ជប៉ុន​​ចង់​​ឲ្យ​​មាន​​ការ​​ចរចា​​នយោបាយ​នៅ​​កម្ពុជា​​ឡើង​​វិញ​នៅ​​មុន​ការ​​បោះឆ្នោត​

UN Live United Nations Web TV – Human Rights Treaty Bodies – Item:10 General Debate (Cont’d) – 35th Meeting, 38th Regular Session Human Rights Council

តំណាងបេសកម្ម​ជប៉ុន​ប្រចាំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ថ្លែង​ទៅ​កាន់​កិច្ចប្រជុំ​នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​កាល​ពី​សប្តាហ៍​មុន​ ដោយ​ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា ​​ចរចារ​នយោបាយ​​ឡើង​វិញ​ នៅ​​មុន​ការ​បោះឆ្នោត​នៅ​ចុង​ខែ​នេះ។

តំណាង​ប្រទេស​ជប៉ុន​ ​លោក​ស្រី Mitsuko Shino បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី ៣៥ នៃ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​ នៅ​ទីក្រុង​ហ្សឺណែវ កាលពី​ថ្ងៃ​ទី៥ កក្កដា ដោយថា​ ប្រទេស​ជប៉ុន​បានព្រួយ​​បារម្ភចំពោះ​ស្ថាន​ភាព​នយោបាយ និង​សិទ្ធិសេរីភាព​សង្គម​ស៊ីវិល​​នៅ​កម្ពុជា បន្ទាប់​ពី​រដ្ឋា​ភិ​បាល​​កម្ពុជាបាន​សម្រេច​រំលាយ​​បក្ស​សង្គ្រោះ​​ជាតិចេញពីឆាក​នយោបាយ។

តំណាង​ប្រទេស​ជប៉ុនរូប​នេះ ​បាន​ជំរុញឲ្យ​មាន​ការ​ចរចារ​នយោបាយនៅកម្ពុជា​ឡើង​វិញ ​ដើម្បី​ធានាដល់​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​។

រដ្ឋាភិបាល​ជប៉ុន​ស្នើ​ឲ្យ​គ្រប់​ភាគី​ទាំងអស់​ប្រឹងប្រែង​ខ្លាំង​បំផុត​ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​បច្ចុប្បន្ន​។ មាន​ពេលវេលា​នៅ​សល់​តិច​ណាស់​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ដែល​នឹង​មក​ដល់​នៅ​ចុង​ខែ​នេះ​។ យើង​ស្នើ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដោយ​រដ្ឋាភិបាល​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ធានាថា ការបោះឆ្នោត​ជាតិ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លក្ខណៈ​ត្រឹមត្រូវ​ ដែល​​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ

តំណាងបេសកម្ម​ជប៉ុន​ប្រចាំក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ លោក​ស្រី Mitsuko Shino

នៅ​ថ្ងៃ​ជា​មួយ​គ្នា​នោះ ​តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​ លោក ណី សំអុល បាន​​ឆ្លើយ​តបវិញ​​​ថា កម្ពុជា​បច្ចុប្បន្ន​ បាន​អនុវត្ត​​យ៉ាង​ត្រឹម​ត្រូវ​នូវ​លិទ្ធិប្រជា​ធិបតេយ្យ​សេរីពហុបក្ស ហើយ​ពល​រដ្ឋ​មាន​សិទ្ធិ​បោះឆ្នោតជ្រើស​តំណាង​ខ្លួន​ដោយ​សេរី។ លោក​បន្ថែម​ថា ​ការ​ចង់​ឲ្យកម្ពុជា​រក្សាបាន​នូវ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និងយុត្តិធម៌ ​អន្តរជាតិ​ និង​អ្នក​ព្រួយ​បារម្ភ​ទាំង​នោះ​​ផ្តល់​ការ​គាំទ្រ និង​ឧបត្ថម្ភ​មក​កម្ពុជានៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះឲ្យ​កាន់​តែ​ខ្លាំង​។

ការ​បោះឆ្នោត​ដែល​នឹង​ឈាន​មក​ដល់​នៅ​ថ្ងៃទី​២៩ កក្កដា ខាង​មុខ​នេះ ​ដែល​មាន​ការ​ចូល​រួម​ពី​គណ​បក្ស​នយោ​បាយ​​ចំនួន ​២០ ដែល​បាន​ចុះ​ឈ្មោះធ្វើ​ការ​ប្រកួតប្រជែង លើកលែង​តែ​គណបក្សមួយប៉ុណ្ណោះ ដែលត្រូវ​បាន​រំលាយដោយ​សាល​ដីការតុលាការ​កំពូលដែល​មាន​លក្ខណៈច្បាប់​សុទ្ធសាធ ហើយ​មិន​អនុញ្ញាតឲ្យ​មាន​ការ​ប្តឹង​ជនុំ​ជម្រះ​ករណី​ឡើង​វិញឡើយ ហើយ​រដ្ឋាភិបាល​ ឬ​គណៈបក្សកាន់​អំណាច​មិន​មាន​តួនាទី​អ្វី​ក្នុង​ការ​អន្តរាគមពាក់​ព័ន្ធ​ នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ឡើយ

​តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជា​ជាតិ​ លោក ណី សំអុល

អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ថា ​ការ​លើក​ឡើង​របស់​ប្រទេស​ជប៉ុន​ គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​​តែ​ប៉ុណ្ណោះ ដែល​មិន​អាច​ចាប់​បង្ខំ​ឲ្យ​កម្ពុជា​ធ្វើ​តាម​ការ​លើក​ឡើង​នេះ​បាន​នោះ​ទេ។

ការ​ដែល​មាន​ការ​សំណូម​ពរ​ចង់​ឲ្យ​មាន​ការ​ចរចារ​ពីកន្លែង​ណា វា​ជា​ការ​រំលោភ​លើ​នីតិរដ្ឋ​​កម្ពុជា ហើយ​បើ​រំលោភ​លើ​នីតិ​រដ្ឋ​នៅ​កម្ពុជា​ក៏​ជា​ការ​រំលោភប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែរ។ អញ្ចឹង ​យើង​មិន​អាច​រំ​លោភ​លើ​លទ្ធិប្រជា​ធិប​តេយ្យ​​ដែល​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​បាន​ទេ ហើយ​ក៏​មិន​អាចរំលោភនីតិរដ្ឋ​ដែល​កម្ពុជា​កំពុងតែ​ខិត​ខំពង្រឹងដើម្បីថែរក្សា​លិទ្ធិប្រជា​ធិបតេយ្យ​ឲ្យ​គង់​វង្សក៏​ដូចជា​ថែ​រក្សា ស្ថេរភាព សន្ថិភាព​នយោបាយ​នៅ​ក្នុងប្រទេស​កំពុង​តែ​មាន​ការ​រីក​ចម្រើន​រឹង​មាំ​នាពេល​បច្ចុប្បន្ន​ និង​ទៅអនាគត​ផង​ដែរ

អ្នក​នាំពាក្យ​គណបក្សប្រជា​ជន​កម្ពុជា លោក សុខ ឥសាន

ប្រទេសជប៉ុន​បាន​ជំរុញ​ជា​បន្ត​បន្ទាប់​មក​រដ្ឋាភិបាល​កម្ពុជា ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ ខណៈ​ដែល​ជប៉ុន​លើក​ឡើង​ផង​ដែរ​ថា មិន​ចង់​ឃើញ​កម្ពុជា​ប្រឈម​មុខ​នឹង​ការ​រិះ​គន់​ពី​អន្តរជាតិ​នោះ​ឡើយ។

កាលពី​ខែ​មេសា​កន្លង​ទៅ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក​ហង្ស វិទូ​ លើក​ឡើង​ថា ការ​ដែល​ជប៉ុន​ព្យាយាមជំរុញកម្ពុជា​ម្តងហើយម្តងទៀត ឲ្យស្តារ​ប្រ​ជាធិប​តេយ្យឡើ​ងវិញនេះ លោកថា ទំនង​ជាជ​ប៉ុ​ន​ដឹង​មុនថា ខ្លួន​កំពុង​តែឈរនៅចំណុចណា ហើយកម្ពុជាកំពុង​ត្រូវការ​អ្វីពិតប្រាកដពីជប៉ុ​ន។

ខ្ញុំយល់ឃើញថា ទោះចង់មិនចង់ ជប៉ុនមានឥទ្ធិពលទី២​បន្ទាប់ពីចិន ដូច្នេះ ជប៉ុនគេដឹងថា គេ​មាន​ឥទ្ធិ​ពល​ប៉ុណ្ណា​។ អញ្ចឹង​ហើ​​យបានជាជប៉ុនម្តងហើយម្តងទៀត ជប៉ុនតែងតែក្រើនរំឭក​កម្ពុជាហ្នឹ​ង​ឲ្យវិល​ទៅ​​រក​តុចរចាវិញ

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក​ហង្ស វិទូ

ស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ត្រូវ​បាន​វាយតម្លៃដោយ​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា កាន់​តែ​អាក្រក់​ទៅ​នៅមុនការបោះឆ្នោតខែកក្កដានេះ។

ប្រទេសលោកសេរីមួយចំនួន រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ៤៥ នៅក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជាជាតិ បានព្រមានថា ការបោះឆ្នោតខាងមុខ ពុំអាចទទួលយកបានឡើយ បើគ្មានគណបក្សសង្គ្រោះជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ