រដ្ឋាភិបាល​​ណែនាំ​​ទៅ​​និយោជក​​ទាំង​​អស់​​ឲ្យ​​បើក​​ប្រាក់​​ឈ្នួល​​ដល់​​កម្មករ​​៣​​ថ្ងៃ​​មុន​​​បោះឆ្នោត​

ក្រុម​កម្មករ​រោង​ចក្រ​កាត់ដេរ ​​ធ្វើការ​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ (វីអូឌី)

រដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ទៅ​ដល់​និយោជក​ទាំង​អស់ ឲ្យ​បើក​ប្រាក់​ឈ្នួល​ដល់​បុគ្គលិក និង​កម្មករ​របស់​ខ្លួន នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ ដោយ​ថា ដើម្បី​សម្រួល​ដល់​ការ​ចូល​រួម​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ។

សេចក្តីជូនដំណឹងនៅថ្ងៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជម្រាបដល់ម្ចាស់ និងនាយកសហគ្រាសទាំងអស់ ឲ្យ​រៀបចំបើកប្រាក់ឈ្នួលឲ្យកម្មករនិយោជិត ឲ្យបានមុនថ្ងៃទី២៧ ខែកក្កដា ដើម្បីបង្ក​លក្ខណៈងាយស្រួលដល់ពួកគេក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។

ក្រសួង​បញ្ជាក់ទៀតថា ប្រសិនបើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេល​ទេ ក្រសួងស្នើ​ទៅ​និយោជក ឲ្យ​ផ្ដល់​ប្រាក់​បុរេ​ប្រទាន​យ៉ាង​តិច ៥០​ភាគរយ​ដល់​កម្មករ​និយោជិត នៅ​មុនថ្ងៃទី២៧ ខែកក្កដាដែរ។

កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិលើកទី៦ នៅថ្ងៃទី២៩ កក្កដា​ខាង​មុខ​នេះ ដោយមានគណបក្សនយោបាយចំនួន ២០ បាន​ចុះ​ឈ្មោះ​ចូលរួមប្រកួតប្រជែង​រួច​រាល់​ហើយ។

កាលពីខែមុន ក្រសួងដដែល​នេះ ក៏បានជូនដំណឹងឲ្យម្ចាស់សហគ្រាសទាំងអស់ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន ៣ថ្ងៃ ដើម្បីបានចូលរួមការបោះឆ្នោតខាងមុខនេះ  ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ កម្មករឈប់សម្រាកបានតែនៅថ្ងៃបោះឆ្នោត​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ