ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង​រម្លឹក​ខួប​២​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​លោក កែម ឡី

ពលរដ្ឋខ្មែរនៅកូរ៉េធ្វើពិធីរំលឹកខួប២ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី (រូបភាព៖​ ហ្វេស ប៊ុក Chamroeun Nhay)

ពលរដ្ឋខ្មែរដែលរស់នៅនិង​ធ្វើការនៅប្រទេសកូរ៉េខាងត្បូង បាននាំគ្នារៀបចំពិធីរម្លឹកខួប២ឆ្នាំនៃឃាតកម្មបាញ់សម្លាប់អ្នក​វិភាគ​នយោបាយ​លោក​ កែម ឡី។

អ្នក​រៀបចំ​កម្មវិធី លោក យឹម ស៊ីណន ដែល​ជា​ប្រធាន​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​​ប្រចាំ​នៅ​កូរ៉េខាង​ត្បូង បាន​ប្រាប់​វីអូឌី​តាម​បណ្ដាញ​សង្គម​ថា ពលរដ្ឋ​ខ្មែរ​ប្រហែល១០០​នាក់ ដែល​កំពុង​ធ្វើការងារ​នៅ​តំបន់​អ៊ូលសាន បាន​រៀបចំ​ពិធី​តាម​បែប​ពុទ្ធសាសនា​ ដើម្បី​រម្លឹក​ដល់​លោក កែម ឡី ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ខែ​កក្កដាឆ្នាំ​២០១៦។

លោក ស៊ីណន បានឲ្យដឹងថា ពីធីនេះត្រូវ​បាន​រៀបចំ​ឡើង​ទ្រង់​ទ្រាយ​តូច​ប៉ុណ្ណោះ ដើម្បី​ដឹងគុណដល់ការលះបង់ជីវិតរបស់លោកបណ្ឌិត កែម  ឡី ក្នុងការតស៊ូមតិដើម្បីប្រជាធិបតេយ្យសម្រាប់​កម្ពុជា។

ដោយឡែកកាលពីម្សិលមិញ ពលរដ្ឋខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី និង​សហរដ្ឋអាមេរិកក៏បានធ្វើពិធីរម្លឹក​ខួប ២ឆ្នាំនៃការបាត់បង់លោកបណ្ឌិត កែម ឡី ផងដែរ ដោយពួកគេបានលើកយកសកម្ម​ភាព និង​ស្នាដៃស្រាវជ្រាវជាច្រើនដែលអ្នក​វិភាគ​នយោបាយ​រូប​នេះ បានធ្វើ និងពលីដើម្បីបុព្វហេតុជាតិ។

លោក កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី១០ខែកក្ដដាឆ្នាំ២០១៦ នៅក្នុងហាងកាហ្វេ​ស្ដារម៉ាត់ ស្ថិត​ក្នុង​ការ៉ាស់សាំងកាល់តិច ម្ដុំ​ស្តុបបូកគោ។

ក្រោយឃាតកម្មបាញ់សម្លាប់រហូតមកដល់ថ្ងៃនេះ មានតែខ្មាន់កាំភ្លើងឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា «ជួបសម្លាប់» តែម្នាក់ប៉ុណ្ណោះត្រូវបានចាប់ខ្លួន និងកាត់ទោសក្នុងករណីឃាតកម្មលើអ្នកវិភាគបញ្ហាសង្គមលោក បណ្ឌិត កែម ឡី។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ