេទ្យ នាង​​​​​​សម្រាន​លក់​អត់បាន​​ជជែកគ្នានោះទេ ​ដោយបានត្រឹមតែយក​​​​​​​​របស់បន្តិច​បន្តួច ហើយទុក​​ផ្ញើអោយ​​​​​​ប៉ុណ្ណោះ។ លោកថា​លោកមិន​បាន​​បោះបង់​នាង​ទេ  ​ហើយបើកុំតែក្នុងពេលនោះ លោក និងភរិយា​​​មាន​វ័យ​២០ឆ្នាំ​​​​ ​និងមិនទាន់ចេះគិត​​ គឺប្រហែលមិនដាច់ដោចគ្នា និង​​​​ធ្វើអោយកូនបែក​បាក់គ្នាឡើយ៕

ម្ដាយឪពុករបស់ អាលីយ៉ា
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ